إعدادات العرض
“ពិតប្រាកដណាស់ អល់ឡោះមិនផ្ទំឡើយ ហើយក៏គ្មានការចាំបាច់ដែលទ្រង់ត្រូវផ្ទំនោះដែរ។
“ពិតប្រាកដណាស់ អល់ឡោះមិនផ្ទំឡើយ ហើយក៏គ្មានការចាំបាច់ដែលទ្រង់ត្រូវផ្ទំនោះដែរ។
អំពី អាពូមូសា رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានក្រោកឈរថ្លែងនៅចំពោះមុខពួកយើងដោយលោកបានថ្លែងនូវប្រាំឃ្លា។ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះមិនផ្ទំឡើយ ហើយក៏គ្មានការចាំបាច់ដែលទ្រង់ត្រូវផ្ទំនោះដែរ។ ទ្រង់ទម្លាក់ជញ្ជីងចុះ និងលើកវាឡើង។ គេ(ម៉ាឡាអ៊ីកាត់)លើកយកទង្វើ(របស់ខ្ញុំបម្រើទ្រង់)ដែលបានសាងនៅពេលយប់ទៅកាន់ទ្រង់ មុននឹងទង្វើដែលបានសាងនៅពេលថ្ងៃ។ ហើយគេលើកយកទង្វើ(របស់ពួកគេ)ដែលបានសាងនៅពេលថ្ងៃទៅកាន់ទ្រង់ មុននឹងទង្វើដែលបានសាងនៅពេលយប់។ របាំងរបស់ទ្រង់ គឺពន្លឺ។ (នៅក្នុងសេចក្តីរាយការណ៍ផ្សេងទៀត៖ គឺភ្លើង)។ ប្រសិនបើទ្រង់បើកវាចេញនោះ រស្មីដ៏ឧត្ដុង្គឧត្ដមនៃព្រះភ័ក្ត្ររបស់ទ្រង់នឹងដុតបំផ្លាញអ្វីៗទាំងអស់ដែលព្រះនេត្ររបស់ទ្រង់អាចមើលឃើញនៃភាវៈទាំងឡាយរបស់ទ្រង់”។
الترجمة
العربية Português دری Македонски Tiếng Việt Magyar ქართული Indonesia বাংলা Kurdî ไทย অসমীয়া Nederlands Hausa ਪੰਜਾਬੀ Kiswahili Tagalog English ગુજરાતી සිංහල Русский मराठी മലയാളം ಕನ್ನಡ Српски Türkçe हिन्दी తెలుగు اردوالشرح
ណាពី ﷺ បានក្រោកឈរថ្លែងទៅកាន់សហាហ្ពាត់របស់លោកដោយលោកបានលើកឡើងនូវប្រាំឃ្លាដែលមានលក្ខណៈពេញលេញ គឺ៖ ទីមួយ៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនផ្ទំឡើយ។ ទីពីរ៖ ទ្រង់ក៏គ្មានការចាំបាច់ដែលត្រូវផ្ទំនោះដែរ ព្រោះតែភាពពេញលេញនៃការគ្រប់គ្រង និងជីវិតដ៏ពេញលេញរបស់ទ្រង់។ ទីបី៖ អល់ឡោះជាម្ចាស់ទ្រង់ទម្លាក់ជញ្ជីងចុះ និងលើកវាឡើងទៅតាមអ្វីដែលគេបានថ្លឹងនៃទង្វើខ្ញុំបម្រើរបស់ទ្រង់ដែលគេបានលើកវាឡើងទៅកាន់ទ្រង់ ក៏ដូចជាអ្វីដែលគេបានថ្លឹងនៃលាភសក្ការៈដែលចុះទៅកាន់ផែនដី។ ដូចនេះ លាភសក្ការៈដែលជាជញ្ជីង និងជាចំណែករបស់សត្វលោកម្នាក់ៗ គឺអល់ឡោះជាម្ចាស់អាចទម្លាក់ចុះដែលជាហេតុធ្វើឲ្យគេមានជីវភាពក្រីក្រ និងអាចលើកវាឡើងដែលជាហេតុធ្វើឲ្យគេមានជីវភាពស្តុកស្តម្ភ។ ទីបួន៖ ម៉ាឡាអ៊ីកាត់លើកយកទង្វើខ្ញុំបម្រើរបស់អល់ឡោះដែលបានសាងនៅពេលយប់ទៅកាន់ទ្រង់មុននឹងទង្វើរបស់ពួកគេដែលបានសាងនៅពេលថ្ងៃ។ ហើយគេលើកយកទង្វើរបស់ពួកគេដែលបានសាងនៅពេលថ្ងៃទៅកាន់ទ្រង់មុននឹងទង្វើដែលបានសាងនៅពេលយប់។ ដូចនេះ ម៉ាឡាអ៊ីកាត់ហាហ្វាហ្សោះនាំយកទង្វើដែលខ្ញុំបម្រើអល់ឡោះបានសាងនៅពេលយប់ឡើងទៅកាន់ទ្រង់នៅពេលព្រលឹម ហើយនាំយកទង្វើដែលខ្ញុំបម្រើអល់ឡោះបានសាងនៅពេលថ្ងៃឡើងទៅកាន់ទ្រង់នៅពេលព្រលប់។ ទីប្រាំ៖ របាំងរបស់ទ្រង់ដែលរារាំងមិនឲ្យមើលឃើញទ្រង់ គឺពន្លឺ ឬភ្លើង។ ប្រសិនបើទ្រង់ដកវាចេញនោះ រស្មីដ៏ឧត្ដុង្គឧត្ដមនៃព្រះភ័ក្ត្ររបស់ទ្រង់នឹងដុតបំផ្លាញអ្វីៗទាំងអស់ដែលព្រះនេត្ររបស់ទ្រង់អាចមើលឃើញនៃភាវៈទាំងឡាយរបស់ទ្រង់។ រស្មីដ៏ឧត្ដុង្គឧត្ដមនៃព្រះភ័ក្ត្ររបស់ទ្រង់ គឺជាពន្លឺ ភាពឧត្តុង្គឧត្តម និងភាពត្រចេះត្រចង់របស់ទ្រង់។ នោះគឺ៖ ប្រសិនបើទ្រង់ដករបាំងដែលរារាំងមិនឲ្យមើលឃើញទ្រង់ចេញ ហើយបង្ហាញព្រះភក្ត្រទៅកាន់ភាវៈទាំងឡាយរបស់ទ្រង់នោះ រស្មីដ៏ឧត្ដុង្គឧត្ដមនៃព្រះភ័ក្ត្ររបស់ទ្រង់ប្រាកដជានឹងដុតបំផ្លាញអ្វីៗទាំងអស់ដែលព្រះនេត្ររបស់ទ្រង់អាចមើលឃើញនៃភាវៈទាំងឡាយរបស់ទ្រង់ ពោលគឺគ្រប់ភាវៈទាំងអស់ដែលទ្រង់បានបង្កើត ពីព្រោះការមើលឃើញរបស់ទ្រង់គ្របដណ្តប់លើគ្រប់ភាវៈទាំងអស់។فوائد الحديث
បញ្ជាក់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនផ្ទំឡើយ ព្រោះការផ្ទំ(ដេក)បញ្ជាក់ពីភាពខ្វះខាត(ត្រូវការសម្រាក) ហើយអល់ឡោះជាម្ចាស់ទ្រង់ជ្រះស្អាត បរិសុទ្ធពីភាពខ្វះខាតនេះ។
អល់ឡោះជាម្ចាស់ទ្រង់ប្រទានកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា និងធ្វើឱ្យអាប់ឱនកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា។ ទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
ទង្វើដែលខ្ញុំបម្រើអល់ឡោះបានសាងត្រូវគេលើកឡើងទៅកាន់អល់ឡោះជាម្ចាស់ជារៀងរាល់ថ្ងៃ រៀងរាល់យប់។ នេះជំរុញខ្ញុំបម្រើអល់ឡោះឲ្យដឹងពីការឃ្លាំមើលរបស់អល់ឡោះចំពោះរូបគេទាំងពេលយប់ ទាំងពេលថ្ងៃ។
ហាទីស្ហនេះបង្ហាញពីភាពយុត្តិធម៌របស់អល់ឡោះជាម្ចាស់ និងការរៀបចំកិច្ចការសព្វភាវៈទាំងឡាយរបស់ទ្រង់បានយ៉ាងល្អបំផុត។ គ្មានអ្វីដែលគួរឲ្យសង្ស័យឡើយដែលថា នេះគឺស្ថិតក្នុងចំណោមលក្ខណៈសម្បត្តិដ៏ពេញលេញរបស់អល់ឡោះជាម្ចាស់។
ទទួលស្គាល់នូវ របាំង ឬ “ហ៊ីហ្ជាប”របស់អល់ឡោះជាម្ចាស់។ វាគឺជាពន្លឺដែលបាំងបិទរវាងទ្រង់ និងភាវៈទាំងឡាយរបស់ទ្រង់។ ប្រសិនបើគ្មានរបាំងនេះទេនោះ ច្បាស់ជាពួកគេនឹងត្រូវឆាបឆេះជាមិនខាន។
អាល់អាជូរី បាននិយាយថា៖ ពិតប្រាកដណាស់ អ្នកដែលដើរតាមប្រការត្រឹមត្រូវ(أهل الحق)ពណ៌នាពីលក្ខណៈសម្បត្តិរបស់អល់ឡោះជាម្ចាស់ទៅតាមអ្វីដែលទ្រង់បានពិពណ៌នាដោយខ្លួនទ្រង់ផ្ទាល់ និងតាមអ្វីដែលអ្នកនាំសាររបស់ទ្រង់ ﷺ បានពិពណ៌នា ព្រមទាំងតាមអ្វីដែលបណ្តាសហាហ្ពាត់ رضي الله عنهم បានពិពណ៌នា។ នេះជាមាគ៌ារបស់សាសនវិទូឥស្លាមដែលជាអ្នកដើរតាម(ស៊ុណ្ណះ) មិនមែនជាអ្នកបង្កើតថ្មី(ពិតអះ)។ ដូចនេះ អ្នកដែលដើរតាមស៊ុណ្ណះ គឺទទួលស្គាល់សម្រាប់អល់ឡោះនូវអ្វីដែលទ្រង់បានទទួលស្គាល់សម្រាប់ខ្លួនទ្រង់នៃបណ្តានាមនិងលក្ខណៈសម្បត្តិរបស់ទ្រង់ដោយគ្មានការកែប្រែ បដិសេធ កំណត់រូបរាង ឬការប្រៀបប្រដូចនោះឡើយ និងបដិសេធពីអល់ឡោះនូវអ្វីដែលទ្រង់បានបដិសេធពីខ្លួនទ្រង់ ហើយនៅស្ងៀមចំពោះអ្វីដែលគ្មានភស្តុតាងបញ្ជាក់ពីការទទួលស្គាល់ ឬបដិសេធ។ អល់ឡោះជាម្ចាស់មានបន្ទូលថា៖ “لَيْسَ كَمِثْلِهِ شَيْءٌ وَهُوَ السَّمِيعُ الْبَصِيرُ” (គ្មានអ្វីប្រដូចនឹងទ្រង់បានឡើយ ហើយទ្រង់មហាឮ មហាឃើញ)។
ពន្លឺ(النور)ដែលជាលក្ខណៈសម្បត្តិរបស់អល់ឡោះជាម្ចាស់ គឺខុសពីពន្លឺដែលបិទបាំងព្រះកាយរបស់ទ្រង់ ព្រោះពន្លឺដែលបិទបាំងព្រះកាយរបស់ទ្រង់ គឺជាពន្លឺដែលទ្រង់បង្កើត(ម៉ាខ្លូក)។ ចំណែកឯពន្លឺរបស់អល់ឡោះជាម្ចាស់វិញ គឺជាពន្លឺដែលសក្តិសមនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់ និងសក្តិសមនឹងអង្គរបស់ទ្រង់ គ្មានអ្វីមួយដែលអាចប្រដូចនឹងទ្រង់បានឡើយ។ ចំពោះអ្វីដែលណាពី ﷺ លោកបានឃើញ វាគឺជារបាំង(ហ៊ីហ្ជាប)ដែលបិទបាំងរវាងអល់ឡោះជាម្ចាស់ និងខ្ញុំបម្រើរបស់ទ្រង់។
