“ចូរអ្នកត្រឡប់ទៅសឡាតម្តងទៀត។ ពិតណាស់ អ្នកមិនទាន់បានសឡាតឡើយ”។

“ចូរអ្នកត្រឡប់ទៅសឡាតម្តងទៀត។ ពិតណាស់ អ្នកមិនទាន់បានសឡាតឡើយ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ បានចូលក្នុងម៉ាស្ជិត ហើយមានបុរសម្នាក់បានចូលមក រួចសឡាត។ បន្ទាប់មក បុរសនោះបានឲ្យសាឡាមទៅកាន់ណាពី ﷺ ។ លោកក៏បានតបសាឡាម ហើយបានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅសឡាតម្តងទៀត។ ពិតណាស់ អ្នកមិនទាន់បានសឡាតឡើយ”។ បុរសនោះក៏ត្រឡប់ទៅសឡាតម្តងទៀតដូចដែលគាត់បានសឡាត។ បន្ទាប់មក គាត់បានត្រឡប់មកវិញ រួចឲ្យសាឡាមទៅកាន់ណាពី ﷺ ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅសឡាតម្តងទៀត។ ពិតណាស់ អ្នកមិនទាន់បានសឡាតឡើយ”។ ករណីនេះបានកើតឡើងចំនួនបីដង។ ហេតុដូច្នេះ បុរសនោះក៏បាននិយាយថា៖ សូមស្បថនឹងអ្នកដែលបានតែងតាំងលោកមកដោយការពិត! ខ្ញុំមិនអាចធ្វើបានល្អជាងនេះទេ។ ហេតុនេះ សូមលោកបង្រៀនខ្ញុំផង។ ណាពី ﷺ បានមានប្រសាសន៍ថា៖ “នៅពេលអ្នកឈរដើម្បីសឡាត ចូរអ្នកតឹកពៀរ។ បន្ទាប់មក ចូរអ្នកសូត្រអ្វីដែលងាយស្រួលសម្រាប់អ្នកពីគម្ពីរគួរអាន។ បន្ទាប់មក ចូរអ្នករូកុ រហូតដល់អ្នកមានភាពនឹងនរក្នុងពេលរូកុនោះ។ បន្ទាប់មក ចូរអ្នកងើបឡើង រហូតដល់អ្នកឈរត្រង់ខ្លួន។ បន្ទាប់មក ចូរអ្នកស៊ូជោត រហូតដល់អ្នកមានភាពនឹងនរក្នុងពេលស៊ូជោតនោះ។ បន្ទាប់មកទៀត ចូរអ្នកងើបឡើង រហូតដល់អ្នកមានភាពនឹងនរក្នុងពេលអង្គុយ។ ហើយចូរអ្នកធ្វើបែបនេះក្នុងការសឡាតទាំងមូលរបស់អ្នក”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ បានចូលក្នុងម៉ាស្ជិត ហើយមានបុរសម្នាក់បានចូលតាមក្រោយលោក។ រួចមក បុរសនោះបានធ្វើការសឡាតពីររ៉ក្អាត់យ៉ាងលឿនដោយមិនមានភាពនឹងនរក្នុងពេលឈរ ពេលរូកុ និងពេលស៊ូជោតរបស់ខ្លួននោះឡើយ។ ហើយណាពី ﷺ បានសង្កេតមើលបុរសនោះសឡាត។ បន្ទាប់មក បុរសនោះបានមកជួបណាពី ﷺ ខណៈដែលលោកកំពុងអង្គុយនៅក្នុងម៉ាស្ជិត រួចឲ្យសាឡាមទៅកាន់លោក។ លោកបានតបសាឡាមបុរសនោះ ហើយក៏បានមានប្រសាសន៍ទៅកាន់បុរសនោះថា៖ អ្នកចូរត្រឡប់ទៅវិញ ហើយសឡាតម្តងទៀត ព្រោះអ្នកមិនទាន់បានសឡាតឡើយ។ បុរសនោះក៏ត្រឡប់ទៅសឡាតម្តងទៀតដោយសឡាតយ៉ាងលឿនដូចមុន។ បន្ទាប់មក គាត់ក៏បានមកដល់ ហើយឲ្យសាឡាមទៅកាន់ ﷺ ណាពី។ ពេលនោះ លោកបានមានប្រសាសន៍ទៅកាន់បុរសនោះទៀតថា៖ អ្នកចូរត្រឡប់ទៅវិញ ហើយសឡាតម្តងទៀត ព្រោះអ្នកមិនទាន់បានសឡាតឡើយ។ ហេតុការណ៍នេះបានកើតឡើងចំនួនបីដង។ ពេលនោះ បុរសនោះក៏បាននិយាយថា៖ សូមស្បថនឹងអ្នកដែលបានតែងតាំងលោកមកដោយការពិត! ខ្ញុំមិនអាចធ្វើបានល្អជាងនេះទេ។ ហេតុនេះ សូមលោកបង្រៀនខ្ញុំផង។ ណាពី ﷺ ក៏បានមានប្រសាសន៍ទៅកាន់បុរសនោះថា៖ នៅពេលអ្នកឈរដើម្បីសឡាត ចូរអ្នកតឹកពៀររ៉តុលអៀហរ៉ម។ បន្ទាប់មក ចូរអ្នកសូត្រស៊ូរ៉ោះអាល់ហ្វាទីហះ ហើយនិងអ្វីដែលអល់ឡោះចង់ឱ្យអ្នកសូត្រ។ បន្ទាប់មក ចូរអ្នកឱនរូកុ រហូតដល់អ្នកមានលំនឹងនៅក្នុងពេលរូកុនោះ ដោយដាក់ដៃទាំងពីររបស់អ្នកលើជង្គង់ និងពន្លាតខ្នងរបស់អ្នកឱ្យត្រង់។ បន្ទាប់មក ចូរអ្នកងើបពីរូកុវិញ និងតម្រង់ខ្លួនរបស់អ្នករហូតដល់ឆ្អឹងទាំងអស់ត្រឡប់ទៅកាន់សន្លាក់របស់វា ហើយឈរឱ្យត្រង់។ បន្ទាប់មក ចូរអ្នកក្រាបស៊ូជោត រហូតដល់អ្នកមានលំនឹងនៅពេលស៊ូជោតនោះដោយបានដាក់ថ្ងាស ច្រមុះ បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងម្រាមជើងទាំងអស់ទៅលើដី។ បន្ទាប់មកទៀត ចូរអ្នកងើបពីស៊ូជោតវិញ រហូតដល់អ្នកមានលំនឹងនៅក្នុងពេលអង្គុយចន្លោះស៊ូជោតទាំងពីរ។ ក្រោយមកទៀត ចូរអ្នកធ្វើដូច្នេះនៅក្នុងគ្រប់រ៉ក្អាត់នីមួយៗនៃសឡាតរបស់អ្នក។

فوائد الحديث

ទាំងនេះ គឺជារូកុន(គោលគ្រឹះ)នៃសឡាត។ គេមិនអាចបោះបង់វាបានឡើយ ទោះបីដោយភ្លេច ឬមិនដឹងក៏ដោយ ដោយភស្តុតាង គឺណាពី ﷺ លោកបង្គាប់ឲ្យសឡាតឡើងវិញ មិនមែនគ្រាន់តែបង្រៀនគេប៉ុណ្ណោះទេ។

ភាពនឹងនរ គឺជារូកុន(គោលគ្រឹះ)មួយ ក្នុងចំណោមរូកុនសឡាត។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបង្ហាញថា អ្នកដែលមិនបានអនុវត្តប្រការវ៉ាជិបមួយចំនួននៃសឡាត ការសឡាតរបស់គេមិនត្រឹមត្រូវឡើយ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបង្ហាញថា ត្រូវមានភាពទន់ភ្លន់ចំពោះអ្នករៀនសូត្រ និងអ្នកដែលមិនដឹង ហើយត្រូវពន្យល់ពីបញ្ហាដល់គេដោយច្បាស់លាស់ សង្ខេបនូវខ្លឹមសារស្នូល និងផ្តោតទៅលើចំណុចសំខាន់ៗសម្រាប់គេ ដោយមិនចាំបាច់និយាយរឿងបន្ថែមដែលគេមិនអាចចងចាំ និងអនុវត្តបាននោះឡើយ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបង្ហាញថា ប្រសិនបើអ្នកដែលផ្តល់ច្បាប់ឥស្លាមត្រូវបានគេសួរពីបញ្ហាអ្វីមួយ ហើយមានបញ្ហាផ្សេងទៀតដែលអ្នកសួរត្រូវការ ប៉ុន្តែគេមិនបានសួរអំពីវាទេនោះ គប្បីលើអ្នកផ្តល់ច្បាប់នោះប្រាប់គេអំពីរឿងនោះផងដែរ។ នេះគឺជាផ្នែកមួយនៃការផ្តល់ដំបូន្មាន ពុំមែនជាការនិយាយរឿងដែលគ្មានប្រយោជន៍នោះទេ។

បញ្ជាក់ពីគុណតម្លៃនៃការទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួន ដោយយោងតាមសម្តីរបស់បុរសនោះថា៖ “ខ្ញុំមិនអាចធ្វើបានល្អជាងនេះទេ។ ហេតុនេះ សូមលោកបង្រៀនខ្ញុំផង”។

អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះបង្ហាញពីការបង្គាប់ប្រើគ្នាឱ្យធ្វើល្អ និងហាមឃាត់ពីអំពើអាក្រក់ ហើយនិងការស្នើសុំរបស់សិស្សឱ្យគ្រូបង្រៀនចំណេះដឹងដល់ខ្លួន។

ស៊ូណិតឲ្យសាឡាមនៅពេលជួបគ្នា ហើយចាំបាច់ត្រូវតបសាឡាមវិញ។ ស៊ូណិតឲ្យសាឡាមឡើងវិញប្រសិនបើជួបគ្នាម្តងទៀត ទោះបីជាពេលវេលាខ្លីក៏ដោយ ហើយចាំបាច់ត្រូវតបសាឡាមគ្រប់ពេលដូចគ្នា។

التصنيفات

Method of Prayer