“កាលពីមុន អម្បូរអ៊ីស្រាអែលត្រូវបានដឹកនាំដោយបណ្ដាណាពី។ រាល់ពេលដែលណាពីម្នាក់ស្លាប់ទៅ…

“កាលពីមុន អម្បូរអ៊ីស្រាអែលត្រូវបានដឹកនាំដោយបណ្ដាណាពី។ រាល់ពេលដែលណាពីម្នាក់ស្លាប់ទៅ ទ្រង់ជំនួសដោយណាពីម្នាក់ទៀត។ ពិតប្រាកដណាស់ គ្មានទេណាពីបន្ទាប់ពីខ្ញុំទៅ ប៉ុន្ដែនឹងមានអ្នកគ្រប់គ្រងជាច្រើន”។

អំពី អាពូហាហ្ស៊ិម បាននិយាយថា៖ ខ្ញុំបានរាប់អានជាមួយអាពូហ៊ូរ៉យរ៉ោះ رضي الله عنه អស់រយៈពេលប្រាំឆ្នាំ ហើយខ្ញុំបានឮគាត់រាយការណ៍ពីណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “កាលពីមុន អម្បូរអ៊ីស្រាអែលត្រូវបានដឹកនាំដោយបណ្ដាណាពី។ រាល់ពេលដែលណាពីម្នាក់ស្លាប់ទៅ ទ្រង់ជំនួសដោយណាពីម្នាក់ទៀត។ ពិតប្រាកដណាស់ គ្មានទេណាពីបន្ទាប់ពីខ្ញុំទៅ ប៉ុន្ដែនឹងមានអ្នកគ្រប់គ្រងជាច្រើន”។ ពួកគេបានសួរថា៖ តើលោកប្រើឲ្យពួកយើងធ្វើដូចមេ្ដច? លោកបានឆ្លើយថា៖ “ចូរពួកអ្នកតាមអ្នកដែលត្រូវគេតែងតាំងមុន ហើយត្រូវផ្ដល់សិទ្ធិរបស់ពួកគេដល់ពួកគេ។ ជាការពិតណាស់ អល់ឡោះនឹងសួរពួកគេអំពីអ្វីដែលពួកគេគ្រប់គ្រង”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អម្បូរអ៊ីស្រាអែលធ្លាប់ត្រូវបានដឹកនាំដោយបណ្តាណាពីដែលគ្រប់គ្រងកិច្ចការរបស់ពួកគេដូចជាអ្នកដឹកនាំ និងអភិបាលគ្រប់គ្រងប្រជាជន។ រាល់ពេលដែលអំពើវិនាសកម្មកើតឡើងក្នុងចំណោមពួកគេ អល់ឡោះបានបញ្ជូនណាពីម្នាក់ដើម្បីកែតម្រង់កិច្ចការរបស់ពួកគេ និងលុបបំបាត់ការផ្លាស់ប្តូរច្បាប់បញ្ញត្តិដែលពួកគេបានធ្វើ។ ប៉ុន្តែគ្មានណាពីណាម្នាក់បន្ទាប់ពីណាពី ﷺ ដើម្បីធ្វើដូចអ្វីដែលណាពីទាំងឡាយបានធ្វើនោះទេ គឺមានតែអ្នកគ្រប់គ្រង(ខលីហ្វះ)ប៉ុណ្ណោះ។ ពួកគេមានចំនួនច្រើន ប៉ុន្តែក្នុងចំណោមពួកគេនឹងកើតមាននូវជម្លោះ។ ពេលនោះ បណ្តាសហាហ្ពាត់ رضي الله عنهم បានសួររ៉ស៊ូលុលឡោះ ﷺ ថា៖ ក្នុងករណីនេះ តើលោកបង្គាប់ពួកយើងឱ្យធ្វើដូចម្តេច? លោកបានឆ្លើយថា៖ នៅពេលដែលអ្នកគ្រប់គ្រង(ខលីហ្វះ)មួយត្រូវបានគេធ្វើសច្ចាប្រណិធានបន្ទាប់ពីអ្នកគ្រប់គ្រងមួយទៀត ការសច្ចាប្រណិធានរបស់អ្នកទីមួយ គឺត្រឹមត្រូវដែលចាំបាច់ត្រូវបំពេញតាម។ ចំណែកឯការសច្ចាប្រណិធានរបស់អ្នកទីពីរ គឺមិនត្រឹមត្រូវឡើយ និងត្រូវបានហាមឃាត់នូវការសុំទាមទារសម្រាប់គេ។ ត្រូវផ្តល់សិទ្ធិរបស់ពួកគេដល់ពួកគេ ស្តាប់បង្គាប់និងគោរពតាមពួកគេចំពោះកិច្ចការដែលមិនមែនជាអំពើបាប។ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងសួរនាំពួកគេ និងជំនុំជម្រះពួកគេចំពោះអ្វីដែលពួកគេបានធ្វើចំពោះពួកអ្នក។

فوائد الحديث

ចាំបាច់ត្រូវមានណាពី ឬអ្នកគ្រប់គ្រង(ខលីហ្វះ)ដើម្បីដឹកនាំមនុស្ស និងនាំពួកគេទៅកាន់មាគ៌ាត្រឹមត្រូវ។

គ្មានណាពីណាបន្ទាប់ពីណាពីមូហាំម៉ាត់ ﷺ នោះឡើយ។

ព្រមានចំពោះការបះបោរប្រឆាំងនឹងអ្នកដែលឡើងកាន់អំណាចដោយស្របច្បាប់។

មិនអនុញ្ញាតឱ្យធ្វើសច្ចាប្រណិធានចំពោះអ្នកគ្រប់គ្រងពីរនាក់ក្នុងពេលតែមួយនោះឡើយ។

បញ្ជាក់ពីទំនួលខុសត្រូវដ៏ធំរបស់អ្នកដឹកនាំ ព្រោះអល់ឡោះជាម្ចាស់នឹងសួរពួកគេអំពីការេគ្រប់គ្រងរបស់ខ្លួន។

អ៊ិពនូហាជើរ បាននិយាយថា៖ បញ្ជាក់ពីការផ្តល់អាទិភាពដល់កិច្ចការសាសនាមុនកិច្ចការលោកិយ ព្រោះណាពី ﷺ លោកបានបង្គាប់ឱ្យបំពេញនូវសិទ្ធិរបស់អ្នកដឹកនាំឱ្យបានពេញលេញ ព្រោះរឿងនេះគឺជាការលើកតម្កើងសាសនា និងការទប់ស្កាត់ភាពចលាចលនិងអំពើអាក្រក់។ ការពន្យារពេលទាមទារសិទ្ធិរបស់ខ្លួន មិនមានន័យថាពួកគេនឹងត្រូវបាត់បង់វានោះទេ ព្រោះអល់ឡោះបានសន្យាថានឹងទូទាត់ ហើយបំពេញវាឱ្យជននោះនូវសិទ្ធិរបស់គេយ៉ាងពេញលេញ សូម្បីតែនៅក្នុងជីវិតបរលោកក៏ដោយ។

នេះគឺជាសញ្ញាមួយក្នុងចំណោមសញ្ញានៃភាពជាណាពីរបស់ណាពី ﷺ ព្រោះមានអ្នកដឹកនាំជាច្រើនបន្ទាប់ពីលោកដែលដឹកនាំ និងគ្រប់គ្រងកិច្ចការប្រជាជាតិ ទាំងមេដឹកនាំល្អ ទាំងមេដឹកនាំមិនល្អ។

التصنيفات

Stories and Conditions of Pre-Islamic Nations