“ពិតប្រាកដណាស់ អ្នកពិតជាបាននិយាយនូវពាក្យមួយ ប្រសិនបើគេយកវាទៅលាយនឹងទឹកសមុទ្រ…

“ពិតប្រាកដណាស់ អ្នកពិតជាបាននិយាយនូវពាក្យមួយ ប្រសិនបើគេយកវាទៅលាយនឹងទឹកសមុទ្រ ប្រាកដជាវានឹងធ្វើឲ្យទឹកសមុទ្រនោះប្រែប្រួលជាមិនខាន”។

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ ខ្ញុំបាននិយាយទៅកាន់ណាពី ﷺ ថា៖ គ្រប់គ្រាន់ហើយសម្រាប់លោក ដែលសហ្វីយ៉ះមានលក្ខណៈយ៉ាងនេះ យ៉ាងនោះ។ (អ្នករាយការណ៍ម្នាក់បាននិយាយថា៖ គាត់ចង់មានន័យថា នាងទាប)។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកពិតជាបាននិយាយនូវពាក្យមួយ ប្រសិនបើគេយកវាទៅលាយនឹងទឹកសមុទ្រ ប្រាកដជាវានឹងធ្វើឲ្យទឹកសមុទ្រនោះប្រែប្រួលជាមិនខាន”។ គាត់បាននិយាយទៀតថា៖ ខ្ញុំបានរំលឹកប្រាប់លោកពីមនុស្សម្នាក់។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនចូលចិត្ដនិយាយពី(ចំណុចអាក្រក់)នរណាម្នាក់ឡើយ ទោះជាខ្ញុំទទួលបានផលយ៉ាងនេះ យ៉ាងនោះក៏ដោយ”។

[صحيح] [رواه أبو داود والترمذي وأحمد]

الشرح

អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها បាននិយាយទៅកាន់ណាពី ﷺ ថា៖ គ្រប់គ្រាន់ហើយសម្រាប់លោកនូវលក្ខណៈរបស់ សហ្វីយ៉ះ (ភរិយាម្នាក់របស់ណាពី ﷺ) ដែលថា ក្នុងចំណោមលក្ខណៈខ្វះខាតផ្នែករូបសម្បត្តិរបស់នាង គឺនាងជាមនុស្សស្រីដែលទាប។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ពិតប្រាកដណាស់ អ្នកពិតជាបាននិយាយនូវពាក្យមួយ ដែលប្រសិនបើគេយកពាក្យនោះទៅលាយនឹងទឹកសមុទ្រ ច្បាស់ជាវានឹងធ្វើឲ្យទឹកសមុទ្រនោះប្រែប្រួល និងខូចខាតជាមិនខាន។ អាអ៊ីស្ហះ បាននិយាយថា៖ ខ្ញុំបានធ្វើដូចទង្វើរបស់មនុស្សម្នាក់ដើម្បីបង្ហាញពីចំណុចខ្វះខាតរបស់គេ។ ណាពី ﷺ បានមានប្រសាសន៍ថា៖ ខ្ញុំមិនរីករាយក្នុងការនិយាយពីចំណុចខ្វះខាតរបស់អ្នកដទៃ ឬនិយាយអំពីគេ ឬធ្វើត្រាប់តាមទង្វើដែលគេបានធ្វើ ឬនិយាយដូចអ្វីដែលគេបាននិយាយក្នុងន័យមើលងាយគេនោះឡើយ ទោះបីជាគេឱ្យទ្រព្យខ្ញុំច្រើនជាងអ្វីនៅក្នុងលោកិយនេះក៏ដោយ។

فوائد الحديث

ព្រមាន និងបន្លាចអំពីការនិយាយដើមអ្នកដទៃ។

ការធ្វើត្រាប់តាមឥរិយាបថរបស់អ្នកដទៃ និងនិយាយពីអ្នកដទៃក្នុងបំណងមាក់ងាយ និងមើលស្រាល គឺចូលក្នុងការនិយាយដើមដែលត្រូវបានហាមឃាត់។

ការនិយាយពីចំណុចមិនល្អទាក់ទងនឹងរូបកាយរបស់អ្នកដទៃ គឺជាផ្នែកមួយនៃការនិយាយដើម។

អាល់ក៏ទី បាននិយាយថា៖ ការលាយ គឺជាការច្របល់បញ្ចូលគ្នា និងធ្វើឲ្យប្រែប្រួលដោយការបន្ថែមអ្វីផ្សេងទៅក្នុងរបស់នោះ។ អត្ថន័យរបស់វា គឺប្រសិនបើការនិយាយដើមនេះជាអ្វីដែលគេអាចយកទៅលាយជាមួយទឹកសមុទ្របាន នោះវាប្រាកដជានឹងធ្វើឲ្យទឹកសមុទ្រប្រែប្រួលពីស្ថានភាពដើមរបស់វាជាមិនខាន ទោះបីជាទឹកសមុទ្រនោះមានទំហំធំធេងយ៉ាងណាក៏ដោយ។ ចុះទម្រាំតែគេយកវាមកលាយជាមួយនឹងទង្វើកុសលដ៏តិចតួចទៀតនោះ (តើវាទៅជាយ៉ាងណាទៅវិញ)!!

បញ្ជាក់ពីក្តីប្រចណ្ឌដែលកើតឡើងរវាងភរិយាទាំងឡាយ។

ណាពី ﷺ លោកមិននៅស្ងៀមចំពោះអំពើអាក្រក់ឡើយ។

បញ្ជាក់ពីភាពគ្មានតម្លៃនៃលោកិយ និងអ្វីដែលមាននៅក្នុងវា ប្រសិនបើគេប្រៀបធៀបទៅនឹងការពេញចិត្តពីអល់ឡោះជាម្ចាស់។

អ៊ីស្លាម គឺជាសាសនានៃសីលធម៌ល្អ។ ពិតណាស់ សាសនានេះបានបង្គាប់ប្រើឱ្យការពារកិត្តិយសពីការរំលោភបំពាន មិនថាពាក្យសម្តី ឬកាយវិការ ព្រោះវាបណ្តុះនូវភាពជាសត្រូវ និងការស្អប់ខ្ពើមគ្នារវាងអ្នកមូស្លីមទាំងឡាយ។

التصنيفات

Blameworthy Morals