إعدادات العرض
“ពិតប្រាកដណាស់ នឹងមានភាពវឹកវរជាច្រើនកើតមានឡើង។ ចូរដឹងថា បន្ទាប់មក…
“ពិតប្រាកដណាស់ នឹងមានភាពវឹកវរជាច្រើនកើតមានឡើង។ ចូរដឹងថា បន្ទាប់មក នឹងមានភាពវឹកវរមួយដែលអ្នកដែលអង្គុយស្ងៀមនៅក្នុងនោះ គឺប្រសើរជាងអ្នកដែលដើរនៅក្នុងនោះ។
អំពី អ៊ូស្មាន អាស្ហស្ហះហាម បាននិយាយថា៖ ខ្ញុំ និង ហ្វើរកត់ អាស្សាហ្ពាឃី បានទៅជួបនឹង មូស្លីម ពិន អាពីពឹករ៉ោះ ខណៈដែលគាត់ស្ថិតនៅលើដីរបស់គាត់។ ពួកយើងក៏បានចូលទៅជួបគាត់ ហើយសួរថា៖ តើអ្នកបានឮឪពុករបស់អ្នកនិយាយទាក់ទងនឹងភាពវឹកវរ(ហ្វិតណះ)ដែរឬទេ? គាត់បានឆ្លើយថា៖ បាទ ខ្ញុំបានឮ អាពូពឹករ៉ោះ رضي الله عنه និយាយ។ គាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ នឹងមានភាពវឹកវរជាច្រើនកើតមានឡើង។ ចូរដឹងថា បន្ទាប់មក នឹងមានភាពវឹកវរមួយដែលអ្នកដែលអង្គុយស្ងៀមនៅក្នុងនោះ គឺប្រសើរជាងអ្នកដែលដើរនៅក្នុងនោះ។ ហើយអ្នកដែលដើរនៅក្នុងនោះ គឺប្រសើរជាងអ្នកដែលរត់ទៅរកវា។ ដូច្នេះត្រូវដឹងថា នៅពេលដែលវាចុះមក ឬកើតឡើង ជនណាដែលមានសត្វអូដ្ឋ ចូរឲ្យគេទៅរកសត្វអូដ្ឋរបស់ខ្លួន។ ជនណាដែលមានសត្វពពែ ចូរឲ្យគេទៅរកពពែរបស់ខ្លួន ហើយជនណាដែលមានដី ចូរឲ្យគេទៅរកដីរបស់ខ្លួន”។ គាត់បាននិយាយថា៖ ពេលនោះ មានបុរសម្នាក់សួរថា៖ ឱ រ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាដែរចំពោះអ្នកដែលគ្មានសត្វអូដ្ឋ គ្មានសត្វពពែ ហើយក៏គ្មានដីដែរនោះ? លោកបានឆ្លើយថា៖ “គឺគេត្រូវយកដាវរបស់ខ្លួន ទៅត្រដុសមុខដ៏មុតរបស់វាជាមួយនឹងថ្ម(ឱ្យរឹល)។ បន្ទាប់មក ចូរឲ្យគេគេចខ្លួន ប្រសិនបើអាចគេចបាន។ ឱអល់ឡោះជាម្ចាស់! តើខ្ញុំបានផ្សព្វផ្សាយហើយឬនៅ? ឱអល់ឡោះជាម្ចាស់! តើខ្ញុំបានផ្សព្វផ្សាយហើយឬនៅ? ឱអល់ឡោះជាម្ចាស់! តើខ្ញុំបានផ្សព្វផ្សាយហើយឬនៅ”? គាត់បាននិយាយថា៖ ពេលនោះ មានបុរសម្នាក់សួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណា ប្រសិនបើខ្ញុំត្រូវបានគេបង្ខំឱ្យទៅកាន់ក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរ ហើយមានបុរសម្នាក់វាយខ្ញុំដោយដាវរបស់គេ ឬមានព្រួញមួយមកចំខ្ញុំ ហើយសម្លាប់ខ្ញុំនោះ? លោកបានឆ្លើយថា៖ “គេនឹងទទួលបាបកម្មរបស់គេខ្លួនឯង និងបាបកម្មរបស់អ្នក ហើយគេនឹងស្ថិតក្នុងចំណោមពួកឋាននរក”។
الترجمة
العربية Tiếng Việt অসমীয়া Nederlands Bahasa Indonesia Kiswahili Hausa සිංහල English ગુજરાતી Magyar ქართული Română Русский Português ไทย తెలుగు मराठी دری Türkçe አማርኛ বাংলা Kurdî Malagasy Македонски Tagalogالشرح
អ៊ូស្មាន ពិន អាស្ហស្ហះហាម និង ហ្វើរកត់ អាស្សាហ្ពាឃី បានសួរ មូស្លីម ដែលជាកូនប្រុសរបស់សហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់ គឺ អាពូពឹករ៉ោះ رضي الله عنه ថា តើគាត់បានឮឪពុករបស់គាត់និយាយប្រាប់នូវហាទីស្ហណាមួយពីណាពី ﷺ ទាក់ទងនឹងភាពវឹកវរ និងការកាប់សម្លាប់គ្នាដែលកើតឡើងរវាងអ្នកមូស្លីមដែរឬទេ? ពេលនោះ គាត់បានឆ្លើយថា៖ បាទ ឮ។ ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នឹងមានភាពវឹកវរជាច្រើនកើតឡើងក្រោយពីការស្លាប់របស់លោក។ ហើយចំពោះភាពវឹកវរទាំងនេះ អ្នកដែលអង្គុយចុះ មិនយកចិត្តទុកដាក់នឹងវា គឺប្រសើរជាងអ្នកដែលដើរទៅរកដោយមិនប្រាថ្នា ហើយមិនស្វែងរកវា ហើយអ្នកដែលដើរទៅរក គឺប្រសើរជាងអ្នកដែលរត់ទៅរកវាដោយការស្វែងរក និងចូលរួមក្នុងភាពវឹកវរនោះ។ បន្ទាប់មក ណាពី ﷺ បានណែនាំដល់អ្នកដែលរស់នៅក្នុងអំឡុងពេលដែលភាពវឹកវរនោះកើតឡើងថា ប្រសិនបើគេមានកន្លែងជ្រកកោន ចូរឲ្យគេទៅកាន់ទីនោះ។ ដូចនេះ ជនណាដែលមានសត្វអូដ្ឋ ចូរឲ្យគេទៅរកសត្វអូដ្ឋរបស់ខ្លួន។ ជនណាដែលមានសត្វពពែ ចូរឲ្យគេទៅរកពពែរបស់ខ្លួន ហើយជនណាដែលមានដីឬចម្ការ ចូរឲ្យគេទៅរកដីរបស់ខ្លួន។ ពេលនោះ មានបុរសម្នាក់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាចំពោះអ្នកដែលគ្មានកន្លែងជ្រកកោនដូចជាសត្វអូដ្ឋ គ្មានសត្វពពែ ហើយក៏គ្មានដីដែរនោះ? លោកបានឆ្លើយថា៖ គឺគេត្រូវយកដាវរបស់ខ្លួន ទៅត្រដុសមុខដ៏មុតរបស់វាជាមួយនឹងថ្ម(ឱ្យរឹល)។ បន្ទាប់មក ចូរឲ្យគេរត់គេចនិងសង្គ្រោះខ្លួនឯងនិងកូនចៅរបស់ខ្លួន ប្រសិនបើអាចគេចរួច។ បន្ទាប់មក ណាពី ﷺ បានធ្វើសាក្សីចំនួនបីដងដោយពោលថា៖ ឱអល់ឡោះជាម្ចាស់! តើខ្ញុំបានផ្សព្វផ្សាយហើយឬនៅ? ឱអល់ឡោះជាម្ចាស់! តើខ្ញុំបានផ្សព្វផ្សាយហើយឬនៅ? ឱអល់ឡោះជាម្ចាស់! តើខ្ញុំបានផ្សព្វផ្សាយហើយឬនៅ? នៅពេលនោះ មានបុរសម្នាក់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាប្រសិនបើខ្ញុំត្រូវបានគេបង្ខំឱ្យចូលរួមជាមួយក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះ ហើយមានបុរសម្នាក់វាយខ្ញុំនឹងដាវរបស់គេ ឬមានព្រួញមួយមកចំខ្ញុំ ហើយសម្លាប់ខ្ញុំនោះ? លោកបានឆ្លើយថា៖ គេនឹងទទួលបាបកម្មរបស់គេខ្លួនឯង និងបាបកម្មរបស់អ្នកដែលខ្លួនគេបានសម្លាប់ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរក។فوائد الحديث
ការប្រាប់ពីភាពវឹកវរដែលនឹងកើតឡើង គឺដើម្បីព្រមានអំពីវា និងដើម្បីឱ្យមនុស្សត្រៀមខ្លួនសម្រាប់វាដើម្បីកុំឱ្យពួកគេចូលរួម ឬពាក់ព័ន្ធជាមួយវាឡើយ ហើយត្រូវសុំពីអល់ឡោះជាម្ចាស់ឱ្យផ្តល់នូវភាពអត់ធ្មត់ និងមានសុវត្ថិភាពអំពីប្រការអាក្រក់របស់វា។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ប្រសាសន៍របស់ណាពី ﷺ ៖ “អ្នកដែលអង្គុយនៅក្នុងវា គឺប្រសើរជាងអ្នកដែលឈរ” រហូតដល់ចប់៖ អត្ថន័យរបស់វា គឺបញ្ជាក់ពីគ្រោះថ្នាក់ដ៏ធំរបស់វា និងជំរុញឱ្យជៀសវាងអំពីវា និងរត់គេចអំពីវា។ ជាការពិតណាស់ ប្រការអាក្រក់ និងភាពវឹកវររបស់វា គឺអាស្រ័យលើកម្រិតនៃការពាក់ព័ន្ធជាមួយនឹងវា។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ គេមិនយកទោសពៃរ៍ពីអ្នកដែលត្រូវបានគេបង្ខំឱ្យមានវត្តមាននៅទីនោះឡើយ។ ចំណែកឯការសម្លាប់អ្នកដទៃ គឺមិនត្រូវបានអនុញ្ញាតដោយសារតែមានគេបង្ខំឡើយ។ ផ្ទុយទៅវិញ អ្នកដែលត្រូវបានគេបង្ខំនឹងទទួលបាបកម្មចំពោះទង្វើដែលគេប្រើខ្លួនឲ្យធ្វើ យោងតាមការឯកភាពរបស់សាសនវិទូឥស្លាម។
អ៊ិពនូហាជើរ បាននិយាយថា៖ អ្នកផ្សេងទៀតបាននិយាយថា៖ ប្រសិនបើក្រុមមួយបះបោរប្រឆាំងនឹងមេដឹកនាំ ដោយបដិសេធមិនបំពេញកាតព្វកិច្ចរបស់ខ្លួន ហើយបញ្ឆេះសង្គ្រាម គឺចាំបាច់ត្រូវប្រយុទ្ធប្រឆាំងនឹងពួកគេ។ ក៏ដូចគ្នាដែរ ប្រសិនបើក្រុមពីរធ្វើសង្គ្រាមនឹងគ្នា ចាំបាច់លើរាល់អ្នកដែលមានលទ្ធភាព ត្រូវបញ្ឈប់អ្នកដែលខុសឆ្គង ហើយជួយអ្នកដែលត្រូវ។ នេះគឺជាទស្សនៈរបស់សាសនវិទូឥស្លាមភាគច្រើន។ ហើយអ្នកផ្សេងទៀតបានពន្យល់បន្ថែមដោយនិយាយថា៖ រាល់ការប្រយុទ្ធគ្នាដែលកើតឡើងរវាងអ្នកមូស្លីមពីរក្រុមក្នុងពេលដែលគ្មានមេដឹកនាំ ការប្រយុទ្ធគ្នានៅពេលនោះ គឺត្រូវបានហាមឃាត់។ ហើយហាទីស្ហទាំងអស់ដែលទាក់ទងនឹងបញ្ហានេះ និងបញ្ហាផ្សេងទៀតគួរតែត្រូវបានអនុវត្តក្នុងបរិបទនេះ។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ពិតណាស់ សាសនវិទូឥស្លាមបានខ្វែងគំនិតគ្នាអំពីការប្រយុទ្ធនៅក្នុងអំឡុងពេលដែលមានភាពវឹកវរ។ សាសនវិទូឥស្លាមមួយចំនួនបាននិយាយថា៖ គេមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រយុទ្ធនៅក្នុងសង្គ្រាមដែលកើតមានរវាងអ្នកមូស្លីមឡើយ ទោះបីជាពួកគេចូលទៅក្នុងផ្ទះរបស់គេ និងព្យាយាមសម្លាប់គេក៏ដោយ គឺមិនអនុញ្ញាតឱ្យគេការពារខ្លួនឡើយ ព្រោះអ្នកដែលព្យាយាមសម្លាប់អ្នកអាចមានហេតុផលដែលត្រឹមត្រូវពិតប្រាកដ។ នេះជាជំហររបស់អាពូពឹករ៉ោះ ជាសហាហ្ពាត់ رضي الله عنه និងអ្នកផ្សេងទៀត។ ចំណែកឯ អ៊ិពនូអ៊ូមើរ និងអ៊ិមរ៉ន ពិន ហ៊ូសៃន៍ رضي الله عنهم និងអ្នកផ្សេងទៀតក្រៅពីគាត់ទាំងពីរបាននិយាយថា៖ មិនអនុញ្ញាតឱ្យចូលរួមឡើយ លុះត្រាតែគេមានបំណងដើម្បីការពារខ្លួនឯង ទើបអាចធ្វើបាន។ ជំហរទាំងពីរនេះបានឯកភាពថា មិនត្រូវចូលរួមនៅក្នុងភាពវឹកវរទាំងអស់ដែលកើតមាននៅក្នុងសាសនាអ៊ីស្លាម។ ក៏ប៉ុន្តែភាគច្រើននៃសហាហ្ពាត់ និងអ្នកដែលតាមពួកគេ និងសាសនវិទូឥស្លាមទូទៅ បាននិយាយថា៖ ចាំបាច់ត្រូវជួយដល់ភាគីដែលត្រឹមត្រូវក្នុងពេលមានភាពវឹកវរ និងឈរជាមួយគេដើម្បីប្រយុទ្ធប្រឆាំងនឹងអ្នកបះបោរ ដូចដែលអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ចូរពួកអ្នកច្បាំងតទល់នឹងក្រុមដែលបំពាននោះ រហូតទាល់តែក្រុមនោះត្រឡប់ទៅរកបទបញ្ជារបស់អល់ឡោះវិញ”។ (អាល់ហ៊ូជូរ៉ត៖៩)។ នេះគឺជាទស្សនៈដែលត្រឹមត្រូវ។ ហើយហាទីស្ហដែលមានទាំងនេះ ត្រូវបានអនុវត្តសម្រាប់អ្នកដែលមិនអាចដឹងច្បាស់ថាភាគីណាត្រឹមត្រូវ ឬសម្រាប់ក្រុមពីរដែលអយុត្តិធម៌ដូចគ្នា ដោយគ្មានភាគីណាមួយមានហេតុផលត្រឹមត្រូវជាងនោះឡើយ។
التصنيفات
Rebelling against the Muslim Ruler