រ៉ស៊ូលុលឡោះ ﷺ ដែលជាអ្នកសច្ចៈទៀងត្រង់ និងជាអ្នកត្រូវបានគេជឿជាក់បានមានប្រសាសន៍ប្រាប់ពួកយើងថា៖…

រ៉ស៊ូលុលឡោះ ﷺ ដែលជាអ្នកសច្ចៈទៀងត្រង់ និងជាអ្នកត្រូវបានគេជឿជាក់បានមានប្រសាសន៍ប្រាប់ពួកយើងថា៖ “ពិតប្រាកដណាស់ ម្នាក់ៗនៃពួកអ្នកត្រូវបានគេប្រមូលផ្ដុំកំណើតនៅក្នុងផ្ទៃម្ដាយរបស់ខ្លួនរយៈពេលសែសិបថ្ងៃ(ដំបូង ជាតំណក់ទឹកកាម)

អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه ថា៖ រ៉ស៊ូលុលឡោះ ﷺ ដែលជាអ្នកសច្ចៈទៀងត្រង់ និងជាអ្នកត្រូវបានគេជឿជាក់បានមានប្រសាសន៍ប្រាប់ពួកយើងថា៖ “ពិតប្រាកដណាស់ ម្នាក់ៗនៃពួកអ្នកត្រូវបានគេប្រមូលផ្ដុំកំណើតនៅក្នុងផ្ទៃម្ដាយរបស់ខ្លួនរយៈពេលសែសិបថ្ងៃ(ដំបូង ជាតំណក់ទឹកកាម)។ បន្ទាប់មក ក្លាយជាដុំឈាមក្នុងរយៈពេលដូចគ្នា។ បន្ទាប់មកទៀត ក្លាយជាដុំសាច់ក្នុងរយៈពេលដូចគ្នា។ ក្រោយមក គេ(អល់ឡោះ)បានចាត់តាំងម៉ាឡាអ៊ីកាត់ម្នាក់ទៅកាន់គភ៌នោះដោយគេប្រើឲ្យកត់ត្រានូវបួនប្រការ។ ពេលនោះ ម៉ាឡាអ៊ីកាត់ក៏កត់ត្រានូវលាភសក្ការៈរបស់គេ អាយុជីវិតរបស់គេ ទង្វើរបស់គេ និងសំណាងល្អ(ចូលឋានសួគ៌) ឬសំណាងអាក្រក់(ចូលឋាននរក)។ បន្ទាប់មកទៀត ម៉ាឡាអ៊ីកាត់ក៏ផ្លុំវិញ្ញាណទៅក្នុងគភ៌នោះ។ ជាការពិតណាស់ អ្នកខ្លះខំធ្វើទង្វើល្អដែលជាទង្វើអ្នកឋានសួគ៌ រហូតដល់(ជិតបានចូលឋានសួគ៌ទៅហើយ)នៅសល់តែមួយហត្ថទៀតប៉ុណ្ណោះ។ ប៉ុន្ដែដោយសារគេបានកត់ត្រារួច គាត់ក៏ត្រឡប់ទៅធ្វើទង្វើអាក្រក់ដែលជាទង្វើអ្នកឋាននរកវិញ ហើយគាត់ក៏ចូលឋាននរកទៅ។ ចំណែកឯអ្នកខ្លះទៀតខំធ្វើទង្វើអាក្រក់ដែលជាទង្វើអ្នកឋាននរក រហូតដល់(ជិតចូលឋាននរកទៅហើយ)នៅសល់តែមួយហត្ថទៀតប៉ុណ្ណោះ។ ប៉ុន្ដែដោយសារគេបានកត់ត្រារួច គាត់ក៏ត្រឡប់ទៅធ្វើទង្វើល្អដែលជាទង្វើអ្នកឋានសួគ៌វិញ ហើយក៏បានចូលឋានសួគ៌ទៅ”។

الشرح

អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ ដែលជាអ្នកសច្ចៈទៀងត្រង់បំផុតចំពោះពាក្យសម្តីរបស់លោក និងជាអ្នកត្រូវបានគេជឿជាក់ បានមានប្រសាសន៍ប្រាប់ពួកយើងថា៖ ពិតប្រាកដណាស់ ម្នាក់ៗនៃពួកអ្នកត្រូវបានគេប្រមូលផ្ដុំកំណើតនៅក្នុងផ្ទៃម្ដាយរបស់ខ្លួនរយៈពេលសែសិបថ្ងៃ(ដំបូង)ជាតំណក់ទឹកកាម។ នោះគឺនៅពេលដែលបុរសរួមមេត្រីជាមួយភរិយារបស់ខ្លួន ហើយទឹកកាមរបស់បុរសត្រូវបានប្រមូលផ្តុំក្នុងស្បូនស្ត្រី។ បន្ទាប់មក វាវិវឌ្ឍន៍ក្លាយទៅជាកំណកឈាមដែលរឹងក្នុងរយៈពេលសែសិបថ្ងៃបន្ទាប់ ដែលជាដំណាក់កាលទីពីរ។ បន្ទាប់មកទៀត វាក៏វិវឌ្ឍន៍ក្លាយជាដុំសាច់មួយដុំ ដែលមានទំហំប៉ុនដុំដែលអាចទំពារបានក្នុងរយៈពេលសែសិបថ្ងៃបន្ទាប់ ដែលជាដំណាក់កាលទីពីរ។ បន្ទាប់ពីនោះមក អល់ឡោះជាម្ចាស់បានបញ្ជូនម៉ាឡាអ៊ីកាត់ម្នាក់ទៅកាន់គភ៌នោះ រួចគេក៏ផ្តុំវិញ្ញាណចូលទៅក្នុងគភ៌នោះ។ ហើយអល់ឡោះបានប្រើម៉ាឡាអ៊ីកាត់នោះឲ្យកត់ត្រានូវបួនប្រការ គឺលាភសក្ការៈរបស់គេ ថាតើពេញមួយជីវិតរបស់គេ តើគេទទួលបានឧបការគុណក្នុងបរិមាណប៉ុន្មាន? កត់ត្រានូវអាយុជីវិតរបស់គេ ថាតើគេមានជីវិតរស់នៅក្នុងលោកិយនេះរយៈពេលប៉ុន្មាន? កត់ត្រានូវទង្វើរបស់គេ ថាតើទង្វើល្អឬទង្វើអាក្រក់ ជាអ្នកសំណាងល្អ(ចូលឋានសួគ៌) ឬសំណាងអាក្រក់(ចូលឋាននរក)។ បន្ទាប់មក ណាពី ﷺ បានស្បថថា ជាការពិតណាស់ អ្នកខ្លះសាងទង្វើកុសលដែលជាទង្វើរបស់អ្នកឋានសួគ៌ ពោលគឺតាមអ្វីដែលគេបង្ហាញឲ្យមនុស្សបានឃើញ ហើយគេនៅតែបន្តបែបនេះ រហូតដល់នៅសល់តែមួយហត្ថទៀតប៉ុណ្ណោះនឹងបានចូលឋានសួគ៌ តែដោយសារគេបានកត់ត្រា និងកំណត់ឲ្យគាត់រួច គាត់ក៏ត្រឡប់ទៅធ្វើទង្វើអាក្រក់ដែលជាទង្វើអ្នកឋាននរកវិញ រួចក៏បានស្លាប់ក្នុងពេលនោះ ហើយគាត់ក៏ចូលឋាននរកទៅ ពីព្រោះលក្ខខណ្ឌក្នុងការទទួលយកទង្វើកុសល គឺគេត្រូវតែសាងទង្វើកុសលរហូត និងមិនផ្លាស់ប្តូរឡើយ។ ហើយមានអ្នកខ្លះទៀតសាងអំពើអាក្រក់ដែលជាទង្វើអ្នកឋាននរក រហូតជិតតែនឹងចូលឋាននរកទៅហើយ នៅសល់តែមួយហត្ថទៀតប៉ុណ្ណោះនឹងត្រូវចូលឋាននរក តែដោយសារគេបានកត់ត្រា និងកំណត់ឲ្យគាត់រួច គាត់ក៏ត្រឡប់ទៅធ្វើទង្វើល្អដែលជាទង្វើអ្នកឋានសួគ៌វិញ ហើយក៏បានចូលឋានសួគ៌ទៅ។

فوائد الحديث

លទ្ធផលចុងក្រោយនៃកិច្ចការទាំងឡាយ គឺអាស្រ័យទៅលើព្រេងវាសនាដែលអល់ឡោះជាម្ចាស់ទ្រង់បានកំណត់។

ព្រមានឲ្យប្រុងប្រយ័ត្នពីការចាញ់បោករូបភាពខាងក្រៅនៃទង្វើរបស់បុគ្គលម្នាក់ៗ ព្រោះថា ទង្វើទាំងឡាយ គឺអាស្រ័យលើទីបញ្ចប់របស់វា។