“នៅជំនាន់មុនពួកអ្នក មានស្តេចមួយអង្គ។ ទ្រង់មានគ្រូវេទមន្ដម្នាក់

“នៅជំនាន់មុនពួកអ្នក មានស្តេចមួយអង្គ។ ទ្រង់មានគ្រូវេទមន្ដម្នាក់

អំពី ស៊ូហ៊ែប رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅជំនាន់មុនពួកអ្នក មានស្តេចមួយអង្គ។ ទ្រង់មានគ្រូវេទមន្ដម្នាក់។ នៅពេលដែលគ្រូវេទមន្តនោះចាស់ទៅ គាត់បាននិយាយទៅកាន់ស្តេចថា៖ ពិតប្រាកដណាស់ ខ្ញុំពិតជាចាស់ណាស់ទៅហើយ។ ហេតុនេះ សូមព្រះអង្គចាត់តាំងកេ្មងប្រុសម្នាក់មកកាន់ខ្ញុំដើម្បីខ្ញុំនឹងបង្រៀនវេទមន្តដល់ក្មេងនោះ។ ពេលនោះ ស្តេចក៏បានចាត់បញ្ជូនកេ្មងប្រុសម្នាក់ឲ្យគ្រូវេទមន្តដើម្បីបង្រៀនវេទមន្តដល់រូបគេ។ នៅតាមផ្លូវដែលកេ្មងនោះទៅរៀនវេទមន្ត រូបគេបានជួបបុព្វជិតម្នាក់។ កេ្មងនោះបានអង្គុយស្តាប់ពាក្យសំដីរបស់បព្វជិតនោះ ហើយបានធ្វើឲ្យក្មេងនោះចាប់អាម្មណ៍។ ដូចនេះ រាល់ពេលដែលក្មេងនោះទៅជួបគ្រូវេទមន្ត រូបគេតែងឆ្លងកាត់បុព្វជិតនោះ ហើយអង្គុយស្តាប់។ លុះដល់ពេលទៅដល់គ្រូវេទមន្ត គ្រូនោះបានវាយក្មេងនោះ(ដោយសារទៅរៀនយឺត)។ ក្មេងនោះក៏បានត្អូញត្អែរពីរឿងនោះប្រាប់បព្វជិត។ បព្វជិតបាននិយាយថា៖ ប្រសិនបើឯងខ្លាចគ្រូវេទមន្ត ឯងត្រូវនិយាយថា៖ ក្រុមគ្រួសាររបស់ខ្ញុំធ្វើឲ្យខ្ញុំយឺត។ ហើយប្រសិនបើឯងខ្លាចក្រុមគ្រួសាររបស់ឯង ឯងត្រូវនិយាយថា៖ គ្រូវេទមន្តធ្វើឲ្យខ្ញុំយឺត។ ពេលដែលក្មេងនោះអនុវត្តដូចនោះ ស្រាប់តែថ្ងៃមួយ មានសត្វព្រៃដ៏ធំមួយបានរារាំងមនុស្ស។ កេ្មងនោះក៏និយាយថា៖ ថ្ងៃនេះខ្ញុំនឹងដឹងថា តើគ្រូវេទមន្តប្រសើរជាង ឬបព្វជិតប្រសើរជាង? ពេលនោះ គេក៏យកដុំថ្មមួយដុំ ហើយពោលថា៖ ឱអល់ឡោះជាម្ចាស់! ប្រសិនបើកិច្ចការរបស់បព្វជិតទ្រង់ពេញចិត្តជាងកិច្ចការរបស់គ្រូវេទមន្តនោះ សូមទ្រង់សម្លាប់សត្វនេះផង ដើម្បីឲ្យមនុស្សអាចធ្វើដំណើរដូចធម្មតា។ ក្មេងនោះក៏គប់ដុំថ្មទៅ រួចក៏បានធ្វើឲ្យសត្វនោះស្លាប់ ហើយមនុស្សទាំងឡាយក៏ធ្វើដំណើរបានដូចធម្មតាវិញ។ កេ្មងនោះបានមកជួបបព្វជិត ហើយនិយាយរឿងនោះប្រាប់គាត់។ នៅពេលនោះ បព្វជិតបាននិយាយទៅកាន់កេ្មងនោះថា៖ កូនប្រុស! ថ្ងៃនេះឯងល្អជាងខ្ញុំទៅទៀត។ កិច្ចការរបស់ឯងបានដល់កម្រិតមួយដែលខ្ញុំយល់ថា ឯងពិតជានឹងត្រូវគេសាកល្បង(នាពេលឆាប់ៗនេះ)។ ប្រសិនបើឯងត្រូវគេសាកល្បង ចូរឯងកុំចង្អុលបង្ហាញប្រាប់គេអំពីខ្ញុំឲ្យសោះ។ ក្រោយមក កេ្មងប្រុសនោះអាចព្យាបាលមនុស្សពិការភ្នែកឲ្យមើលឃើញវិញ អាចព្យាបាលអ្នកជំងឺឃ្លង់ និងព្យាបាលមនុស្សឲ្យជាសះស្បើយពីជំងឺផេ្សងៗ។ ពេលនោះ មានមន្ត្រីម្នាក់ដែលស្និទ្ធនឹងស្តេចដែលជាមនុស្សពិការភ្នែកបានឮព័ត៌មាននេះ។ គាត់ក៏បានយកអំណោយជាច្រើនឲ្យកេ្មងប្រុសនោះ ហើយនិយាយថា៖ អ្វីៗទាំងអស់នេះជារបស់អ្នកទាំងអស់ ប្រសិនបើអ្នកអាចព្យាបាលខ្ញុំឲ្យជាសះស្បើយ។ កេ្មងប្រុសនោះតបវិញថា៖ ខ្ញុំពិតជាមិនអាចធ្វើឲ្យនរណាម្នាក់ជាសះស្បើយបានឡើយ។ តាមពិត អ្នកដែលឲ្យជាសះស្បើយនោះ គឺអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ដូចនេះ ប្រសិនបើលោកមានជំនឿចំពោះអល់ឡោះ ខ្ញុំនឹងសុំពីទ្រង់ឲ្យលោកបានជាសះស្បើយ។ បុរសនោះក៏បានជឿចំពោះអល់ឡោះ ហើយអល់ឡោះក៏ឲ្យគាត់ជាសះស្បើយ។ គាត់ក៏ត្រឡប់មកជួបស្តេច ហើយអង្គុយនៅជាមួយទ្រង់ដូចសព្វដង។ ស្តេចបានសួរថា៖ តើអ្នកណាជាអ្នកធ្វើឲ្យភ្នែកអ្នកមើលឃើញឡើងវិញ? គាត់បានឆ្លើយថា៖ ព្រះជាម្ចាស់របស់ខ្ញុំ។ ស្តេចក៏សួរទៀតថា៖ តើអ្នកមានព្រះជាម្ចាស់ផេ្សងក្រៅពីយើងឬ? គាត់បានឆ្លើយថា៖ ព្រះជាម្ចាស់របស់ខ្ញុំ និងព្រះជាម្ចាស់របស់ទ្រង់ គឺអល់ឡោះ។ ស្តេចក៏បានចាប់បុរសនោះ ហើយធ្វើទារុណកម្ម រហូតគាត់ឆ្លើយប្រាប់សេ្ដចពីរឿងកេ្មងប្រុសនោះ។ គេក៏បាននាំកេ្មងប្រុសនោះមក ហើយស្តេចបានសួរក្មេងប្រុសនោះថា៖ នែកូនប្រុស! វេទមន្តរបស់ឯងឈានដល់កម្រិតដែលអាចព្យាបាលមនុស្សពិការភ្នែក មនុស្សកើតឃ្លង់ និងអាចធ្វើអ្វីៗផេ្សងទៀតបានឬ? កេ្មងប្រុសនោះបានឆ្លើយថា៖ ខ្ញុំពិតជាមិនអាចធ្វើឲ្យនរណាម្នាក់ជាសះស្បើយឡើយ។ ការពិតអ្នកដែលឲ្យជាសះស្បើយនោះ គឺអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ស្តេចក៏ចាប់កេ្មងប្រុសនោះ ហើយធ្វើទារុណកម្មរហូតដល់កេ្មងនោះឆ្លើយប្រាប់ពីរឿងបព្វជិត។ គេបាននាំបព្វជិតនោះមក ហើយបញ្ជាថា៖ អ្នកត្រូវតែចេញពីសាសនារបស់អ្នក។ បព្វជិតនោះបានបដិសេធ។ ខណៈនោះ គេក៏បានយករណារដាក់លើក្បាលបព្វជិតនោះ ហើយអារ រហូតដាច់ជាពីរចំណែក។ បន្ទាប់មក គេបាននាំអ្នកដែលស្និទ្ធនឹងស្តេចមក ហើយបញ្ជាថា៖ អ្នកត្រូវតែចេញពីសាសនារបស់អ្នក តែគាត់បានបដិសេធ។ គេក៏បានយករណារដាក់លើក្បាលរបស់គាត់ ហើយអារ រហូតដាច់ជាពីរចំណែក។ បន្ទាប់មក គេបាននាំកេ្មងប្រុសនោះមក ហើយបញ្ជាថា៖ អ្នកត្រូវតែចេញពីសាសនារបស់អ្នក តែក្មេងនោះបានបដិសេធ។ ស្តេចក៏បានប្រគល់ក្មេងនោះឲ្យទៅមន្ត្រីរបស់ទ្រង់ដោយនិយាយថា៖ ចូរពួកឯងនាំវាឡើងលើភ្នំនេះ។ នៅពេលដែលពួកឯងឡើងដល់កំពូលភ្នំហើយ ចូរសួរវា។ បើវាព្រមចេញពីសាសនារបស់វា ចូរពួកឯងដោះលែងវាចុះ។ តែបើវាមិនព្រមទេ ពួកឯងត្រូវទម្លាក់វាមកក្រោម។ ពួកគេក៏នាំកេ្មងប្រុសនោះឡើងលើកំពូលភ្នំ។ កេ្មងប្រុសនោះបានបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីពួកគេតាមវិធីណាដែលទ្រង់សព្វព្រះទ័យផងចុះ។ ពេលនោះ អល់ឡោះក៏បានឲ្យភ្នំនោះញ័ររង្គើ។ ពួកគេក៏ធ្លាក់មកក្រោម។ កេ្មងប្រុសនោះបានដើរត្រឡប់មកជួបស្តេច។ ស្តេចបានសួរថា៖ តើមានអ្វីកើតឡើងចំពោះអ្នកដែលទៅជាមួយឯង? កេ្មងប្រុសនោះបានឆ្លើយថា៖ អល់ឡោះជាម្ចាស់បានការពារខ្ញុំពីពួកគេ។ ស្តេចបានចាប់កេ្មងប្រុសនោះប្រគល់ឲ្យមន្ត្រីមួយក្រុមទៀត ហើយបញ្ជាថា៖ ពួកឯងត្រូវដឹកវាតាមសំពៅទៅកណ្តាលសមុទ្រ។ បើវាព្រមចេញពីសាសនារបស់វា ចូរដោះលែងវាចុះ។ តែបើវាមិនព្រមទេ ចូរពួកឯងបោះវាចូលក្នុងសមុទ្រចុះ។ ពួកគេក៏បាននាំកេ្មងប្រុសនោះទៅ។ កេ្មងប្រុសនោះបានបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីពួកគេតាមវិធីណាដែលទ្រង់សព្វព្រះទ័យផង។ ពេលនោះ សំពៅក៏ក្រឡាប់ ហើយពួកគេក៏លង់ទឹកស្លាប់ទាំងអស់។ កេ្មងប្រុសនោះបានដើរត្រឡប់មកជួបស្តេច។ ស្តេចបានសួរថា៖ តើមានអ្វីកើតឡើងចំពោះអ្នកដែលទៅជាមួយឯង? កេ្មងប្រុសនោះបានឆ្លើយថា៖ អល់ឡោះជាម្ចាស់បានការពារខ្ញុំពីពួកគេ។ កេ្មងប្រុសនោះបានប្រាប់ស្តេចថា៖ ទ្រង់មិនអាចសម្លាប់ខ្ញុំបានឡើយ លុះត្រាតែទ្រង់ធ្វើតាមអ្វីដែលខ្ញុំទូលថ្វាយ។ ស្តេចសួរថា៖ តើត្រូវធ្វើយ៉ាងដូចម្តេច? កេ្មងប្រុសនោះទូលថា៖ ព្រះអង្គត្រូវប្រមូលផ្តុំមនុស្សនៅកន្លែងមួយ រួចចងខ្ញុំនឹងដើមឈើមួយដើម។ បន្ទាប់ មក ដកព្រួញពីបំពង់ដាក់ព្រួញរបស់ខ្ញុំដាក់ទៅក្នុងធ្នូ រួចសូត្រថា៖ “بِاسْمِ اللهِ، رَبِّ الْغُلَامِ” ក្នុងនាមអល់ឡោះ ជាព្រះជាម្ចាស់របស់កេ្មងប្រុសនេះ។ បន្ទាប់មក បាញ់ខ្ញុំមក។ បើទ្រង់ធ្វើដូច្នោះ ទ្រង់ប្រាកដជាអាចសម្លាប់ខ្ញុំបាន។ បន្ទាប់មក ស្តេចក៏បានប្រមូលផ្តុំមនុស្សនៅកន្លែងមួយ ហើយបានចងកេ្មងប្រុសនោះនឹងដើមឈើមួយដើម។ បន្ទាប់មក ដកព្រួញចេញពីបំពង់ដាក់ព្រួញរបស់កេ្មងប្រុសនោះដាក់ក្នុងធ្នូ រួចសូត្រថា៖ “بِاسْمِ اللهِ، رَبِّ الْغُلَامِ” ក្នុងនាមអល់ឡោះជាព្រះជាម្ចាស់របស់កេ្មងប្រុសនេះ បន្ទាប់មក ក៏បាញ់ក្មេងប្រុសនោះ។ ព្រួញបានត្រូវចំសៀតថ្ការបស់កេ្មងនោះ ហើយក្មេងនោះបានយកដៃដាក់លើសៀតថ្កាត្រង់កន្លែងដែលត្រូវព្រួញនោះ រួចក៏ស្លាប់ភ្លាម។ ពេលនោះ មនុស្សទាំងឡាយនិយាយថា៖ ពួកយើងមានជំនឿហើយចំពោះព្រះជាម្ចាស់របស់កេ្មងប្រុសនេះ។ ពួកយើងមានជំនឿហើយចំពោះព្រះជាម្ចាស់របស់កេ្មងប្រុសនេះ។ ពេលនោះ មានគេមកជួបស្តេច ហើយប្រាប់ថា៖ តើទ្រង់ដឹងទេ អ្វីដែលទ្រង់ខ្លាចនោះ ឥឡូវនេះវាពិតជាបានកើតឡើងចំពោះទ្រង់ហើយ។ មនុស្សម្នាទាំងឡាយបានជឿ(តាមក្មេងនោះ)ហើយ។ ពេលនោះ ស្តេចក៏បានបញ្ជាឲ្យជីករណ្តៅនៅមាត់ផ្លូវទាំងឡាយ ហើយដុតភ្លើងក្នុងរណ្តៅនោះ រួចបញ្ជាថា៖ ជនណាដែលមិនព្រមចេញពីសាសនារបស់ខ្លួនទេ ពួកឯងត្រូវបោះគេទម្លាក់ចូលក្នុងរណ្តៅនេះ ឬបញ្ជាថា៖ ចូរឯងលោតចុះ(ក្នុងរណ្តៅនេះ)។ ពួកគេក៏ធ្វើតាមបញ្ជានោះ។ លុះដល់វេនស្ត្រីម្នាក់ដែលមានកូនតូចនៅជាមួយ ស្ត្រីនោះបានស្ទាក់ស្ទើរក្នុងការលោតចូលក្នុងរណ្តៅនោះ។ ខណៈនោះ ស្រាប់តែកូនតូចរបស់នាងបាននិយាយថា៖ ម៉ាក់! សូមម៉ាក់អត់ធ្មត់។ ម៉ាក់ពិតជាស្ថិតនៅលើផ្លូវដែលត្រឹមត្រូវហើយ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់ថា នៅក្នុងប្រជាជាតិជំនាន់មុនពួកយើង មានស្តេចមួយអង្គ។ ទ្រង់មានគ្រូវេទមន្ដម្នាក់។ នៅពេលដែលគ្រូវេទមន្តនោះចាស់ទៅ គាត់បាននិយាយទៅកាន់ស្តេចថា៖ ខ្ញុំពិតជាចាស់ណាស់ហើយ។ ហេតុនេះ សូមព្រះអង្គបញ្ជូនយុវជនម្នាក់មកកាន់ខ្ញុំដើម្បីឲ្យខ្ញុំបង្រៀនវេទមន្តដល់ក្មេងនោះ។ ពេលនោះ ស្តេចក៏បានបញ្ជូនយុវជនម្នាក់ទៅកាន់គ្រូវេទមន្តនោះដើម្បីបង្រៀនវេទមន្តដល់រូបគេ។ តាមផ្លូវដែលយុវជននោះទៅរៀនវេទមន្ត គេបានជួបបព្វជិតម្នាក់។ គេក៏អង្គុយស្តាប់ពាក្យសំដីរបស់បព្វជិតនោះ ហើយបានធ្វើឲ្យគេចាប់អាម្មណ៍។ ដូចនេះ រាល់ពេលដែលក្មេងនោះទៅជួបគ្រូវេទមន្ត រូបគេតែងឆ្លងកាត់បព្វជិតនោះ ហើយអង្គុយស្តាប់។ លុះដល់ពេលទៅដល់គ្រូវេទមន្ត គ្រូនោះបានវាយយុវជននោះព្រោះតែគេទៅរៀនយឺត។ គេក៏បានត្អូញត្អែរពីរឿងនោះប្រាប់បព្វជិត។ បព្វជិតបានប្រាប់គេថា៖ ប្រសិនបើឯងខ្លាចគ្រូវេទមន្ត ឯងត្រូវនិយាយថា៖ ក្រុមគ្រួសាររបស់ខ្ញុំបានធ្វើឲ្យខ្ញុំយឺត។ ហើយប្រសិនបើឯងខ្លាចក្រុមគ្រួសាររបស់ឯង ឯងត្រូវនិយាយថា៖ គ្រូវេទមន្តធ្វើឲ្យខ្ញុំយឺត។ នៅពេលដែលក្មេងនោះអនុវត្តដូចនោះ ស្រាប់តែថ្ងៃមួយ មានសត្វព្រៃដ៏ធំមួយបានមកលើផ្លូវរារាំងមនុស្ស។ យុវជននោះក៏និយាយថា៖ ថ្ងៃនេះខ្ញុំនឹងដឹងថា តើគ្រូមន្តអាគម ឬក៏បព្វជិតដែលប្រសើរជាង? ពេលនោះ គេក៏យកដុំថ្មមួយដុំ ហើយពោលថា៖ ឱអល់ឡោះជាម្ចាស់! ប្រសិនបើកិច្ចការរបស់បព្វជិតទ្រង់ពេញចិត្តជាងកិច្ចការរបស់គ្រូវេទមន្តនោះ សូមទ្រង់សម្លាប់សត្វនេះចុះដើម្បីឲ្យមនុស្សអាចធ្វើដំណើរដូចធម្មតា។ គេក៏គប់ដុំថ្មទៅ រួចក៏បានធ្វើឲ្យសត្វនោះស្លាប់ ហើយមនុស្សទាំងឡាយក៏ធ្វើដំណើរបានដូចធម្មតាវិញ។ គេក៏បានមកជួបបព្វជិត ហើយនិយាយរឿងនោះប្រាប់គាត់។ បព្វជិតបាននិយាយទៅកាន់គេថា៖ ឱកូនប្រុស! ថ្ងៃនេះឯងល្អជាងខ្ញុំទៅទៀត។ កិច្ចការរបស់ឯងបានដល់កម្រិតមួយដែលខ្ញុំយល់ថា ឯងពិតជានឹងត្រូវគេសាកល្បងហើយ។ ប្រសិនបើឯងត្រូវគេសាកល្បង ចូរឯងកុំបង្ហាញប្រាប់គេអំពីខ្ញុំឲ្យសោះ។ ក្រោយមក កេ្មងប្រុសនោះអាចព្យាបាលមនុស្សពិការភ្នែកឲ្យមើលឃើញវិញ អាចព្យាបាលអ្នកជំងឺឃ្លង់ និងព្យាបាលមនុស្សឲ្យជាសះស្បើយពីជំងឺផេ្សងៗដោយការអនុញ្ញាតពីអល់ឡោះ។ ពេលនោះ មានមនុស្សម្នាក់ដែលស្និទ្ធនឹងស្តេចដែលជាមនុស្សពិការភ្នែកបានឮព័ត៌មាននេះ គាត់ក៏បានយកអំណោយជាច្រើនមកឲ្យកេ្មងប្រុសនោះ។ គាត់បាននិយាយទៅកាន់ក្មេងនោះថា៖ អំណោយទាំងអស់នេះ គឺជារបស់អ្នក ប្រសិនបើអ្នកអាចព្យាបាលខ្ញុំជាសះស្បើយ។ កេ្មងប្រុសនោះបានតបវិញថា៖ ពិតណាស់ ខ្ញុំមិនអាចធ្វើឲ្យនរណាម្នាក់ជាសះស្បើយបានឡើយ។ តាមពិត គឺអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលជាអ្នកឲ្យជាសះស្បើយ។ ហេតុនេះ ប្រសិនបើលោកមានជំនឿចំពោះអល់ឡោះ ខ្ញុំនឹងបួងសួងសុំពីអល់ឡោះ ហើយទ្រង់នឹងឲ្យលោកជាសះស្បើយ។ បុរសនោះក៏មានជំនឿចំពោះអល់ឡោះ ហើយអល់ឡោះក៏បានឲ្យគាត់ជាសះស្បើយ។ ក្រោយមក បុរសនោះក៏ទៅជួបស្តេច ហើយអង្គុយជាមួយទ្រង់ដូចសព្វដង។ ពេលនោះ ស្តេចបានសួរគាត់ថា៖ តើអ្នកណាជាអ្នកធ្វើឲ្យអ្នកមើលឃើញវិញ? គាត់បានឆ្លើយថា៖ គឺព្រះជាម្ចាស់របស់ខ្ញុំ។ ស្តេចក៏សួរទៀតថា៖ តើអ្នកមានព្រះជាម្ចាស់ផេ្សងពីយើងទៀតឬ? គាត់បានឆ្លើយថា៖ ព្រះជាម្ចាស់របស់ខ្ញុំ និងព្រះជាម្ចាស់របស់ព្រះអង្គ គឺអល់ឡោះ។ ពេលនោះ ស្តេចក៏បានចាប់បុរសនោះ ហើយយកគាត់ទៅធ្វើទារុណកម្ម រហូតដល់គាត់ឆ្លើយប្រាប់សេ្ដចពីរឿងកេ្មងប្រុសនោះ។ គេក៏បាននាំកេ្មងប្រុសនោះមក ហើយស្តេចបានសួរទៅកាន់ក្មេងប្រុសនោះថា៖ នែកូនប្រុស! វេទមន្តរបស់ឯងឈានដល់កម្រិតដែលអាចព្យាបាលមនុស្សពិការភ្នែក មនុស្សកើតឃ្លង់ និងអាចធ្វើអ្វីៗផេ្សងទៀតឬ? កេ្មងប្រុសនោះបានឆ្លើយថា៖ ពិតណាស់ ខ្ញុំមិនអាចធ្វើឲ្យនរណាម្នាក់ជាសះស្បើយឡើយ។ តាមពិត អ្នកដែលធ្វើឲ្យជាសះស្បើយនោះ គឺអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ពេលនោះ ស្តេចក៏ចាប់កេ្មងប្រុសនោះ ហើយយកទៅធ្វើទារុណកម្ម រហូតដល់កេ្មងនោះឆ្លើយប្រាប់ពីរឿងបព្វជិត។ គេបាននាំបព្វជិតនោះមក ហើយបញ្ជាទៅកាន់បព្វជិតនោះថា៖ ចូរអ្នកចេញពីសាសនារបស់អ្នក។ ប៉ុន្តែគាត់បានបដិសេធ។ ពេលនោះ គេក៏យករណារដាក់លើក្បាលរបស់គាត់ ហើយអារខ្លួនគាត់ រហូតដាច់ជាពីរកំណាត់។ បន្ទាប់មក គេក៏នាំអ្នកដែលស្និទ្ធនឹងស្តេចមក ហើយបញ្ជាទៅកាន់គាត់ថា៖ ចូរអ្នកចេញពីសាសនារបស់អ្នក។ ប៉ុន្តែគាត់បានបដិសេធ។ ដូចនេះ គេក៏យករណារដាក់លើក្បាលរបស់គាត់ ហើយអារខ្លួនគាត់ រហូតដាច់ជាពីរកំណាត់។ បន្ទាប់មក គេបាននាំកេ្មងប្រុសនោះមក ហើយបញ្ជាទៅក្មេងប្រុសនោះថា៖ ចូរឯងចេញពីសាសនារបស់ឯង។ ប៉ុន្តែក្មេងនោះបានបដិសេធ។ ដូចនេះ ស្តេចក៏ប្រគល់ក្មេងនោះឲ្យទៅមន្ត្រីរបស់ទ្រង់ដែលមានគ្នាចន្លោះពីបីទៅដប់នាក់។ ទ្រង់មានបន្ទូលថា៖ ចូរពួកឯងនាំវាទៅកាន់ភ្នំនេះ ហើយនាំវាឡើងលើភ្នំនោះ។ នៅពេលដែលពួកឯងឡើងដល់កំពូលភ្នំហើយ ប្រសិនបើវាព្រមចេញពីសាសនារបស់វា ចូរពួកឯងដោះលែងវាចុះ។ តែបើវាមិនព្រមទេនោះ ចូរពួកឯងទម្លាក់វាមកក្រោមចុះ។ ពួកគេក៏នាំកេ្មងប្រុសនោះឡើងលើកំពូលភ្នំ។ ពេលនោះ កេ្មងប្រុសនោះបានបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីពួកគេតាមវិធីណាដែលទ្រង់សព្វព្រះទ័យផងចុះ។ ខណៈនោះ ទ្រង់ក៏បានធ្វើឲ្យភ្នំនោះញ័ររង្គើយ៉ាងខ្លាំង ហើយពួកគេក៏ធ្លាក់មកក្រោមទាំងអស់គ្នា។ កេ្មងប្រុសនោះក៏ដើរត្រឡប់មកជួបស្តេចវិញ។ ស្តេចបានសួរថា៖ តើមានអ្វីកើតឡើងចំពោះអ្នកដែលទៅជាមួយឯង? កេ្មងប្រុសនោះបានឆ្លើយថា៖ អល់ឡោះជាម្ចាស់បានការពារខ្ញុំពីពួកគេ។ ពេលនោះ ស្តេចបានចាប់កេ្មងប្រុសនោះប្រគល់ឲ្យមន្ត្រីមួយក្រុមទៀត ហើយបញ្ជាថា៖ ចូរពួកឯងនាំយកក្មេងនេះ រួចដឹកវាតាមសំពៅទៅកណ្តាលសមុទ្រ។ បើវាព្រមចេញពីសាសនារបស់វា ចូរដោះលែងវាចុះ។ តែបើវាមិនព្រមទេ ចូរពួកឯងបោះវាចូលក្នុងសមុទ្រចុះ។ ពួកគេក៏បាននាំកេ្មងប្រុសនោះទៅ។ ពេលនោះ កេ្មងប្រុសនោះបានបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីពួកគេតាមវិធីណាដែលទ្រង់សព្វព្រះទ័យផងចុះ។ ខណៈនោះ សំពៅក៏ក្រឡាប់ ហើយពួកគេក៏លិចលង់ទាំងអស់។ កេ្មងប្រុសនោះបានដើរត្រឡប់មកជួបស្តេចវិញ។ ស្តេចបានសួរថា៖ តើមានអ្វីកើតឡើងចំពោះអ្នកដែលទៅជាមួយឯង? កេ្មងប្រុសនោះបានឆ្លើយថា៖ អល់ឡោះជាម្ចាស់បានការពារខ្ញុំពីពួកគេ។ កេ្មងប្រុសនោះបានប្រាប់ស្តេចថា៖ ទ្រង់មិនអាចសម្លាប់ខ្ញុំបានឡើយ លុះត្រាតែទ្រង់ធ្វើតាមអ្វីដែលខ្ញុំទូលថ្វាយ។ ស្តេចសួរថា៖ តើត្រូវធ្វើដូចម្តេច? កេ្មងប្រុសនោះទូលថា៖ ព្រះអង្គត្រូវប្រមូលផ្តុំមនុស្សនៅកន្លែងមួយ រួចចងខ្ញុំនឹងដើមឈើមួយដើម។ បន្ទាប់មក ទ្រង់ដកព្រួញពីបំពង់ដាក់ព្រួញរបស់ខ្ញុំ រួចដាក់ទៅក្នុងធ្នូ។ ក្រោយមក សូមទ្រង់សូត្រថា៖ ក្នុងនាមអល់ឡោះដែលជាព្រះជាម្ចាស់របស់កេ្មងប្រុសនេះ។ បន្ទាប់មក ទ្រង់បាញ់ខ្ញុំមកចុះ។ បើទ្រង់ធ្វើដូច្នោះ ទ្រង់ប្រាកដជាអាចសម្លាប់ខ្ញុំបាន។ ស្តេចក៏ប្រមូលផ្តុំមនុស្សនៅកន្លែងមួយ ហើយចងកេ្មងប្រុសនោះនឹងដើមឈើមួយដើម។ បន្ទាប់មក ទ្រង់បានដកព្រួញចេញពីបំពង់ដាក់ព្រួញរបស់កេ្មងប្រុសនោះ រួចដាក់ទៅក្នុងធ្នូ។ ក្រោយមក ទ្រង់បានសូត្រថា៖ ក្នុងនាមអល់ឡោះដែលជាព្រះជាម្ចាស់របស់កេ្មងប្រុសនេះ។ បន្ទាប់មក ទ្រង់ក៏បាញ់ក្មេងប្រុសនោះ ដោយបាញ់ត្រូវចំសៀតថ្ការបស់កេ្មងនោះ។ ក្មេងនោះបានយកដៃដាក់លើសៀតថ្កាត្រង់កន្លែងដែលត្រូវព្រួញនោះ ហើយក៏បានស្លាប់ទៅ។ ពេលនោះ មនុស្សម្នាទាំងឡាយបាននិយាយថា៖ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់របស់កេ្មងប្រុសនេះហើយ។ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់របស់កេ្មងប្រុសនេះហើយ។ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់របស់កេ្មងប្រុសនេះហើយ។ ពេលនោះ មានគេមកជួបស្តេច ហើយនិយាយទៅកាន់ទ្រង់ថា៖ ទ្រង់ដឹងទេ តើអ្វីដែលទ្រង់ធ្លាប់ខ្លាចនោះ? ពិតប្រាកដណាស់ សូមស្បថនឹងអល់ឡោះ! អ្វីដែលទ្រង់ខ្លាចនោះ ឥឡូវនេះវាពិតជាបានកើតឡើងហើយ គឺមនុស្សម្នាទាំងឡាយបានដើរតាមក្មេងនោះ និងមានជំនឿចំពោះព្រះជាម្ចាស់របស់ក្មេងប្រុសនោះទាំងអស់គ្នា។ ពេលនោះ ស្តេចក៏បានបញ្ជាឲ្យជីករណ្តៅធំមួយនៅច្រកផ្លូវទាំងឡាយ ហើយដុតភ្លើងក្នុងរណ្តៅនោះ រួចបញ្ជាថា៖ ជនណាហើយដែលមិនព្រមចេញពីសាសនារបស់ខ្លួនទេនោះ ចូរពួកឯងបោះគេទម្លាក់ចូលក្នុងរណ្តៅនេះចុះ។ ពួកគេក៏ធ្វើតាមអ្វីដែលស្តេចបានបញ្ជា។ លុះដល់វេនស្ត្រីម្នាក់ដែលមានកូនតូចនៅជាមួយ ស្ត្រីនោះបានស្ទាក់ស្ទើរក្នុងការលោតចូលក្នុងរណ្តៅភ្លើងនោះ។ ស្រាប់តែពេលនោះ កូនតូចរបស់នាងក៏បាននិយាយថា៖ ម៉ាក់! សូមម៉ាក់អត់ធ្មត់។ ម៉ាក់ពិតជាស្ថិតនៅលើផ្លូវដែលត្រឹមត្រូវហើយ។

فوائد الحديث

បញ្ជាក់ពីបារមី ឬភាពអស្ចារ្យរបស់បណ្តាវ៉ើលីរបស់អល់ឡោះ ក្នុងនោះ គឺការដែលក្មេងប្រុសនោះអាចគប់សម្លាប់សត្វដ៏ធំមួយក្បាល ការឆ្លើយតបចំពោះការបួងសួងរបស់ក្មេងប្រុសនោះចំនួនពីរដង និងការចេះនិយាយរបស់ទារកដ៏តូច។

ជ័យជម្នះចំពោះអ្នកដែលប្រគល់ការទុកចិត្តលើអល់ឡោះ។

បញ្ជាក់ពីភាពខ្ពង់ខ្ពស់នៃភាពអត់ធ្មត់ និងការមានជំហររឹងប៉ឹងលើសាសនា។

បញ្ជាក់ពីបុព្វហេតុនៃការសិក្សាតាំងពីកុមារ ពីព្រោះជាទូទៅ កុមារនិងយុវជន គឺអាចចងចាំបានលឿនជាងមនុស្សធំ។

ជំនឿដ៏រឹងមាំរបស់ក្មេងប្រុសនោះ ដោយគេមិនបានមានច្របូកច្របល់នៅក្នុងសេចក្តីជំនឿរបស់គេ ហើយក៏មិនបានប្រែចិត្តចំពោះវានោះឡើយ។

អល់ឡោះជាម្ចាស់ទ្រង់ឆ្លើយតបចំពោះការបួងសួងរបស់អ្នកដែលជួបទុក្ខនៅពេលដែលគេបួងសួងទៅកាន់ទ្រង់។

អនុញ្ញាតក្នុងការធ្វើឲ្យខ្លួនឯងធ្លាក់ក្នុងបញ្ហាដើម្បីផលប្រយោជន៍ជនមូស្លីមទូទៅ។ ជាការពិតណាស់ ក្មេងប្រុសនោះបានបង្ហាញដល់ស្តេចនូវវិធីដែលអាចធ្វើឲ្យគេអន្តរាយ និងស្លាប់បាន នោះគឺ ត្រូវដកគ្រាប់ព្រួញពីបំពង់ដាក់ព្រួញរបស់ខ្លួន បន្ទាប់មក ដាក់វាទៅក្នុងធ្នូ ហើយត្រូវសូត្រថា៖ ក្នុងនាមអល់ឡោះដែលជាព្រះជាម្ចាស់របស់កេ្មងប្រុសនេះ។

អនុញ្ញាតឲ្យកុហកនៅក្នុងពេលធ្វើសង្គ្រាម និងស្ថានភាពដែលស្រដៀងគ្នានេះ ព្រមទាំងដើម្បីសង្គ្រោះខ្លួនឯងពីក្តីវិនាស។

អ្នកមានជំនឿត្រូវបានគេសាកល្បងដើម្បីបញ្ជាក់ពីភាពស្មោះត្រង់នៃសេចក្តីជំនឿរបស់គេ និងការមានជំហររឹងប៉ឹងលើពាក្យពិត ទោះនាំឱ្យគេគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ។

បូជាខ្លួនប្រាណក្នុងមាគ៌ានៃការអំពាវនាវទៅកាន់អល់ឡោះ និងបង្ហាញពីសេចក្តីពិត។

ដួងចិត្តរបស់ខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់។ ដូចនេះ ទ្រង់អាចចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនា និងធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានចង្អុលបង្ហាញដល់ក្មេងប្រុសនោះ ទាំងដែលរូបគេស្ថិតក្រោមការមើលថែពីសំណាក់គ្រូវេទមន្ត និងការគ្រប់គ្រងពីសំណាក់ស្តេចដ៏អាក្រក់ឃោរឃៅ។

អនុញ្ញាតឲ្យបួងសួងពីអល់ឡោះឲ្យទ្រង់បង្ហាញនូវសញ្ញាភស្តុតាងដល់ខ្ញុំបម្រើរបស់ទ្រង់បានឃើញដើម្បីដឹងពីការពិត និងធ្វើឲ្យរូបគេមានភាពជឿជាក់។

រាល់អ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ប្រោសប្រទានដល់អ្នកដែលមានជំនឿ គឺពួកគេប្រើប្រាស់វានៅក្នុងការបម្រើសាសនាទ្រង់ និងក្នុងការអំពាវនាវទៅកាន់សាសនាទ្រង់។

មូលហេតុនៃក្តីវិនាសទាំងឡាយ គឺស្ថិតក្នុងកណ្តាប់ដៃអល់ឡោះជាម្ចាស។ ប្រសិនបើទ្រង់មានចេតនា ទ្រង់ធ្វើឲ្យវាបានសម្រេច។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឲ្យវាឥតបានការឡើយ។

ពុំមែនដោយសារតែអំណះអំណាង និងសញ្ញាភស្តុតាងមានមិនគ្រប់ទើបធ្វើឲ្យពួកគ្មានជំនឿមិនមានជំនឿនោះឡើយ។ តាមពិត មូលហេតុនៃភាពគ្មានជំនឿរបស់ពួកគេ គឺភាពរឹងរូស និងក្រអឺតក្រទមប៉ុណ្ណោះ។

ពួកតហ្គូត និងពួកបំពានទាំងឡាយ ពួកគេមានការត្រៀមខ្លួនជានិច្ចក្នុងការសម្លាប់មនុស្សទាំងអស់ដើម្បីឲ្យខ្លួនទទួលបាននូវឧបការគុណលោកិយ។

អល់ឡោះជាម្ចាស់ទ្រង់ដាក់ទោសពួកបំពានដោយពួកគេនឹកស្មានមិនដល់។ ជាការពិតណាស់ មនុស្សទាំងអស់បានជឿចំពោះព្រះជាម្ចាស់របស់ក្មេងប្រុសនោះនៅពេលដែលពួកគេបានឃើញនូវគោលជំហររបស់ក្មេងនោះ និងសច្ចភាពនៃការអំពាវនាវរបស់គេ ហើយនិងមិនខ្លាចនរណាម្នាក់ស្តីបន្ទោសក្នុងរឿងដែលមានប្រយោជន៍ក្នុងផ្លូវអល់ឡោះ។

ទារកដែលចេះនិយាយទាំងដែលកំពុងនៅក្នុងអង្រឹងនោះ ពុំមែនមានតែអាល់ម៉ាសៀហ(ណាពីអ៊ីសា) អាឡៃហ៊ិស្សាឡាម នោះឡើយ។ ហាទីស្ហនេះ គឺពន្យល់នូវប្រសាសន៍របស់រ៉ស៊ូលុលឡោះ ﷺ ដែលលោកបានមានប្រសាសន៍នៅក្នុងហាទីស្ហផ្សេងទៀតថា៖ “គ្មាននរណាដែលចេះនិយាយទាំងដែលនៅក្នុងអង្រឹងនោះឡើយ លើកលែងតែបីនាក់ប៉ុណ្ណោះ....” ហើយលោកបានលើកឡើងអំពីពួកគេ ហើយកំណត់ពួកគេ នៅក្នុងកូនចៅអ៊ីស្រាអែលប៉ុណ្ណោះ ដោយគ្មាននរណាផ្សេងទៀតឡើយ។

التصنيفات

Backgrounds and Duties of the Callers to Allah, Stories and Conditions of Pre-Islamic Nations