ជនណាហើយដែលយកវូហ្ទុដូចកវូហ្ទុរបស់ខ្ញុំនេះ បន្ទាប់មក គេសឡាតពីររ៉ក្អាត់…

ជនណាហើយដែលយកវូហ្ទុដូចកវូហ្ទុរបស់ខ្ញុំនេះ បន្ទាប់មក គេសឡាតពីររ៉ក្អាត់ ដោយមិនគិតអំពីវត្ថុលោកិយនៅក្នុងចិត្តរបស់គេនៅក្នុងរ៉ក្អាត់ទាំងពីរនោះ អល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក

អំពី ហ៊ុមរ៉ន ដែលជាអ្នកបម្រើរបស់អ៊ូស្មាន ពិន អាហ្វហ្វាន ពិតណាស់ គាត់បានឃើញអ៊ូស្មាន ពិន អាហ្វហ្វាន សុំទឹកសម្រាប់ទឹកវូហ្ទុ។ បន្ទាប់មក គាត់ចាក់ទឹកពីធុងដាក់ក្នុងដៃទាំងពីរ រួចលាងវាបីដង ហើយគាត់ដាក់ដៃស្តាំរបស់គាត់ចូលក្នុងទឹកវូហ្ទុ រួចគាត់ខ្ពុរមាត់ និងស្រូបទឹកចូលច្រមុះ រួចញើសចេញមកវិញ។ បន្ទាប់មក គាត់លាងមុខរបស់គាត់ចំនួនបីដង និងលាងដៃទាំងពីររបស់គាត់រហូតដល់កែងដៃចំនួនបីដង។ ក្រោយមក គាត់ជូតក្បាលរបស់គាត់។ រួចមក គាត់លាងជើងម្ខាងៗចំនួនបីដង។ បន្ទាប់មក គាត់បាននិយាយថា៖ ខ្ញុំបានឃើញណាពី ﷺ លោកយកវូហ្ទុដូចការយកវូហ្ទុរបស់ខ្ញុំនេះ ហើយលោកបានមានប្រសាសន៍ថា៖ “ជនណាហើយដែលយកវូហ្ទុដូចកវូហ្ទុរបស់ខ្ញុំនេះ បន្ទាប់មក គេសឡាតពីររ៉ក្អាត់ ដោយមិនគិតអំពីវត្ថុលោកិយនៅក្នុងចិត្តរបស់គេនៅក្នុងរ៉ក្អាត់ទាំងពីរនោះ អល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក”។

[صحيح] [متفق عليه]

الشرح

អ៊ូស្មាន ពិន អាហ្វហ្វាន رضي الله عنه បានបង្រៀនពីរបៀបយកទឹកវូហ្ទុរបស់ណាពី ﷺ តាមវិធីសាស្ត្រអនុវត្តផ្ទាល់ដើម្បីឲ្យកាន់តែច្បាស់ និងងាយយល់។ គាត់បានសុំទឹកពីគេមួយធុង រួចគាត់ចាក់ទឹកលើដៃរបស់គាត់ទាំងពីរ(លាងប្រអប់ដៃ)ចំនួនបីដង។ បន្ទាប់ពីនោះមក គាត់ដាក់ដៃស្តាំរបស់គាត់ចូលក្នុងធុងនោះ។ បន្ទាបមក គាត់ក្បុងទឹកដាក់ចូលមាត់ រួចខ្ពុរមាត់ ហើយខ្ជាក់ចេញមកវិញ។ បន្ទាប់មកគាត់បានស្រូបទឹកចូលច្រមុះ រួចញើសចេញមកវិញ។ បន្ទាប់មក គាត់លាងមុខរបស់គាត់ចំនួនបីដង។ បន្ទាប់មកទៀត គាត់លាងដៃទាំងពីររបស់គាត់រហូតដល់កែងដៃចំនួនបីដង។ ក្រោយមក គាត់ផ្សើមដៃរបស់គាត់នឹងទឹក រួចជូតក្បាលចំនួនមួយដង។ បន្ទាប់មកទៀត គាត់លាងជើងទាំងពីររបស់គាត់រហូតដល់ភ្នែកគោលចំនួនបីដង។ នៅពេលដែលគាត់យកវូហ្ទុរួចរាល់ អ៊ូស្មាន رضي الله عنه បានប្រាប់ពួកគេថា ជាការពិតណាស់ គាត់បានឃើញណាពី ﷺ យកវូហ្ទុតាមរបៀបនេះ ហើយណាពី ﷺ លោកបានផ្តល់ដំណឹងរីករាយដល់ពួកគេថា ជាការពិតណាស់ ជនណាហើយដែលបានយកវូហ្ទុដូចវូហ្ទុរបស់លោក បន្ទាប់មក គេសឡាតចំនួនពីររ៉ក្អាត់ប្រកបដោយការកោតខ្លាចនិងនឹងនរនៅចំពោះមុខអល់ឡោះជាម្ចាស់ នោះអល់ឡោះជាម្ចាស់នឹងតបស្នងចំពោះការយកវូហ្ទុយ៉ាងពេញលេញ និងការសឡាតដោយចិត្តជ្រះថ្លារបស់គេនេះនូវការអភ័យទោសដល់រូបគេនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក។

فوائد الحديث

ស៊ូណិតគប្បីលាងប្រអប់ដៃទាំងពីរមុននឹងលូកដៃចូលក្នុងប្រដាប់ដាក់ទឹកនៅពេលចាប់ផ្តើមយកវូហ្ទុប្រសិនបើរូបគេមិនមែនទើបភ្ញាក់ពីដំណេក។ តែប្រសិនបើរូបគេទើបភ្ញាក់ពីដំណេកនៅពេលយប់ គឺចាំបាច់ត្រូវលាងជាដាច់ខាត។

គប្បីលើអ្នកបង្រៀនត្រូវជ្រើសរើសនូវមធ្យោបាយទាំងឡាយណាដែលជួយឲ្យគេងាយយល់ និងឆាប់ចាប់បាន ដោយក្នុងចំណោមនោះ គឺការបង្រៀនដោយការអនុវត្តជាក់ស្តែង។

គប្បីលើអ្នកសឡាតត្រូវជម្រះចេញនូវរាល់ប្រការទាំងឡាយដែលនាំឲ្យរូបគេរវល់នឹងកិច្ចការលោកិយ ព្រោះភាពពេញលេញនៃសឡាតស្ថិតនៅដួងចិត្ត។ ដូច្នេះហើយ គេត្រូវតែព្យាយាមធ្វើខ្លួនឲ្យមានភាពនឹងនរ កុំឲ្យវង្វេងក្នុងគំនិតលោកិយ។ មិនដូច្នោះទេ ចិត្តមិនអាចរួចផុតពីវាបានឡើយ។

ស៊ូណិតចាប់ផ្តើមពីផ្នែកខាងស្តាំក្នុងពេលយកវូហ្ទុ។

ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យអនុវត្តតាមលំដាប់លំដោយរវាងការខ្ពុរមាត់ ការស្រូបទឹកចូលច្រមុះ និងញើសចេញមកវិញ។

គប្បីលាងមុខ លាងដៃទាំងពីរ និងលាងជើងទាំងពីរចំនួនបីដង។ ប៉ុន្តែចាំបាច់ត្រូវលាងតែមួយដងប៉ុណ្ណោះ។

ការអភ័យទោសពីអល់ឡោះចំពោះបាបកម្មកន្លងមក គឺសម្រាប់តែអ្នកដែលបានយកវូហ្ទុនិងសឡាតចំនួនពីររ៉ក្អាត់ទៅតាមរបៀបដូចដែលបានលើកឡើងក្នុងហាទីស្ហ។

រាល់អវយវៈនីមួយដែលត្រូវយកវូហ្ទុ គឺមានព្រំខ្នាតរបស់វា។ ចំពោះមុខ ខ្នាតរបស់វា បណ្តោយចាប់ពីជើងសក់ខាងមុខ រហូតដល់ចង្កា រួមទាំងពុកចង្កាផងដែរ។ រីឯទទឹង ចាប់ពីត្រចៀកម្ខាង រហូតដល់ត្រចៀកម្ខាងទៀត។ ចំពោះដៃ ខ្នាតរបស់វាចាប់ពីចុងម្រាមដៃ រហូតដល់កែងដៃដែលជាអវយវៈនៅចន្លោះដើមដៃ និងកំភួនដៃ។ ចំពោះក្បាល ខ្នាតរបស់វាចាប់ពីជើងសក់ខាងមុខ រហូតដល់ជើងសក់ខាងក្រោយ ហើយការជូតត្រចៀក ក៏ជាផ្នែកមួយនៃក្បាលផងដែរ។ ចំណែកឯជើងវិញ គឺកជើងទាំងមូល(ចាប់ពីចុងម្រាមជើង រហូតដល់ភ្នែកគោល)។

التصنيفات

Method of Ablution