សូមស្បថនឹងអល់ឡោះ! របស់អ្វីមួយដែលនរណាម្នាក់នៃពួកអ្នកយកវាដោយមិនត្រឹមត្រូវនោះ…

សូមស្បថនឹងអល់ឡោះ! របស់អ្វីមួយដែលនរណាម្នាក់នៃពួកអ្នកយកវាដោយមិនត្រឹមត្រូវនោះ គឺគេនឹងទៅជួបអល់ឡោះនៅថ្ងៃបរលោកដោយរែកពន់វាជាមិនខាន

អំពី អាពូហ៊ូមៃទ៍ អាស្សាអ៊ីទី បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានចាត់តាំងបុរសម្នាក់ដែលគេហៅគាត់ថា អ៊ិពនូលុតពីយ៉ះ ឲ្យទៅប្រមូលហ្សាកាត់របស់អម្បូរស៊ូឡែម។ នៅពេលដែលគាត់មកដល់ម៉ាទីណះវិញ គាត់ក៏គណនាវា។ ហើយគាត់ក៏បាននិយាយថា៖ នេះគឺជាទ្រព្យរបស់ពួកអ្នក។ ចំណែកនេះ គឺជាអំណោយ(ដែលគេផ្តល់ឲ្យខ្ញុំ)។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ហេតុអ្វីបានជាអ្នកមិនអង្គុយក្នុងផ្ទះឪពុកម្តាយរបស់អ្នកដើម្បីទទួលបានអំណោយនេះទៅ ប្រសិនបើអ្នកជាមនុស្សស្មោះត្រង់មែននោះ”។ បន្ទាប់មក លោកបានថ្លែងសុន្ទរកថាមកកាន់ពួកយើង ដោយបានកោតសរសើរអល់ឡោះ និងថ្លែងសរសើរដល់ទ្រង់។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “ជាបន្ទាប់មកទៀត ពិតប្រាកដណាស់ ខ្ញុំបានចាត់តាំងបុរសម្នាក់ក្នុងចំណោមពួកអ្នកឲ្យធ្វើការងារខ្លះក្នុងចំណោមការងារដែលអល់ឡោះបានតែងតាំងខ្ញុំ។ ក្រោយមក គេបានមកវិញ ហើយនិយាយថា៖ នេះជាទ្រព្យរបស់ពួកអ្នក ចំណែកនេះជាអំណោយដែលគេផ្តល់ឲ្យខ្ញុំ។ ហេតុអ្វីបានជាគេមិនអង្គុយនៅផ្ទះឪពុកម្តាយរបស់ខ្លួនរង់ចាំគេផ្តល់អំណោយឲ្យទៅ? សូមស្បថនឹងអល់ឡោះ! របស់អ្វីមួយដែលនរណាម្នាក់នៃពួកអ្នកយកវាដោយមិនត្រឹមត្រូវនោះ គឺគេនឹងទៅជួបអល់ឡោះនៅថ្ងៃបរលោកដោយរែកពន់វាជាមិនខាន ហើយខ្ញុំនឹងមិនទទួលស្គាល់អ្នកណាម្នាក់នៃពួកអ្នកដែលជួបអល់ឡោះដោយនាំមកនូវសត្វអូដ្ឋដែលកំពុងបន្លឺសំឡេង ឬសត្វគោ ឬសត្វចៀមដែលកំពុងស្រែកនោះឡើយ”។ បន្ទាប់មក លោកបានលើកដៃទាំងពីររបស់លោក រហូតដល់គេឃើញផ្ទៃសនៃឃ្លៀករបស់លោក ហើយលោកបានមានប្រសាសន៍ថា៖ “ឱអល់ឡោះជាម្ចាស់! តើខ្ញុំបានផ្សព្វផ្សាយ(ដល់ពួកគេ)ហើយឬ”។ ខ្ញុំ(អាពូហ៊ូមៃទ៍ )បានឃើញដោយផ្ទាល់នឹងភ្នែក និងស្តាប់ឮដោយផ្ទាល់ត្រចៀករបស់ខ្ញុំ។

[صحيح] [متفق عليه]

الشرح

រ៉ស៊ូលុលឡោះ ﷺ លោកបានចាត់តាំងបុរសម្នាក់ដែលគេហៅគាត់ថា អ៊ិពនូលុតពីយ៉ះ ឲ្យទៅប្រមូលហ្សាកាត់ពីកុលសម្ព័ន្ធអម្បូរស៊ូឡែម។ នៅពេលដែលគាត់ត្រឡប់មកដល់ម៉ាទីណះវិញ គាត់បានគណនានូវអ្វីដែលគាត់ទទួលបាន និងអ្វីដែលគាត់បានចំណាយ។ អ៊ិពនូលុតពីយ៉ះបាននិយាយថា៖ នេះគឺជាទ្រព្យរបស់ពួកអ្នកដែលខ្ញុំប្រមូលបានពីហ្សាកាត់។ ចំណែកនេះ គឺជាទ្រព្យដែលគេផ្តល់ជាអំណោយដល់ខ្ញុំ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ ហេតុអ្វីបានជាអ្នកមិនអង្គុយក្នុងផ្ទះឪពុកម្តាយរបស់អ្នកដើម្បីមើលមើល៍ ថាតើគេនឹងផ្តល់អំណោយដល់អ្នកដែរឬទេ ប្រសិនបើអ្នកជាមនុស្សស្មោះត្រង់មែននោះ? ជាការពិតណាស់ សិទ្ធិ(តួនាទី)ដែលអ្នកធ្វើ គឺជាមូលហេតុដែលនាំឲ្យគេផ្តល់អំណោយនោះដល់អ្នក។ ប្រសិនបើអ្នកអង្គុយនៅក្នុងផ្ទះរបស់អ្នក ក៏គេមិនផ្តល់អំណោយអ្វីមួយដល់អ្នកនោះដែរ។ ហេតុនេះ មិនគប្បីលើអ្នកចាត់ទុកថាវាជាការអនុញ្ញាត ដោយគ្រាន់តែវាត្រូវបានគេផ្តល់ឱ្យអ្នកជាអំណោយនោះទេ។ ក្រោយមក ណាពី ﷺ លោកបានឡើងលើមិមពើរថ្លែងសុន្ទរកថាដោយលោកមានការខឹងសម្បា។ លោកបានកោតសរសើរអល់ឡោះ និងថ្លែងសរសើរដល់ទ្រង់។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ ជាបន្ទាប់មកទៀត ពិតប្រាកដណាស់ ខ្ញុំបានចាត់តាំងបុរសម្នាក់ក្នុងចំណោមពួកអ្នកឲ្យធ្វើការងារមួយក្នុងចំណោមការងារដែលអល់ឡោះបានចាត់តាំងឲ្យខ្ញុំចាត់ចែងទាក់ទងនឹងទ្រព្យហ្សាកាត់ និងជ័យភណ្ឌ។ នៅពេលដែលគេមកពីបំពេញការងាររបស់ខ្លួនវិញ គេបាននិយាយថា៖ នេះជាទ្រព្យរបស់ពួកអ្នក ហើយនេះជាអំណោយដែលគេផ្តល់ឲ្យខ្ញុំ។ ហេតុអ្វីបានជាគេមិនអង្គុយនៅផ្ទះឪពុកម្តាយរបស់ខ្លួនរង់ចាំគេផ្តល់អំណោយឲ្យទៅ? សូមស្បថនឹងអល់ឡោះ! នរណាម្នាក់ដែលបានយកអ្វីមួយពីរបស់ដែលគេបានផ្តល់ឲ្យខ្លួនដោយមិនត្រឹមត្រូវនោះ គឺគេនឹងទៅជួបអល់ឡោះនៅថ្ងៃបរលោកដោយដាក់នៅនឹងករបស់ខ្លួនជាមិនខាន នូវសត្វអូដ្ឋដែលកំពុងបន្លឺសំឡេង ឬសត្វគោ ឬសត្វចៀមដែលកំពុងស្រែកនោះ។ បន្ទាប់មក លោកបានលើកដៃទាំងពីររបស់លោកយ៉ាងខ្ពស់ រហូតដល់គេឃើញផ្ទៃសនៃឃ្លៀករបស់លោក។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំបានផ្សព្វផ្សាយច្បាប់របស់អល់ឡោះដល់ពួកអ្នកហើយ។ បន្ទាប់មក អាពូហ៊ូមៃទ៍ អាស្សាអ៊ីទី رضي الله عنه បាននិយាយថា ជាការពិតណាស់ នេះគឺស្ថិតក្នុងចំណោមអ្វីដែលគាត់បានឃើញដោយផ្ទាល់នឹងភ្នែក និងស្តាប់ឮដោយផ្ទាល់ត្រចៀករបស់គាត់។

فوائد الحديث

អ្នកដឹកនាំត្រូវបញ្ជាក់ប្រាប់ដល់អ្នកដែលធ្វើការជាមួយនូវអ្វីដែលពួកគេត្រូវធ្វើ និងអ្វីដែលពួកគេត្រូវប្រុងប្រយ័ត្នក្នុងការបំពេញការងាររបស់ខ្លួន។

ព្រមានចំពោះអ្នកដែលយកទ្រព្យសម្បត្តិអ្នកដទៃដោយបំពាន។

អ្នកបំពានគ្រប់រូបនឹងត្រូវនាំមកនូវអ្វីដែលខ្លួនបានបំពាន(យកដោយខុសច្បាប់)នៅថ្ងៃបរលោក។

ចាំបាច់លើមន្ត្រីគ្រប់រូបមិនថាបំពេញការងារអ្វីក៏ដោយក្នុងចំណោមការងារប្រទេសជាតិត្រូវតែបំពេញនូវកិច្ចការដែលគេបានប្រគល់ភារកិច្ចជូន ហើយគ្មានសិទ្ធិទទួលយកអំណោយចំពោះអ្វីដែលពាក់ព័ន្ធនឹងការងាររបស់ខ្លួននោះឡើយ។ ប្រសិនបើគេយកអំណោយនោះ គឺគេត្រូវដាក់វាក្នុងទ្រព្យរួម(ពៃតុលម៉ាល) ហើយមិនអនុញ្ញាតឲ្យយកវាមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ ពីព្រោះនោះគឺជាមធ្យោបាយដែលនាំទៅរកអំពើអាក្រក់ និងជាការរំលោភបំពានលើទំនួលខុសត្រូវ។

អ៊ិពនូហ្ពាត់តល បាននិយាយថា៖ ហាទីស្ហនេះបង្ហាញថា អំណោយសម្រាប់បុគ្គលិកនោះគឺដើម្បីជាការអរគុណដល់គេសម្រាប់កាខិតខំរបស់គេ និងបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះគេ ឬជំរុញឲ្យគេបំពេញកាតព្វកិច្ចរបស់គេឲ្យបានត្រឹមត្រូវប៉ុណ្ណោះ។ ណាពី បានបង្ហាញថា ការផ្តល់អំណោយសម្រាប់គេ គឺដូចជាមូស្លីមដទៃទៀតដែរនៅក្នុងរឿងនេះ គ្មានអ្វីពិសេសជាងគ្នាឡើយ ហើយវាក៏មិនមែនជាការអនុញ្ញាតផ្តាច់មុខសម្រាប់អ្នកណាម្នាក់ឡើយ។

អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា អំណោយដែលគេផ្តល់ឲ្យអ្នកអ្នកទទួលបន្ទុកធ្វើការ គឺត្រូវបានហាមឃាត់ និងចាត់ទុកថាជាការរំលោភបំពាន ដោយសារតែពួកគេបានក្បត់នឹងតួនាទី ក៏ដូចជាទំនួលខុសត្រូវរបស់ពួកគេ។ នេះហើយជាមូលហេតុ ដែលហាហ្ទីស បាននិយាយអំពីការដាក់ទណ្ឌកម្ម និងការដាក់បន្ទុកចំពោះគេ នូវអ្វីដែលត្រូវបានគេផ្តល់ជាអំណោយឱ្យនៅថ្ងៃបរលោក។ ដូចគ្នាដែរ អំពីការក្បត់បំពាន។ ណាពី បានពន្យល់នៅក្នុងហាហ្ទីសតែមួយអំពីហេតុផលនៅក្នុងការហាមឃាត់ពីការឲ្យអំណោយដល់អ្នកទទួលបន្ទុកធ្វើការ ព្រោះដោយសារតែអំណាចនិងតួនាទីរបស់ពួកគេ។ ផ្ទុយពីការឲ្យអំណោយដល់អ្នកដែលមិនមែនជាអ្នកទទួលបន្ទុកធ្វើការដែលវាត្រូវបានលើកទឹកចិត្តឲ្យធ្វើ។

អ៊ិពនូអាល់មុនសៀរ បាននិយាយថា៖ គេអាចទាញយកអំពីប្រសាសន៍របស់ណាពីﷺ៖ “ហេតុអ្វីបានជាអ្នកមិនអង្គុយក្នុងផ្ទះឪពុកម្តាយរបស់អ្នក” ថា៖ ត្រូវបានអនុញ្ញាតឱ្យទទួលយកអំណោយពីនរណាម្នាក់ដែលធ្លាប់ផ្តល់ឱ្យពួកគេពីមុន។ អ៊ិពនូហាជើរ បាននិយាយថា៖ វាច្បាស់ណាស់ថានេះ ត្រូវបានអនុញ្ញាត ប្រសិនបើវាមិនលើសពីទម្លាប់ដែលធ្លាប់ត្រូវបានអនុវត្ត។

វិធីសាស្ត្រនៃការណែនាំរបស់ណាពី គឺលោកនិយាយទូទៅ មិនបានបើកបង្ខូចកេរ្តិ៍ឈ្មោះបុគ្គលចំៗឡើយ។

អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះបង្ហាញពីការប្រើឲ្យគណនាឬពិនិត្យទូទាត់ជាមួយអ្នកដែលត្រូវបានគេប្រើឲ្យទទួលខុសត្រូវ។

អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះបង្ហាញថា អនុញ្ញាតឲ្យស្តីបន្ទោសអ្នកដែលធ្វើខុស។

ស៊ូណិតលើកដៃទាំងពីរក្នុងពេលបួងសួង។

التصنيفات

Gift, Duties of the Imam