“តើអ្នកមិនទុកចិត្តខ្ញុំទេឬ ខណៈដែលខ្ញុំ គឺជាអ្នកដែលត្រូវបានអ្នកនៅលើមេឃ(អល់ឡោះ)ទុកចិត្ត?…

“តើអ្នកមិនទុកចិត្តខ្ញុំទេឬ ខណៈដែលខ្ញុំ គឺជាអ្នកដែលត្រូវបានអ្នកនៅលើមេឃ(អល់ឡោះ)ទុកចិត្ត? ខ្ញុំទទួលបានដំណឹងពីលើមេឃទាំងព្រឹក ទាំងល្ងាច”។

អំពី អាពូសាអ៊ីត អាល់ឃុទរី رضي الله عنه បាននិយាយថា៖ អាលី ពិន អាពីត៏ឡឹប رضي الله عنه បានផ្ញើទៅកាន់រ៉ស៊ូលុលឡោះ ﷺ ពីយេមែននូវដុំមាសដែលមិនទាន់បានសម្អាត((នៅប្រឡាក់ដី)ដាក់នៅក្នុងថង់ស្បែក។ គាត់បាននិយាយថា៖ ពេលនោះ ណាពីបានបែងចែកវារវាងបុរសបួននាក់ គឺរវាងអ៊ូយ៉ៃណះ ពិន ហ្ពាទើរ, អឹក្ករ៉ក់ ពិន ហាពីស, ហ្សេទ អាល់ខៃល៍, និងអ្នកទីបួនអាចជា អាល់ក៏ម៉ាស់ ឬក៏ អាមៀរ ពិន អាត់ទូហ្វែល។ មានបុរសម្នាក់ក្នុងចំណោមសហាហ្ពាត់របស់លោកបាននិយាយថា៖ ពួកយើងសក្តិសមនឹងទទួលបានវាជាងអ្នកទាំងនោះ។ គាត់បាននិយាយថា៖ ហើយដំណឹងនេះបានទៅដល់ណាពី ﷺ ហើយលោកបានមានប្រសាសន៍ថា៖ “តើអ្នកមិនទុកចិត្តខ្ញុំទេឬ ខណៈដែលខ្ញុំ គឺជាអ្នកដែលត្រូវបានអ្នកនៅលើមេឃ(អល់ឡោះ)ទុកចិត្ត? ខ្ញុំទទួលបានដំណឹងពីលើមេឃទាំងព្រឹក ទាំងល្ងាច”។ គាត់បាននិយាយថា៖ ពេលនោះ មានបុរសម្នាក់ដែលមានភ្នែកជ្រៅ ថ្ពាល់ប៉ោង ថ្ងាសទូលាយ ពុកចង្កាច្រើនតែមិនវែង ក្បាលត្រងោល លើកសំលៀកបំពាក់ខាងក្រោមរបស់គេឡើង ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមអ្នកកោតខ្លាចអល់ឡោះ។ លោកក៏បានមានប្រសាសន៍ថា៖ “អន្តរាយហើយអ្នក! តើខ្ញុំមិនមែនជាមនុស្សដែលសមនឹងកោតខ្លាចអល់ឡោះជាងគេទេឬ”? គាត់បាននិយាយថា៖ បន្ទាប់មក បុរសនោះក៏បានចេញទៅ។ ខលីទ ពិន អាល់វ៉ាលីទ បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំមិនសមនឹងកាត់កគេទេឬ? លោកបានតបថា៖ “ទេ ប្រហែលជាគេជាអ្នកដែលសឡាត”។ ពេលនោះ ខលីទ បាននិយាយថា៖ តើមានអ្នកសឡាតប៉ុន្មាននាក់ដែលពោលនៅលើអណ្តាតរបស់ខ្លួននូវអ្វីដែលមិនមាននៅក្នុងចិត្តរបស់គេនោះ! រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនត្រូវបានគេបញ្ជាឲ្យពិនិត្យមើលអ្វីដែលនៅក្នុងចិត្តមនុស្ស ឬក៏ហែកពោះរបស់ពួកគេមើលនោះឡើយ”។ គាត់បាននិយាយថា៖ បន្ទាប់មក លោកបានមើលទៅបុរសនោះ ខណៈដែលបុរសនោះកំពុងដើរចេញទៅ ហើយលោកបានមានប្រសាសន៍ថា៖ “ពិតណាស់ នឹងកើតចេញមកពី កូនចៅនៃបុរសម្នាក់នេះនូវមនុស្សមួយក្រុមដែលសូត្រគម្ពីររបស់អល់ឡោះយ៉ាងរលូន ប៉ុន្តែការសូត្ររបស់ពួកគេនឹងមិនហួសពីបំពង់ករបស់ពួកគេទេ។ ពួកគេនឹងចាកចេញពីសាសនាដូចជាព្រួញដែលចេញពីធ្នូ”។ ខ្ញុំគិតថា លោកក៏បានមានប្រសាសន៍ថា៖ “ប្រសិនបើខ្ញុំទាន់ពួកគេ ខ្ញុំនឹងសម្លាប់ពួកគេដូចជាការសម្លាប់ក្រុមសាមូទ”។

[صحيح] [متفق عليه]

الشرح

អាលី ពិន អាពីត៏ឡឹប رضي الله عنه បានផ្ញើទៅកាន់រ៉ស៊ូលុលឡោះ ﷺ ពីយេមែននូវដុំមាសដែលមិនទាន់បានសម្អាត((នៅប្រឡាក់ដី)ដាក់នៅក្នុងថង់ស្បែក។ ពេលនោះ ណាពី ﷺ បានធ្វើការបែងចែកមាសនោះឲ្យទៅមនុស្សបួននាក់គឺ៖ អ៊ូយ៉ៃណះ ពិន ហ្ពាទើរ អាល់ហ្វាហ្សារី, អាល់អឹក្ករ៉ក់ ពិន ហាពីស អាល់ហាន់ហ្ស៏លី, ហ្សេទ អាល់ខៃល៍ អាន់និបហានី និង អាល់ក៏ម៉ាស់ ពិន អូឡាសាស់ អាល់អាមីរី។ មានបុរសម្នាក់ក្នុងចំណោមសហាហ្ពាត់របស់លោកបាននិយាយថា៖ ពួកយើងសក្តិសមនឹងទទួលបានមាសនេះជាងអ្នកទាំងនោះ។ ដំណឹងនេះបានទៅដល់ណាពី ﷺ ហើយលោកបានមានប្រសាសន៍ថា៖ តើអ្នកមិនទុកចិត្តខ្ញុំទេឬ ខណៈដែលខ្ញុំ គឺជាអ្នកដែលត្រូវបានអ្នកនៅលើមេឃ(អល់ឡោះ)ទុកចិត្ត? ខ្ញុំទទួលបានដំណឹងពីលើមេឃទាំងព្រឹក ទាំងល្ងាច។ ពេលនោះ មានបុរសម្នាក់ដែលមានភ្នែកជ្រៅ ថ្ពាល់ប៉ោង ថ្ងាសទូលាយ ពុកចង្កាច្រើនតែមិនវែង ក្បាលត្រងោល លើកសំលៀកបំពាក់ខាងក្រោមរបស់គេឡើង ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមអ្នកកោតខ្លាចអល់ឡោះ។ រ៉ស៊ូលុលឡោះ ﷺ ក៏បានមានប្រសាសន៍ថា៖ អន្តរាយហើយអ្នក! តើខ្ញុំមិនមែនជាមនុស្សដែលសមនឹងកោតខ្លាចអល់ឡោះជាងគេទេឬ? គាត់បាននិយាយថា៖ បន្ទាប់មក បុរសនោះក៏បានចេញទៅ។ ខលីទ ពិន អាល់វ៉ាលីទ បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំមិនសមនឹងកាត់កគេទេឬ? លោកបានតបថា៖ ទេ ប្រហែលគេជាអ្នកដែលសឡាត។ ខលីទ បាននិយាយថា៖ តើមានអ្នកសឡាតប៉ុន្មាននាក់ដែលពោលនៅលើអណ្តាតរបស់ខ្លួននូវអ្វីដែលមិនមាននៅក្នុងចិត្តរបស់គេនោះ! រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ខ្ញុំមិនត្រូវបានគេបញ្ជាឲ្យពិនិត្យមើលអ្វីដែលនៅក្នុងចិត្តមនុស្ស ឬក៏ហែកពោះរបស់ពួកគេមើលនោះឡើយ។ តាមពិត ខ្ញុំត្រូវបានបញ្ជាឲ្យវិនិច្ឆ័យតែទៅលើទង្វើខាងក្រៅរបស់ពួកគេប៉ុណ្ណោះ។ គាត់បាននិយាយថា៖ បន្ទាប់មក លោកបានមើលទៅបុរសនោះ ខណៈដែលបុរសនោះកំពុងដើរចេញទៅ ហើយលោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ នឹងកើតចេញពីពូជពង្សរបស់បុរសម្នាក់នេះ និងក្រុមដែលដើរតាម ឬកុលសម្ព័ន្ធរបស់គេនូវអ្នកដែលមានជំនាញក្នុងការសូត្រគម្ពីរគួរអានដោយសំឡេងដ៏ពិរោះ។ អណ្តាតរបស់ពួកគេសើមដោយសារការសូត្រជាប្រចាំ តែការសូត្រគម្ពីរគួរអានរបស់ពួកគេមិនហួសពីបំពង់ករបស់ពួកគេឡើយ ដើម្បីបើកដួងចិត្តរបស់ពួកគេឱ្យបានយល់ និងកែលម្អឡើយ(ពោលគឺសូត្រតែដោយមាត់ មិនបានចូលដល់ចិត្ត)។ អល់ឡោះនឹងមិនផ្តល់ផលបុណ្យ ហើយក៏មិនទទួលយកវានោះដែរ។ ពួកគេនឹងចេញពីសាសនាអ៊ីស្លាមរយ៉ាងរហ័សដូចជាព្រួញដែលចេញពីកូនធ្នូរយ៉ាងល្បឿនដូច្នោះដែរ។ ខ្ញុំគិតថា លោកបានមានប្រសាសន៍ថា៖ ប្រសិនបើខ្ញុំមានជីវិតរស់នៅទាន់ពេលដែលពួកគេចេញមកប្រឆាំងនឹងអ្នកមូស្លីមដោយប្រើផ្លែដាវ ខ្ញុំនឹងសម្លាប់ពួកគេយ៉ាងសាហាវដូចជាក្រុមសាមូទអ៊ីចឹង។

فوائد الحديث

បញ្ជាក់ពីភាពខន្តីរបស់ណាពី ﷺ និងការអត់ធ្មត់របស់លោកចំពោះការធ្វើទុក្ខបុកម្នេញ។

បញ្ជាក់ពីភាពជាណាពីរបស់ណាពី ﷺ ហើយពិតណាស់ អ្វីដែលលោកទទួលបាន គឺជាវ៉ាហ៊ី(សារ)ពីអល់ឡោះជាម្ចាស់។

ទំនាក់ទំនងជាមួយមនុស្សតាមអ្វីដែលពួកគេបង្ហាញមកខាងក្រៅ ហើយអល់ឡោះទទួលខុសត្រូវចំពោះអ្វីដែលពួកគេលាក់ទុកក្នុងចិត្ត។

គុណតម្លៃដ៏ធំធេងនៃការសឡាត ហើយពិតណាស់ អ្នកដែលសឡាតមិនអាចត្រូវបានគេសម្លាប់ឡើយ លើកលែងតែដោយសិទ្ធិដែលកំណត់ដោយសាសនាអ៊ីស្លាម។

បញ្ជាក់ពីគ្រោះថ្នាក់នៃក្រុមខវ៉ារិច្ច(ក្រុមបះបោរ) ហើយពិតណាស់ ប្រសិនបើពួកគេធ្វើការប្រយុទ្ធ នោះច្បាប់បង្គាប់ប្រើឲ្យប្រយុទ្ធប្រឆាំងនឹងពួកគេដើម្បីការពារពីគ្រោះថ្នាក់ពីសំណាក់ពួកគេ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ជំរុញឲ្យប្រយុទ្ធប្រឆាំងនឹងពួកខវ៉ារិច្ច និងបញ្ជាក់ពីគុណសម្បត្តិរបស់អាលី رضي الله عنه ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ។

សារៈសំខាន់នៃការត្រិះរិះពិចារណាចំពោះអត្ថន័យនៃគម្ពីរគួរអាន ឈ្វេងយល់ អនុវត្តតាម និងប្រកាន់ខ្ជាប់នឹងគម្ពីរគួរអាន។

التصنيفات

Old Sects and Schools