នៅពេលដែលគេផ្តល់ឲ្យរ៉ស៊ូលុលឡោះ ﷺ ធ្វើការជ្រើសរើសរវាងប្រការពីរ លោកតែងជ្រើសយកប្រការដែលមានភាពងាយស្រួលជាងគេ…

នៅពេលដែលគេផ្តល់ឲ្យរ៉ស៊ូលុលឡោះ ﷺ ធ្វើការជ្រើសរើសរវាងប្រការពីរ លោកតែងជ្រើសយកប្រការដែលមានភាពងាយស្រួលជាងគេ ដរាបណាវាមិនមែនជាបាបកម្ម។ តែប្រសិនបើនោះជាបាបកម្មវិញ លោកគឺជាមនុស្សដែលឃ្លាតឆ្ងាយអំពីវាជាងគេបំផុត។

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ គាត់បាននិយាយថា៖ នៅពេលដែលគេផ្តល់ឲ្យរ៉ស៊ូលុលឡោះ ﷺ ធ្វើការជ្រើសរើសរវាងប្រការពីរ លោកតែងជ្រើសយកប្រការដែលមានភាពងាយស្រួលជាងគេ ដរាបណាវាមិនមែនជាបាបកម្ម។ តែប្រសិនបើនោះជាបាបកម្មវិញ លោកគឺជាមនុស្សដែលឃ្លាតឆ្ងាយអំពីវាជាងគេបំផុត។ ហើយរ៉ស៊ូលុលឡោះ ﷺ មិនដែលសងសឹកដើម្បីខ្លួនលោកឡើយ លើកលែងតែនៅពេលណាដែលគេបំពានលើប្រការដែលអល់ឡោះបានហាមឃាត់ នោះលោកនឹងសងសឹកក្នុងនាមអល់ឡោះ។

[صحيح] [متفق عليه]

الشرح

អ៊ុមមុលមុមីនីន អាអ៊ីស្ហះ បានប្រាប់ពីចរិតលក្ខណៈមួយចំនួនរបស់ណាពី ﷺ ហើយក្នុងចំណោមអ្វីដែលគាត់បានប្រាប់នោះ គឺកាលណាណាពី ﷺ ត្រូវបានគេផ្តល់ឲ្យជ្រើសរើសរវាងប្រការពីរ លោកតែងជ្រើសរើសយកប្រការដែលងាយស្រួលជាង ដរាបណាប្រការដែលងាយស្រួលនោះមិនមែនជាប្រការដែលនាំឲ្យមានបាបកម្ម។ តែប្រសិនបើនោះជាប្រការដែលនាំឲ្យមានបាបកម្មវិញ លោកគឺជាមនុស្សដែលឃ្លាតឆ្ងាយពីវាជាងគេបំផុត ហើយក្នុងខណៈនោះ លោកប្រាកដជាជ្រើសរើសយកប្រការដែលពិបាកជាង។ ហើយណាពី ﷺ មិនដែលសងសឹកនរណាម្នាក់ដើម្បីខ្លួនលោកឡើយ។ ផ្ទុយទៅវិញ លោកតែងតែអត់ឱន អធ្យាស្រ័យ និងលើកលែងទោសចំពោះសិទ្ធិផ្ទាល់ខ្លួនរបស់លោក លើកលែងតែនៅពេលណាដែលគេបំពានលើប្រការដែលអល់ឡោះបានហាមឃាត់ នោះលោកនឹងសងសឹកក្នុងនាមអល់ឡោះ។ ហើយលោកជាមនុស្សដែលក្រោធខឹងក្នុងនាមអល់ឡោះខ្លាំងជាងគេបំផុត។

فوائد الحديث

គួរជ្រើសរើសយកកិច្ចការណាដែលមានភាពងាយស្រួលជាង ដរាបណាប្រការនោះមិនមែនជាអំពើបាប។

សាសនាអ៊ីស្លាម គឺជាសាសនាដែលមានភាពងាយស្រួល។

ការខឹងក្នុងនាមអល់ឡោះ គឺត្រូវបានបង្គាប់ប្រើ។

បង្ហាញពីភាពខន្តី ការអត់ធ្មត់ និងការប្រកាន់ខ្ជាប់នឹងសេចក្តីពិតរបស់ណាពី ﷺ ក្នុងការអនុវត្តច្បាប់របស់អល់ឡោះជាម្ចាស់។

អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះបង្ហាញពីការចៀសវាងនូវការជ្រើសរើសអ្វីដែលពិបាក ត្រូវពេញចិត្តនឹងអ្វីដែលខ្លួនមាន និងមិនដាក់បន្ទុកលើខ្លួនឯងចំពោះអ្វីដែលគ្មានតម្រូវការចាំបាច់។

ជំរុញឱ្យអភ័យទោស លើកលែងតែក្នុងករណីដែលពាក់ព័ន្ធនឹងសិទ្ធិទាំងឡាយរបស់អល់ឡោះជាម្ចាស់។

التصنيفات

Prophet's Courage, Prophet's Forbearance