“ពិតប្រាកដណាស់ អ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុងចំណោមពួកអ្នក និងដឹងពីអល់ឡោះជាងគេក្នុងចំណោមពួកអ្នក…

“ពិតប្រាកដណាស់ អ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុងចំណោមពួកអ្នក និងដឹងពីអល់ឡោះជាងគេក្នុងចំណោមពួកអ្នក គឺខ្ញុំ”។

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ កាលណាលោកដាក់បទបញ្ជាដល់ពួកគេ គឺលោកដាក់បទបញ្ជាដល់ពួកគេនូវទង្វើទាំងឡាយណាដែលពួកគេមានលទ្ធភាព។ ពួកគេនិយាយថា៖ ជាការពិតណាស់ ពួកយើងមិនដូចលោកឡើយ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានអភ័យទោសដល់លោកនូវបាបកម្មដែលលោកបានសាងកន្លងមក និងអ្វីដែលលោកមិនទាន់បានសាង។ ពេលនោះ លោកមានការខឹងសម្បា រហូតដល់គេអាចដឹងពីការខឹងសម្បាតាមរយៈទឹកមុខរបស់លោក។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុងចំណោមពួកអ្នក និងដឹងពីអល់ឡោះជាងគេក្នុងចំណោមពួកអ្នក គឺខ្ញុំ”។

[صحيح] [رواه البخاري]

الشرح

អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها បានប្រាប់ ជាការពិតណាស់ កាលណាណាពី ﷺ លោកដាក់បទបញ្ជាដល់មនុស្សលោកនូវទង្វើណាមួយ គឺលោកដាក់បទបញ្ជាដល់ពួកគេនូវទង្វើទាំងឡាយណាដែល ងាយស្រួលសម្រាប់ពួកគេ មិនមែនអ្វីដែលលំបាកនោះទេ ខ្លាចក្រែងពួកគេមិនអាចមានលទ្ធភាពធ្វើវាបានជាប់លាប់។ ហើយរូបលោកវិញ ក៏ធ្វើនូវទង្វើដែលមានភាពងាយស្រួលដូចទៅនឹងអ្វីដែលលោកប្រើពួកគេដែរ។ ប៉ុន្តែពួកគេបែរជាស្នើសុំឲ្យលោកដាក់បន្ទុកលើពួកគេនូវអ្វីដែលលំបាកៗទៅវិញ ព្រោះពួកគេជឿថា ពួកគេត្រូវការខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្នុងការសាងទង្វើកុសលដើម្បីលើកឋានៈរបស់ពួកគេឲ្យបានខ្ពង់ខ្ពស់។ ហេតុនេះ ពួកគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ជាការពិតណាស់ ស្ថានភាពពួកយើងមិនដូចស្ថានភាពរបស់លោកឡើយ ពីព្រោះរូបលោកត្រូវបានអល់ឡោះជាម្ចាស់អភ័យទោសឲ្យនូវបាបកម្មដែលលោកបានសាងកន្លងមក និងអ្វីដែលលោកមិនទាន់បានសាង។ ពេលនោះ ណាពី ﷺ លោកមានការខឹងសម្បា រហូតដល់គេអាចដឹងថាលោកខឹងតាមរយៈទឹកមុខរបស់លោក។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ ពិតប្រាកដណាស់ អ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុងចំណោមពួកអ្នក និងដឹងពីអល់ឡោះជាងគេក្នុងចំណោមពួកអ្នក គឺខ្ញុំ។ ហេតុនេះ ចូរពួកអ្នកធ្វើចុះនូវអ្វីដែលខ្ញុំបានបង្គាប់ប្រើពួកអ្នក។

فوائد الحديث

អ៊ិពនូហាជើរ បាននិយាយថា៖ តាមពិត លោកបង្គាប់ប្រើពួកគេនូវអ្វីដែលមានភាពងាយស្រួលសម្រាប់ពួកគេដើម្បីឲ្យពួកគេអាចអនុវត្តទង្វើនោះបានជាប់ជាប្រចាំ ដូចដែលលោកបានមានប្រសាសន៍នៅក្នុងហាទីស្ហផ្សេងទៀតថា៖ “ទង្វើដែលអល់ឡោះស្រឡាញ់ជាងគេ គឺទង្វើដែលគេធ្វើជាប់ជាប្រចាំ”។

កុសលបុគ្គលមិនគប្បីបោះបង់ការខិតខំប្រឹងប្រែងក្នុងការសាងអំពើល្អដោយគិតថា ខ្លួនជាមនុស្សល្អហើយនោះឡើយ។

អនុញ្ញាតឲ្យរៀបរាប់ពីគុណសម្បត្តិរបស់ខ្លួនក្នុងករណីចាំបាច់នៅពេលដែលមានសុវត្ថិភាពពីការអួតអាង និងការតម្កើងខ្លួន។

នៅក្នុងការគោរពសក្ការៈចំពោះអល់ឡោះ ជាការប្រសើរ គឺចេតនា(ត្រឹមត្រូវ) និងធ្វើជាប់ជាប្រចាំ មិនមែនជាការធ្វើច្រើនហួសហេតុដែលនាំឱ្យមានការបោះបង់ចោលវិញនោះទេ។

អ៊ិពនូហាជើរ បាននិយាយថា៖ នៅពេលដែលខ្ញុំបម្រើអល់ឡោះឈានដល់កម្រិតកំពូលក្នុងការ គោរពសក្ការៈ និងសម្រេចបាននូវផ្លែផ្ការបស់វា នោះវានឹងក្លាយជាកត្តាដែលជំរុញរូបគេឲ្យធ្វើវាជាជាប់ប្រចាំ ដើម្បីរក្សាពរជ័យនោះ និងបង្កើនវាតាមរយៈការដឹងគុណ។

បង្គាប់ប្រើឲ្យខឹងសម្បានៅពេលដែលមានការបំពានលើច្បាប់បញ្ញត្តិសាសនា និងធ្វើការបដិសេធចំពោះបណ្តាអ្នកដែលមានភាពឆ្លាតវៃ និងមានសមត្ថភាពអាចយល់ ប្រសិនបើពួកគេយល់មិនបានត្រឹមត្រូវ ដើម្បីដាស់ការយល់ដឹងរបស់ពួកគេ។

បង្ហាញពីភាពទន់ភ្លន់របស់ណាពី ﷺ ចំពោះប្រជាជាតិរបស់លោក។ ជាការពិតណាស់ សាសនាឥស្លាម គឺជាសាសនាដែលមានភាពងាយស្រួល ហើយច្បាប់បញ្ញត្តិឥស្លាម គឺមានភាពត្រឹមត្រូវ និងមានការអនុគ្រោះ។

ឆន្ទៈមោះមុតរបស់បណ្តាសហាហ្ពាត់ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ ហើយនិងការស្នើសុំ ទាមទារចង់បានប្រការល្អបន្ថែមទៀត។

ត្រូវប្រកាន់ខ្ជាប់នូវអ្វីដែលច្បាប់បានបញ្ញត្តិ ទាំងចំពោះបទបញ្ជាចាំបាច់ និងការអនុគ្រោះពិសេស ហើយត្រូវជឿជាក់ថា ការទទួលយកនូវអ្វីដែលមានភាពងាយស្រួលជាង ហើយស្របនឹងច្បាប់ឥស្លាម គឺប្រសើរជាងការទទួលយកនូវអ្វីដែលលំបាក តែផ្ទុយនឹងច្បាប់ឥស្លាម។

التصنيفات

Our Prophet Muhammad, may Allah's peace and blessings be upon him, Shariah Ruling, The Sunnah, Merits of Good Deeds