“ទង្វើទាំងឡាយមានប្រាំមួយប្រភេទ។ ចំណែកឯមនុស្សមានបួនប្រភេទ។ (ទង្វើទាំងប្រាំមួយប្រភេទ)គឺមាន…

“ទង្វើទាំងឡាយមានប្រាំមួយប្រភេទ។ ចំណែកឯមនុស្សមានបួនប្រភេទ។ (ទង្វើទាំងប្រាំមួយប្រភេទ)គឺមាន កត្តាចាំបាច់ទាំងពីរ មួយស្មើមួយ អំពើល្អមួយស្មើដប់ និងអំពើល្អមួយស្មើប្រាំពីររយ

អំពី ឃូរ៉ែម ពិន ហ្វាតិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ទង្វើទាំងឡាយមានប្រាំមួយប្រភេទ។ ចំណែកឯមនុស្សមានបួនប្រភេទ។ (ទង្វើទាំងប្រាំមួយប្រភេទ)គឺមាន កត្តាចាំបាច់ទាំងពីរ មួយស្មើមួយ អំពើល្អមួយស្មើដប់ និងអំពើល្អមួយស្មើប្រាំពីររយ។ ចំពោះ“កត្តាចាំបាច់ទាំងពីរ”នោះគឺ៖ ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក។ ចំណែកឯអំពើដែលត្រូវទទួលបានការតបស្នងដូចគ្នា(មួយទទួលបានមួយ)នោះគឺ៖ ជនណាដែលមានបំណងធ្វើអំពើល្អមួយ ដែលមានអារម្មណ៍នៅក្នុងចិត្ត ហើយអល់ឡោះដឹងអំពីវា គឺគេនឹងកត់ត្រាឲ្យជននោះនូវផលបុណ្យមួយ។ ហើយជនណាដែលធ្វើអំពើអាក្រក់មួយ គេនឹងកត់ត្រាឲ្យជននោះនូវបាបកម្មមួយ។ ជនណាដែលធ្វើអំពើល្អមួយ គឺទទួលបានផលបុណ្យស្មើនឹងដប់ដងនៃអំពើនោះ។ ជនណាដែលបរិច្ចាគអ្វីមួយក្នុងមាគ៌ាអល់ឡោះ គឺអំពើល្អមួយស្មើនឹងប្រាំពីររយ។ ចំណែកឯមនុស្ស(ទាំងបួនប្រភេទ)គឺ៖ អ្នកដែលគេបើកទូលាយដល់រូបគេ(មានជីវិតរស់នៅល្អប្រសើរ)ក្នុងលោកិយ តែគេត្បិតត្បៀតចំពោះរូបគេ(លំបាកវេទនា)នៅថ្ងៃបរលោក អ្នកដែលគេត្បិតត្បៀតចំពោះរូបគេក្នុងលោកិយ តែគេបើកទូលាយដល់រូបគេនៅថ្ងៃបរលោក អ្នកដែលគេត្បិតត្បៀតចំពោះរូបគេទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយនិងអ្នកដែលគេបើកទូលាយដល់រូបគេទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក”។

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ទង្វើទាំងឡាយ(របស់មនុស្ស)មានប្រាំមួយប្រភេទ។ ចំណែកឯមនុស្សលោកវិញ មានបួនប្រភេទ។ ចំពោះទង្វើទាំងប្រាំមួយប្រភេទនោះមានដូចជា៖ ទីមួយ. ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយទេនោះ រូបគេចាំបាច់ត្រូវចូលឋានសួគ៌។ ទីពីរ. ជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ រូបគេចាំបាច់ត្រូវចូលឋាននរកដោយស្ថិតនៅជាអមតៈនៅទីនោះ។ ទាំងពីរនេះ គឺជាកត្តាចាំបាច់ទាំងពីរ។ ទីបី. អំពើល្អដែលគេបាននៀត(ប៉ង)ធ្វើវា៖ ជនណាដែលបាននៀតធ្វើអំពើល្អមួយដោយចិត្តស្មោះសចំពោះការនៀតនោះដោយមានអារម្មណ៍នៅក្នុងចិត្ត ហើយអល់ឡោះដឹងអំពីវា ដោយគេគេត្រូវរារាំងដោយអ្វីមួយ ឬមិនមានសមត្ថភាពធ្វើអំពើល្អនោះទេនោះ គឺគេនឹងកត់ត្រាឲ្យជននោះនូវផលបុណ្យមួយយ៉ាងពេញលេញ។ ទីបួន. អំពើអាក្រក់ដែលគេបានធ្វើ៖ ជនណាដែលបានធ្វើអំពើអាក្រក់មួយ គេនឹងកត់ត្រាឲ្យជននោះនូវបាបកម្មតែមួយប៉ុណ្ណោះ។ ទាំងពីរនេះ គឺមួយស្មើមួយដោយមិនមានការបង្កើន(ផលបុណ្យឬបាបកម្ម)ទ្វេដងឡើយ។ ទីប្រាំ. អំពើល្អមួយកើនទ្វេជាដប់៖ គឺជនណាដែលបាននៀតធ្វើអំពើល្អមួយ ហើយគេបានធ្វើវាពិតមែន គេនឹងកត់ត្រាផលបុណ្យឲ្យជននោះចំនួនដប់។ ទីប្រាំមួយ. អំពើល្អមួយកើនទ្វេជាប្រាំពីររយ៖ គឺជនណាដែលបានបរិច្ចាគអ្វីមួយក្នុងមាគ៌ាអល់ឡោះ គេនឹងកត់ត្រាផលបុណ្យឲ្យជននោះចំនួនប្រាំពីររយ។ នេះគឺជាការប្រោសប្រទានរបស់អល់ឡោះជាម្ចាស់ និងភាពសប្បុរសរបស់ទ្រង់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ចំណែកឯប្រភេទមនុស្សទាំងបួនប្រភេទនោះគឺ៖ ទីមួយ. អ្នកដែលគេបើកទូលាយដល់រូបគេឲ្យមានជីវិតរស់នៅល្អប្រសើរក្នុងលោកិយ។ រូបគេអាចទទួលបានតាមអ្វីដែលរូបគេចង់បានក្នុងលោកិយ។ ក៏ប៉ុន្តែគេត្បិតត្បៀតចំពោះរូបគេឲ្យទទួលនូវការលំបាកវេទនានៅថ្ងៃបរលោក ហើយកន្លែងចុងក្រោយរបស់គេ គឺឆ្ពោះទៅកាន់ឋាននរក។ នោះគឺអ្នកគ្មានជំនឿដែលមានជីវភាពធូរធារ។ ទីពីរ. អ្នកដែលគេត្បិតត្បៀតចំពោះរូបគេឲ្យមានជីវិតរស់នៅលំបាកវេទនាក្នុងលោកិយ។ ក៏ប៉ុន្តែ គេបើកទូលាយដល់រូបគេនៅថ្ងៃបរលោក ហើយកន្លែងចុងក្រោយរបស់គេ គឺឆ្ពោះទៅកាន់ឋានសួគ៌។ នោះគឺអ្នកមានជំនឿដែលមានជីវភាពខ្សត់ខ្សោយ។ ទីបី. អ្នកដែលគេត្បិតត្បៀតចំពោះរូបគេទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។ នោះគឺអ្នកគ្មានជំនឿដែលមានជីវភាពខ្សត់ខ្សោយ។ ទីបួន. អ្នកដែលគេបើកទូលាយដល់រូបគេទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។ នោះគឺអ្នកមានជំនឿដែលមានជីវភាពធូរធារ។

فوائد الحديث

ភាពធំធេងនៃក្តីសប្បុរសរបស់អល់ឡោះមកលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ និងការបង្កើនផលបុណ្យរបស់ទ្រង់ចំពោះអំពើល្អទាំងឡាយ។

ភាពយុត្តិធម៌របស់អល់ឡោះ និងក្តីសប្បុរសរបស់ទ្រង់ ខណៈដែលទ្រង់តបស្នងបាបកម្មតែមួយប៉ុណ្ណោះចំពោះអំពើអាក្រក់មួយ ជាភាពយុត្តិធម៌របស់ទ្រង់ចំពោះពួកយើង។

ភាពធំធេងនៃប្រការស្ហ៊ីរិក(ពហុទេពនិយម)ដោយវារារាំងពីការចូលឋានសួគ៌។

បញ្ជាក់ពីឧត្តមភាពនៃការបរិច្ចាគក្នុងមាគ៌ាអល់ឡោះ។

ការកើនទ្វេដងចំពោះផលបុណ្យនៃការបរិច្ចាគក្នុងមាគ៌ាអល់ឡោះចាប់ផ្តើមពីប្រាំពីររយទៅ ព្រោះការបរិច្ចាគក្នុងមាគ៌ាអល់ឡោះ គឺជាការជួយដល់ការលើកតម្កើងពាក្យបន្ទូលរបស់អល់ឡោះ។

បញ្ជាក់ពីប្រភេទនៃមនុស្ស និងភាពខុសគ្នារបស់ពួកគេ។

គេបើកទូលាយ(ផ្តល់ជីវិតរស់នៅល្អប្រសើរ)ក្នុងលោកិយនេះទាំងសម្រាប់អ្នកមានជំនឿ និងអ្នកដែលគ្មានជំនឿ។ តែគេមិនបើកទូលាយនៅថ្ងៃបរលោកដល់នរណាឡើយ លើកលែងតែអ្នកមានជំនឿប៉ុណ្ណោះ។