“ជនណាដែលស្បថទាំងដែលខ្លួនឯងជាមនុស្សអាក្រក់ដើម្បីរំលោភយកទ្រព្យសម្បត្ដិបុគ្គលមូស្លីម…

“ជនណាដែលស្បថទាំងដែលខ្លួនឯងជាមនុស្សអាក្រក់ដើម្បីរំលោភយកទ្រព្យសម្បត្ដិបុគ្គលមូស្លីម រូបគេនឹងជួបអល់ឡោះទាំងដែលទ្រង់ខឹងសម្បាទៅចំពោះជននោះ

អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលស្បថទាំងដែលខ្លួនឯងជាមនុស្សអាក្រក់ដើម្បីរំលោភយកទ្រព្យសម្បត្ដិបុគ្គលមូស្លីម រូបគេនឹងជួបអល់ឡោះទាំងដែលទ្រង់ខឹងសម្បាទៅចំពោះជននោះ”។ អាប់ទុលឡោះ បាននិយាយថា៖ ពេលនោះ អាល់អាស្ហអាស បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ វាបានកើតឡើងចំពោះខ្ញុំ។ នៅពេលនោះ រវាងខ្ញុំ និងបុរសជ្វីសម្នាក់មានទំនាស់រឿងដីមួយកន្លែង។ គេបានបានបដិសេធមិនទទួលស្គាល់កម្មសិទ្ធិរបស់ខ្ញុំ។ ពេលនោះ ខ្ញុំក៏បានយករឿងនោះទៅប្តឹងណាពី ﷺ ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “តើអ្នកមានភស្តុតាងដែរឬទេ”? ខ្ញុំបានឆ្លើយថា៖ ទេ (អត់មានទេ)។ គាត់បានបន្តថា៖ ពេលនោះ លោកបានមានប្រសាសន៍ទៅកាន់បុរសជ្វីសនោះថា៖ “ចូរអ្នកស្បថ”។ គាត់បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! អ៊ីចឹង គេស្បថ ហើយយកទ្រព្យខ្ញុំទៅបាត់ឬ! ពេលនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖ “إِنَّ الَّذِينَ يَشْتَرُونَ بِعَهْدِ اللَّهِ وَأَيْمَانِهِمْ ثَمَنًا قَلِيلًا” (ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យាររបស់អល់ឡោះ និងការស្បថស្បែរបស់ខ្លួនទៅប្តូរនឹងកម្រៃបន្ដិចបន្ដួច) រហូតដល់ចប់អាយ៉ាត់។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានព្រមានចំពោះអ្នកដែលស្បថនឹងអល់ឡោះដោយបំពានទាំងដែលអ្នកស្បថនោះដឹងថា ខ្លួនស្បថកុហក ដើម្បីរំលោភយកទ្រព្យសម្បត្ដិអ្នកដទៃ។ ជាការពិតណាស់ រូបគេនឹងជួបអល់ឡោះជាម្ចាស់ ហើយទ្រង់នឹងខឹងសម្បាចំពោះជននោះ។ អាល់អាស្ហអាស ពិន ក័ស رضي الله عنه បានប្រាប់ថា ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ដូចនេះនៅពេលដែលរូបគាត់ និងបុរសជ្វីសម្នាក់មានទំនាស់គ្នាចំពោះកម្មសិទ្ធិដីមួយកន្លែង។ ដូចនេះ គាត់ទាំងពីរក៏បានប្តឹងដល់ណាពី ﷺ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់អាល់អាស្ហអាសថា៖ អ្នកត្រូវតែបង្ហាញភស្តុតាងដើម្បីបញ្ជាក់ពីអ្វីដែលអ្នកអះអាង។ ប្រសិនបើអ្នកមិនមានលទ្ធភាព(រកភស្តុតាង)ទេនោះ អ្នកគ្មានសិទ្ធិអ្វីឡើយ ក្រៅតែពីការស្បថរបស់គូវិវាទរបស់អ្នកដែលជាចុងចោទប៉ុណ្ណោះ។ ពេលនោះ អាល់អាស្ហអាសបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! បើអ៊ីចឹង បុរសនោះនឹងស្បថដោយគ្មានការអល់អែកឡើយ ហើយគេនឹងយកទ្រព្យខ្ញុំទៅបាត់ជាមិនខាន។ ពេលនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់បញ្ជាក់ពីរឿងនោះនៅក្នុងគម្ពីរគួរអានដោយបន្ទូលរបស់ទ្រង់ថា៖ ﴿إِنَّ الَّذِينَ يَشْتَرُونَ بِعَهْدِ اللَّهِ وَأَيْمَانِهِمْ ثَمَنًا قَلِيلًا أُولَٰئِكَ لَا خَلَاقَ لَهُمْ فِي الْآخِرَةِ وَلَا يُكَلِّمُهُمُ اللَّهُ وَلَا يَنْظُرُ إِلَيْهِمْ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ﴾ [سورة آل عمران(77)] (ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះ និងការស្បថស្បែរបស់ខ្លួនទៅប្ដូរយកកម្រៃបន្ដិចបន្ដួច ពួកទាំងនោះគ្មានផលបុណ្យសម្រាប់ពួកគេឡើយនៅថ្ងៃបរលោក។ ហើយអល់ឡោះនឹងមិននិយាយរកពួកគេ និងមិនមើលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសម្អាតពួកគេ(ពីបាបកម្ម)ដែរ។ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត) បានន័យថា៖ ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះ និងការផ្តាំផ្ញើរបស់ទ្រង់ចំពោះបណ្តាអ្នកមានជំនឿដែលប្រើឲ្យរក្សានូវទំនុកចិត្ត ហើយនិងយកការស្បថស្បែរបស់ខ្លួនដែលបានស្បថនឹងនាមរបស់ទ្រង់ដោយភូតកុហកទៅប្តូរនឹងកម្រៃបន្តិចបន្តួចនៃទ្រព្យសម្បត្តិលោកិយ ពួកទាំងនោះ គឺគ្មានផលបុណ្យ និងគ្មានចំណែកអ្វីសម្រាប់ពួកគេឡើយនៅថ្ងៃបរលោក ហើយអល់ឡោះក៏មិនមានបន្ទូលទៅកាន់ពួកគេនូវបន្ទូលដែលធ្វើឲ្យពួកគេរីករាយ និងផ្តល់ប្រយោជន៍ដល់ពួកគេនោះដែរ។ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បាចំពោះពួកគេ។ ហើយទ្រង់ក៏មិនមើលទៅកាន់ពួកគេនូវការមើលដែលប្រកបដោយក្តីមេត្តា និងក្តីសប្បុរសនោះដែរនៅថ្ងៃបរលោក ហើយក៏មិនជម្រះសម្អាតពួកគេតាមរយៈការកោតសរសើរល្អៗ និងមិនជម្រះសម្អាតពួកគេតាមរយៈការអភ័យទោសពីបាបកម្ម និងប្រការកខ្វក់នានានោះដែរ។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតព្រោះតែអ្វីដែលពួកគេបានប្រព្រឹត្ត។

فوائد الحديث

ហាមឃាត់ចំពោះការយកទ្រព្យសម្បត្តិអ្នកដទៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។

ត្រូវបញ្ជាក់ឲ្យបានច្បាស់អំពីសិទ្ធិរបស់អ្នកមូស្លីមទោះបីជាប្រការធំឬតូចក៏ដោយ។

ចំពោះដើមចោទត្រូវបង្ហាញភស្តុតាង។ ចំណែកឯចុងចោទត្រូវស្បថប្រសិនបើខ្លួនបដិសេធ។

ការបញ្ជាក់ពីការពិតតាមរយៈការបង្ហាញសាក្សីពីរនាក់។ ប្រសិនបើដើមចោទមិនមានភស្តុតាងទេនោះ ចាំបាច់លើចុងចោទត្រូវស្បថ។

ហាមឃាត់ការស្បថបំពាន ពោលគឺការស្បថកុហកដើម្បីរំលោភបំពានលើសិទ្ធិអ្នកដទៃ ហើយវាស្ថិតក្នុងចំណោមបាបកម្មធំដែលធ្វើឲ្យបុគ្គលដែលស្បថនោះប្រឈមមុខនឹងការខឹងសម្បារបស់អល់ឡោះ និងទណ្ឌកម្មរបស់ទ្រង់។

អ្នកកាត់ក្តីគួរផ្តល់ដំបូន្មានដល់គូជម្លោះ ជាពិសេស នៅពេលដែលពួកគេចង់ស្បថ។

التصنيفات

Oaths and Vows, Claims and Proofs