“ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)…

“ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី

អំពី អាពូម៉ាលិក អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ភាពជ្រះស្អាតផ្នែកខាងក្រៅតាមរយៈការយកទឹកវូហ្ទុ ឬការងូតទឹក គឺជាលក្ខខណ្ឌមួយនៅក្នុងការប្រតិបត្តិសឡាត។ ការពោលថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ដែលជាការថ្លែងសរសើរដល់អល់ឡោះជាម្ចាស់ និងពណ៌នានូវលក្ខណៈសម្បត្តិដ៏ពេញលេញសម្រាប់ទ្រង់នឹងត្រូវបានដាក់ថ្លឹងនៅថ្ងៃបរលោក ហើយវាធ្វើឲ្យជញ្ជីងដែលគេថ្លឹងទង្វើរបស់មនុស្សនោះពេញ។ ការពោលថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلَّهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ដែលជាការលើកតម្កើង បញ្ជាក់ពីភាពបរិសុទ្ធ ស្អាតស្អំរបស់អល់ឡោះជាម្ចាស់ពីភាពខ្វះខាតទាំងឡាយ និងពណ៌នានូវលក្ខណៈសម្បត្តិដ៏ពេញលេញដែលសក្តិសមនឹងភាពឧត្តុង្គឧត្តម ខ្ពង់ខ្ពស់របស់ទ្រង់ ព្រមជាមួយនឹងក្តីស្រឡាញ់ និងលើកតម្កើងដល់ទ្រង់ គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃនិងផែនដីដី។ “សឡាត ជារស្មី”សម្រាប់ខ្ញុំបម្រើអល់ឡោះនៅក្នុងដួងចិត្តរបស់គេ លើផ្ទៃមុខរបស់គេ ក្នុងផ្នូររបស់គេ និងនៅពេលប្រមូលផ្តុំ(នៅថ្ងៃបរលោក)។ “ការបរិច្ចាគទាន ជាអំណះអំណាង” និងជាភស្តុតាងបញ្ជាក់ពីភាពពិតប្រាកដនៃសេចក្តីជំនឿរបស់អ្នកមានជំនឿ ខុសពីជនពុតត្បុតដែលមិនបរិច្ចាគទាន ព្រោះតែគេមិនជឿជាក់ចំពោះការសន្យារបស់វា។ ការអត់ធ្មត់ (ពោលគឺជាការទប់ខ្លួនពីការខកចិត្ត និងការខឹងសម្បា) ជាពន្លឺ ពោលគឺពន្លឺអមដោយកំដៅ និងចំហេះដូចពន្លឺថ្ងៃ ព្រោះវាមានពិតជាធ្ងន់ ហើយត្រូវការការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រយុទ្ធនឹងដួងវិញ្ញាណ ហើយទប់វាពីអ្វីដែលតណ្ហាចង់បាន។ នោះគេនឹងតែងតែទទួលបានពន្លឺ និងការណែនាំ ព្រមទាំងភាពជាប់លាប់ត្រឹមត្រូវ។ ការអត់ធ្មត់មានដូចជា ការអត់ធ្មត់ក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ អត់ធ្មត់លើការមិនប្រព្រឹត្តអំពើល្មើសចំពោះអល់ឡោះ និងអត់ធ្មត់លើគ្រោះនិងប្រការទាំងឡាយដែលគេមិនពេញចិត្តក្នុងលោកិយ។ “គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក”តាមរយៈការសូត្រវា និងអនុវត្តតាមអ្វីដែលវាបានចែង “ឬជាភស្តុតាងប្រឆាំងនឹងអ្នក”តាមរយៈការមិនអនុវត្តតាមអ្វីដែលវាបានចែង ឬមិនសូត្រវា។ ក្រោយមក ណាពី ﷺ បានប្រាប់ថា ជាការពិតណាស់ មនុស្សគ្រប់រូបពួកគេក្រោកពីដំណេក និងចាកចេញពីផ្ទះសម្បែងរបស់ខ្លួនដើម្បីធ្វើកិច្ចការងារផ្សេងៗខុសៗគ្នា។ ក្នុងចំណោមពួកគេ មានអ្នកដែលនៅស្ថិតលើការគោរពប្រតិបត្តិចំពោះអល់ឡោះជានិច្ច។ ដូចនេះ រូបគេបានរំដោះខ្លួនឯងពីឋាននរក។ ហើយមានអ្នកខ្លះទៀត ពួកគេងាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ ហើយបានធ្លាក់ខ្លួនក្នុងអំពើល្មើសចំពោះអល់ឡោះ។ ដូចនេះ រូបគេបានបំផ្លាញខ្លួនឯងដោយបណ្តាលឲ្យខ្លួនចូលឋាននរក។

فوائد الحديث

ការជម្រះសម្អាតមានពីរ គឺការជម្រះសម្អាតផ្នែកខាងក្រៅដែលអាចកើតឡើងតាមរយៈការយកទឹកវូហ្ទុ និងការងូតទឹក ហើយនិងការជម្រះសម្អាតផ្នែកខាងក្នុងដែលកើតឡើងតាមរយៈជំនឿឯកទេពនិយម(តាវហេទ) ការមានជំនឿ និងការសាងទង្វើកុសល។

សារៈសំខាន់នៃការថែរក្សាលើការសឡាត ព្រោះវាជាពន្លឺសម្រាប់ខ្ញុំបម្រើអល់ឡោះទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។

ការបរិច្ចាគទាន គឺជាភស្តុតាងបង្ហាញពីភាពពិតប្រាកដនៃសេចក្តីជំនឿ។

សារៈសំខាន់នៃការអនុវត្តតាមគម្ពីរគួរអាន និងជឿជាក់ចំពោះវាដើម្បីឲ្យវាក្លាយជាភស្តុតាងសម្រាប់អ្នក ពុំមែនជាភស្តុតាងដែលប្រឆាំងនឹងអ្នក។

ខ្លួនប្រាណរបស់អ្នក ប្រសិនបើអ្នកមិនប្រើប្រាស់វាក្នុងការគោរពប្រតិបត្តិអល់ឡោះទេនោះ វានឹងប្រើប្រាស់អ្នកឲ្យប្រព្រឹត្តល្មើសនឹងអល់ឡោះ។

មនុស្សគ្រប់រូបចាំបាច់ត្រូវតែសាងទង្វើ។ ទង្វើនោះ អាចជាទង្វើដែលអាចរំដោះរូបគេពីឋាននរកតាមរយៈការគោរពប្រតិបត្តិអល់ឡោះ ឬធ្វើឲ្យរូបគេអន្តរាយតាមរយៈការប្រព្រឹត្តល្មើសនឹងទ្រង់។

ការអត់ធ្មត់ទាមទារឲ្យមានការអត់ទ្រាំ និងរំពឹងផលបុណ្យពីអល់ឡោះ ហើយការអត់ធ្មត់នេះ គឺមានការលំបាក។