“ចូរអ្នកទៅដោយនាំយកស្បែកជើងទាំងពីររបស់ខ្ញុំនេះទៅជាមួយ។…

“ចូរអ្នកទៅដោយនាំយកស្បែកជើងទាំងពីររបស់ខ្ញុំនេះទៅជាមួយ។ ជនណាក៏ដោយនៅពីក្រោយរបងនេះដែលអ្នកបានជួបដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត ចូរអ្នកផ្តល់ដំណឹងរីករាយដល់គេនូវឋានសួគ៌

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ពួកយើងធ្លាប់បានអង្គុយនៅក្នុងក្រុមមួយជាមួយនឹងរ៉ស៊ូលុលឡោះ ﷺ ហើយនៅជាមួយពួកយើងក៏មានអាពូហ្ពាកើរ និងអ៊ូមើរផងដែរ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានក្រោកដើរចេញពីពួកយើង។ លោកបានចាកចេញពីពួកយើងយ៉ាងយូរ។ ហើយពួកយើងបារម្ភខ្លាចមានអ្វីកើតឡើងចំពោះលោក។ ពួកយើងមានការភ័យខ្លាច ហើយពួកយើងក៏បានក្រោកឡើងទៅរកលោក។ រូបខ្ញុំ គឺជាអ្នកដំបូងគេដែលភ័យខ្លាច។ ភ្លាមៗនោះ ខ្ញុំក៏បានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ រហូតដល់ខ្ញុំបានទៅដល់ចម្ការមួយរបស់ពួកអាន់សរដែលមានរបងព័ទ្ធជុំវិញដែលជាកម្មសិទ្ធិរបស់អម្បូរអាន់ណាច់ជើរ។ ខ្ញុំបានដើរជុំវិញរបង ដោយសង្ឃឹមថាខ្ញុំនឹងអាចរកឃើញទ្វារចូល ប៉ុន្តែខ្ញុំរកមិនឃើញ។ វាមានតែប្រឡាយតូចចង្អៀត(ប្រឡាយទឹកតូចមួយ)ដែលចូលទៅក្នុងចម្ការតាមអណ្តូងខាងក្រៅ។ ខ្ញុំបានចូលទៅជួបរ៉ស៊ូលុលឡោះ ﷺ ។ លោកបានសួរថា៖ “អាពូហ៊ូរ៉យរ៉ោះ”? ខ្ញុំបានឆ្លើយថា៖ បាទ រ៉ស៊ូលុលឡោះ។ លោកបានសួរថា៖ “តើអ្នកមានបញ្ហាអ្វី”? គាត់បានឆ្លើយថា៖ លោកបានអង្គុយជាមួយនឹងពួកយើង។ ក្រោយមក លោកបានក្រោកចេញ និងបានចាកចេញពីពួកយើងយ៉ាងយូរ ហើយពួកយើងបារម្ភខ្លាចមានអ្វីកើតឡើងចំពោះលោក។ ពួកយើងមានការភ័យខ្លាច ហើយពួកយើងក៏បានក្រោកឡើងទៅរកលោក។ រូបខ្ញុំ គឺជាអ្នកដំបូងគេដែលភ័យខ្លាច ហើយខ្ញុំក៏បានមកដល់របងនេះ ហើយព្យាយាមលួចចូលដូចចចក ខណៈដែលមនុស្សទាំងនោះនៅពីក្រោយខ្ញុំ។ ពេលនោះ លោកបានមានប្រសាសន័ថា៖ “ឱអាពូហ៊ូរ៉យរ៉ោះ” ហើយលោកក៏បានឲ្យស្បែកជើងទាំងពីររបស់លោកមកខ្ញុំ។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកទៅដោយនាំយកស្បែកជើងទាំងពីររបស់ខ្ញុំនេះទៅជាមួយ។ ជនណាក៏ដោយនៅពីក្រោយរបងនេះដែលអ្នកបានជួបដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត ចូរអ្នកផ្តល់ដំណឹងរីករាយដល់គេនូវឋានសួគ៌”។ អ្នកដែលខ្ញុំបានជួបមុនគេ គឺអ៊ូមើរ។ គាត់បានសួរថា៖ តើស្បែកជើងទាំងពីរនេះជាអ្វី? ខ្ញុំបានឆ្លើយថា៖ ទាំងពីរនេះ ជាស្បែកជើងរបស់រ៉ស៊ូលុលឡោះ ﷺ។ លោកចាត់តាំងខ្ញុំឲ្យនាំយកស្បែកជើងទាំងពីរនេះប្រាប់ដល់អ្នកដែលខ្ញុំបានជួបថា ជនណាដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត គឺខ្ញុំត្រូវផ្តល់ដំណឹងរីករាយដល់គេនូវឋានសួគ៌។ វាយដើមទ្រូងរបស់ខ្ញុំទាំងពីរដោយដៃរបស់គាត់រហូតដល់ខ្ញុំដួលទៅក្រោយ ហើយគាត់ក៏បាននិយាយថា៖ ឱអាពូហ៊ូរ៉យរ៉ោះ! ចូរអ្នកត្រឡប់ទៅវិញ។ ពេលនោះ ខ្ញុំក៏បានត្រឡប់ទៅជួបរ៉ស៊ូលុលឡោះ ﷺ វិញដោយទឹកមុខត្រៀមខ្លួនជាស្រេចដើម្បីយំខណៈពេលដែលអ៊ូមើរដើរតាមខ្ញុំពីក្រោយ។ នៅពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានសួរថា៖ “ឱអាពូហ៊ូរ៉យរ៉ោះ! តើអ្នកមានរឿងអ្វី”? ខ្ញុំបានឆ្លើយថា៖ ខ្ញុំបានជួបអ៊ូមើរ ហើយខ្ញុំបានប្រាប់គាត់នូវរឿងដែលលោកចាត់តាំងខ្ញុំទៅ។ ពេលនោះ អ៊ូមើរបានវាយដើមទ្រូងរបស់ខ្ញុំទាំងពីរដោយដៃរបស់គាត់រហូតដល់ខ្ញុំដួលទៅក្រោយ ។ លោកបានមានប្រសាសន៍ថា៖ ចូរអ្នកត្រឡប់ទៅវិញ។ រ៉ស៊ូលុលឡោះ ﷺ ក៏បានមានប្រសាសន៍ថា៖ “ឱអ៊ូមើរ! តើអ្វីដែលនាំឲ្យអ្នកធ្វើបែបនេះ”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ សូម្បីឪពុកម្តាយរបស់ខ្ញុំត្រូវលះបង់សម្រាប់អ្នក! ។ តើលោកចាត់តាំងអាពូហ៊ូរ៉យរ៉ោះដោយនាំទៅជាមួយនូវស្បែកជើងទាំងពីររបស់លោកឲ្យប្រាប់អ្នកដែលគេបានជួបថា ជនណាដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត គឺគេត្រូវផ្តល់ដំណឹងរីករាយដល់ជននោះនូវឋានសួគ៌ឬ? លោកបានឆ្លើយថា៖ “បាទ(ពិតមែនហើយ)”។ អ៊ូមើរបាននិយាយថា៖ ដូច្នេះ សូមលោកកុំធ្វើ(បែបនេះ) ពីព្រោះខ្ញុំបារម្ភខ្លាចមនុស្សផ្តេកផ្តួលលើវា។ ហេតុនេះ សូមលោកបណ្តោយពួកគេឲ្យសាងកុសលចុះ។ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ “ដូច្នេះ បណ្តោយពួកគេចុះ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានអង្គុយជាមួយសហាហ្ពាត់របស់លោកមួយក្រុម ក្នុងចំណោមនោះ ក៏មានអាពូហ្ពាកើរ និងអ៊ូមើរផងដែរ។ ពេលនោះ ណាពី ﷺ ក៏បានក្រោកចេញ ហើយបានចាកចេញពីពួកគេយ៉ាងយូរ។ បណ្តាសហាហ្ពាត់មានការបារម្ភខ្លាចលោកជួបរឿងមិនល្អណាមួយពីសំណាក់សត្រូវ មិនថាជាការជាប់ឃុំឃាំង ឬផ្សេងទៀតនោះឡើយ។ ពេលនោះ សហាហ្ពាត់ رضي الله عنه បានក្រោកឈរដោយភាពភ័យខ្លាច ហើយអ្នកដំបូងគេដែលភ័យខ្លាចនោះ គឺអាពូហ៊ូរ៉យរ៉ោះ رضي الله عنه។ គាត់ក៏បានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ រហូតដល់គាត់បានទៅដល់ចម្ការមួយរបស់អម្បូរអាន់ណាច់ជើរ។ គាត់ក៏បានដើរជុំវិញចម្ការនោះក្រែងលោប្រទះឃើញទ្វារណាមួយចំហ តែគាត់មិនឃើញសោះ។ ក៏ប៉ុន្តែគាត់បានឃើញប្រឡាយតូចមួយនៅឯរបងនៃដែលទឹកចូលតាមនោះបាន។ គាត់ក៏បានបង្រួមខ្លួនឲ្យតូច រហូតដល់គាត់បានចូលទៅជួបនឹងណាពី ﷺ។ ពេលនោះ លោកបានសួរទៅកាន់គាត់ថា៖ អ្នកជាអាពូហ៊ូរ៉យរ៉ោះឬ? គាត់បានឆ្លើយថា៖ បាទ។ លោកបានសួរថា៖ តើអ្នកមានបញ្ហាអ្វី? អាពូហ៊ូរ៉យរ៉ោះបានឆ្លើយថា៖ លោកបានអង្គុយជាមួយនឹងពួកយើង។ ក្រោយមក លោកបានក្រោកចេញ និងបានចាកចេញពីពួកយើងយ៉ាងយូរ ហើយពួកយើងបារម្ភខ្លាចលោកត្រូវបានអ្នកផ្សេងក្រៅពីពួកយើងគ្រប់គ្រង។ ពួកយើងមានការភ័យខ្លាច ហើយរូបខ្ញុំ គឺជាអ្នកដំបូងគេដែលភ័យខ្លាច។ ខ្ញុំក៏បានមកដល់របងនេះ ហើយចូលដូចចចកលួចចូល ខណៈមនុស្សទាំងនោះនៅពីក្រោយខ្ញុំ។ ពេលនោះ ណាពី ﷺ ក៏បានឲ្យស្បែកជើងទាំងពីររបស់លោកទៅអាពូហ៊ូរ៉យរ៉ោះ ជាសញ្ញាសម្គាល់ថា គាត់ជាមនុស្សសច្ចៈ ហើយលោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ ចូរអ្នកទៅដោយនាំយកស្បែកជើងទាំងពីររបស់ខ្ញុំនេះទៅជាមួយ។ ជនណាក៏ដោយនៅពីក្រោយរបងនេះដែលអ្នកបានជួបដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត ជនណាហើយដែលមានលក្ខណៈសម្បត្តិបែបនេះ គឺរូបគេស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ អ្នកដែលអាពូហ៊ូរ៉យរ៉ោះបានជួបមុនគេ គឺអ៊ូមើរ។ គាត់បានសួរថា៖ ឱអាពូហ៊ូរ៉យរ៉ោះ! តើស្បែកជើងទាំងពីរនេះជាអ្វី? គាត់បានឆ្លើយថា៖ ទាំងពីរនេះ ជាស្បែកជើងរបស់រ៉ស៊ូលុលឡោះ ﷺ។ លោកចាត់តាំងខ្ញុំឲ្យនាំយកស្បែកជើងទាំងពីរនេះប្រាប់ដល់អ្នកដែលខ្ញុំបានជួបថា ជនណាដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត គឺខ្ញុំត្រូវផ្តល់ដំណឹងរីករាយដល់គេនូវឋានសួគ៌។ ពេលនោះ អ៊ូមើរបានរុញទ្រូងអាពូហ៊ូរ៉យរ៉ោះដោយដៃរបស់គាត់ ដូច្នេះគាត់បានដួលទៅក្រោយ។ហើយគាត់បាននិយាយថា៖ ឱអាពូហ៊ូរ៉យរ៉ោះ! ចូរអ្នកត្រឡប់ទៅវិញ។ ពេលនោះ អាពូហ៊ូរ៉យរ៉ោះក៏បានត្រឡប់ទៅជួបណាពី ﷺ វិញដោយភាពភ័យខ្លាច ប្រែទឹកមុខចង់យំ ហើយអ៊ូមើរក៏បានដើរតាមពីក្រោយគាត់ផងដែរ។ នៅពេលនោះ ណាពី ﷺ លោកបានសួរថា៖ ឱអាពូហ៊ូរ៉យរ៉ោះ! តើអ្នកមានរឿងអ្វី? គាត់បានឆ្លើយថា៖ ខ្ញុំបានជួបនឹងអ៊ូមើរ ហើយខ្ញុំបានប្រាប់គាត់នូវរឿងដែលលោកចាត់តាំងខ្ញុំទៅ។ ពេលនោះ អ៊ូមើរបានវាយខ្ញុំរហូតដួលទៅក្រោយ ហើយបាននិយាយថា៖ ចូរអ្នកត្រឡប់ទៅវិញ។ ណាពី ﷺ ក៏បានសួរថា៖ ឱអ៊ូមើរ! តើអ្វីដែលនាំឲ្យអ្នកធ្វើបែបនេះ? អ៊ូមើរបានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ សូម្បីឪពុកម្តាយរបស់ខ្ញុំត្រូវលះបង់សម្រាប់អ្នក!។ តើលោកចាត់តាំងអាពូហ៊ូរ៉យរ៉ោះដោយនាំទៅជាមួយនូវស្បែកជើងទាំងពីររបស់លោកឲ្យប្រាប់អ្នកដែលគេបានជួបថា ជនណាដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត គឺគេត្រូវផ្តល់ដំណឹងរីករាយដល់ជននោះនូវឋានសួគ៌ឬ? លោកបានឆ្លើយថា៖ បាទ ពិតមែនហើយ។ អ៊ូមើរបាននិយាយថា៖ ដូច្នេះ សូមលោកកុំធ្វើបែបនេះ ពីព្រោះខ្ញុំបារម្ភខ្លាចមនុស្សផ្តេកផ្តួលតែទៅលើការពោលពាក្យនេះ ហើយមិនសាងកុសល។ ហេតុនេះ សូមលោកបណ្តោយពួកគេឲ្យសាងកុសលចុះ។ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ បើអ៊ីចឹង ចូរបណ្តោយពួកគេចុះ។

فوائد الحديث

ក្តីស្រឡាញ់យ៉ាងធំធេងរបស់សហាហ្ពាត់ رضي الله عنهم និងការយកចិត្តទុកដាក់របស់ពួកគាត់ចំពោះសុវត្ថិភាពរបស់រ៉ស៊ូលុលឡោះ ﷺ ពីរាល់ប្រការមិនល្អទាំងឡាយ។

បង្គាប់ប្រើឲ្យផ្តល់ដំណឹងរីករាយ ឬដំណឹងល្អដល់គ្នា។

ជំនឿ គឺមានទាំងពាក្យសម្តី ទង្វើ និងគោលជំនឿ(ជឿនៅក្នុងចិត្ត)។

អាល់កទី អ៊ីយ៉ាត និងអ្នកផ្សេងទៀតបាននិយាយ៖ ទង្វើរបស់អ៊ូមើរ និងការឲ្យយោបល់របស់គាត់ទៅកាន់រ៉ស៊ូលុលឡោះ ﷺ ពុំមែនជាការប្រឆាំងនឹងរ៉ស៊ូលុលឡោះ និងបដិសេធចំពោះបទបញ្ជារបស់លោកនោះឡើយ ព្រោះថា អ្វីដែលលោកបញ្ជូនអាពូហ៊ូរ៉យរ៉ោះឲ្យទៅប្រាប់គេនោះ គ្មានអ្វីក្រៅពីការផ្គាប់ចិត្តរបស់អ្នកមូស្លីម និងធ្វើឲ្យពួកគេរីករាយនោះឡើយ។ គ្រាន់តែអ៊ូមើរយល់ឃើញថា ការលាក់បាំងរឿងនេះ គឺវាប្រសើរជាងសម្រាប់ពួកគេ និងសមស្របជាង ដើម្បីកុំឱ្យពួកគេអង្គុយនៅស្ងៀម វាក៏នាំឲ្យខិតខំធ្វើនូវរឿងដែលមានប្រយោជន៍ច្រើនសម្រាប់ពួកគេ ជាជាងការពន្លឿនដំណឹងរីករាយ។ នៅពេលដែលគាត់ផ្តល់យោបល់នេះដល់ណាពី ﷺ លោកក៏យល់ថា អ្វីដែលអ៊ូមើរបានលើកឡើង គឺត្រឹមត្រូវ។

អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា អ្នកដឹកនាំ និងឥស្សរិយជនទូទៅ នៅពេលដែលពួកគេយល់ឃើញនូវគំនិតអ្វីមួយ ហើយអ្នកមួយចំនួនដែលនៅក្រោមបង្គាប់យល់ឃើញផ្សេងពីនេះ គឺគប្បីលើអ្នកក្រោមបង្គាប់ត្រូវបង្ហាញគំនិត ឬការយល់ឃើញនោះដល់អ្នកដឹកនាំដើម្បីឲ្យអ្នកដឹកនាំធ្វើការពិនិត្យលើមតិយោបល់ និងការយល់ឃើញនោះ។ ប្រសិនបើអ្វីដែលអ្នកក្រោមបង្គាប់យល់ឃើញត្រឹមត្រូវ គឺត្រូវត្រឡប់ទៅកាន់ការយល់ឃើញនោះ។ តែបើមិនដូច្នោះទេ គឺគេត្រូវបញ្ជាក់ដល់អ្នកក្រោមបង្គាប់ឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់ដែលគេបានលើកឡើងនោះ។

អនុញ្ញាតឲ្យលាក់បាំងចំណេះដឹងមួយចំនួនដែលមិនចាំបាច់ដើម្បីផលប្រយោជន៍ ឬខ្លាចមានបញ្ហា។

ដំណឹងរីករាយយ៉ាងធំធេងសម្រាប់អ្នកដែលមានគោលជំនឿឯកទេពនិយម(តាវហេទ)។ ពិតណាស់ ជនណាដែលបានធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ដោយភាពជ្រះថ្លាចេញពីចិត្តរបស់ខ្លួន នឹងបានចូលឋានសួគ៌។

ភាពខ្លាំងរបស់អ៊ូមើរ رضي الله عنه គតិបណ្ឌិតរបស់គាត់ និងការយល់ដឹងដ៏ទូលំទូលាយរបស់គាត់។

អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា អនុញ្ញាតឲ្យមនុស្សចូលក្នុងរបងរបស់អ្នកដទៃដោយគ្មានការអនុញ្ញាត ប្រសិនបើគេដឹងថា ម្ចាស់របស់វាអនុញ្ញាត ព្រោះអាស្រ័យសេចក្តីស្រឡាញ់រាប់អានគ្នារវាងពួកគេ ឬផ្សេងៗទៀត។

التصنيفات

Oneness of Allah's Worship