“ពិតប្រាកដណាស់ ក្នុងចំណោមប្រការដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នកបន្ទាប់ពីខ្ញុំស្លាប់ទៅ…

“ពិតប្រាកដណាស់ ក្នុងចំណោមប្រការដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នកបន្ទាប់ពីខ្ញុំស្លាប់ទៅ គឺអ្វីដែលគេនឹងបើកបង្ហាញសម្រាប់ពួកអ្នកនៃភាពស្រស់បំព្រងរបស់លោកិយ និងគ្រឿងលម្អរបស់វា”។

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ថា៖ ពិតណាស់នៅថ្ងៃមួយ ណាពី ﷺ លោកបានអង្គុយនៅលើមិមពើរ ហើយពួកយើងបានអង្គុយជុំវិញលោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ក្នុងចំណោមប្រការដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នកបន្ទាប់ពីខ្ញុំស្លាប់ទៅ គឺអ្វីដែលគេនឹងបើកបង្ហាញសម្រាប់ពួកអ្នកនៃភាពស្រស់បំព្រងរបស់លោកិយ និងគ្រឿងលម្អរបស់វា”។ មានបុរសម្នាក់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើប្រការល្អអាចនាំមកនូវប្រការអាក្រក់ឬ? ណាពី ﷺ បានស្ងៀមស្ងាត់។ ពេលនោះ មានគេនិយាយទៅកាន់បុរសនោះថា៖ តើអ្នកមានបញ្ហាអ្វី? អ្នកនិយាយទៅកាន់ណាពី ﷺ តែលោកមិនឆ្លើយតបនឹងអ្នក? បន្ទាប់មក ពួកយើងបានឃើញថា វ៉ាហ៊ីត្រូវបានគេបញ្ចុះមកកាន់លោក។ បន្ទាប់មក លោកបានជូតញើសចេញ ហើយសួរថា៖ “តើអ្នកសួរនៅឯណា”? ហាក់បីដូចជាលោកសរសើរបុរសនោះ។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ប្រការល្អមិនអាចនាំមកនូវប្រការអាក្រក់ឡើយ។ ពិតប្រាកដណាស់ រុក្ខជាតិខ្លះដែលដុះនៅរដូវផ្ការីកអាចងាប់ ឬឬជិតនឹងងាប់ លើកលែងតែសត្វដែលស៊ីស្មៅបៃតង។ វាស៊ីរហូតដល់ចំហៀងវាឡើងប៉ោង ហើយវាងាកទៅរកពន្លឺព្រះអាទិត្យ។ បន្ទាប់មក វាបន្ទោបង់ និងនោម ហើយត្រឡប់ទៅស៊ីស្មៅវិញ។ ពិតណាស់ ទ្រព្យសម្បត្តិនេះគឺមានពណ៌បៃតង និងមានភាពផ្អែម។ ហើយទ្រព្យសម្បត្តិដ៏ល្អបំផុតដែលអ្នកមូស្លីមមាន គឺការផ្តល់វាមួយចំណែកទៅឱ្យអ្នកក្រីក្រ កុមារកំព្រា និងអ្នកដំណើរដាច់ស្បៀង” ឬដូចដែលណាពី ﷺ មានប្រសាសន៍។ “ពិតប្រាកដណាស់ អ្នកណាដែលយកយកទ្រព្យសម្បត្តិដោយខុសច្បាប់ នោះរូបគេគឺប្រៀបដូចជាអ្នកដែលបរិភោគហើយមិនចេះឆ្អែត ហើយទ្រព្យសម្បត្តិរបស់គេនឹងក្លាយជាសាក្សីប្រឆាំងនឹងរូបគេនៅថ្ងៃបរលោក”។

[صحيح] [متفق عليه]

الشرح

នៅថ្ងៃមួយ ណាពី ﷺ លោកអង្គុយនៅលើមិមពើរ(វេទិកាថ្លែងសុន្ទរកថា) ហើយបានមានប្រសាសន៍ទៅកាន់សហាហ្ពាត់ទាំងឡាយថា៖ អ្វីដែលខ្ញុំបារម្ភជាងគេបំផុត និងភ័យខ្លាចជាងគេបំផុតចំពោះពួកអ្នកបន្ទាប់ពីខ្ញុំស្លាប់ទៅ គឺគេបើកបង្ហាញឲ្យពួកអ្នកនូវពរជ័យនៅលើផែនដី ភាពស្រស់ស្អាតនៃលោកិយ គ្រឿងតុបតែងលម្អររបស់វា ភាពត្រេកត្រអាលរបស់វា ហើយនិងអ្វីផ្សេងទៀត ដូចជា ទ្រព្យសម្បត្តិ សម្លៀកបំពាក់ និងដំណាំជាដើម ដែលមនុស្សមានមោទនភាពចំពោះភាពភាពស្រស់ស្អាតរបស់វា ទាំងដែលទោះបីជីវិតរបស់ពួកគេខ្លីក៏ដោយ។ មានបុរសម្នាក់បានសួរថា៖ ភាពស្រស់បំព្រងនៃលោកិយ គឺជាឧបការគុណពីអល់ឡោះ។ ដូចនេះ តើឧបការគុណនេះអាចក្លាយជាប្រការមិនល្អ និងជាទណ្ឌកម្មដែរឬទេ? ពេលនោះ មនុស្សទាំងឡាយបានស្តីបន្ទោសបុរសដែលសួរនោះ នៅពេលដែលពួកគេឃើញណាពី ﷺ នៅស្ងៀម ដោយពួកគេគិតថា បុរសនោះបានធ្វើឱ្យលោកខឹង។ តែក្រោយមក ពួកគេបានដឹងថា លោកកំពុងទទួលវ៉ាហ៊ី។ បន្ទាប់មក លោកបានជូតញើសពីថ្ងាស រួចសួរថា៖ តើអ្នកសួរនៅឯណា? បុរសនោះឆ្លើយថា៖ គឺខ្ញុំ។ ណាពី ﷺ បានថ្លែងសរសើរអល់ឡោះ និងកោតសរសើរដល់ទ្រង់ រួចលោកបានមានប្រសាសន៍ថា៖ ប្រការល្អពិតប្រាកដ គឺនាំមកតែប្រការល្អប៉ុណ្ណោះ។ ក៏ប៉ុន្តែភាពស្រស់បំព្រងនេះមិនមែនជាប្រការល្អសុទ្ធសាធនោះទេ ព្រោះវានាំទៅរកភាពវឹកវរ ការប្រណាំងប្រជែងគ្នា និងការងាកចេញពីការផ្តោតលើបរលោក។ បន្ទាប់មក លោកបានលើកជាឧទាហរណ៍បញ្ជាក់ពីបញ្ហានោះថា៖ ជាការពិតណាស់ រុក្ខជាតិ និងស្មៅខៀវដែលដុះនៅរដូវផ្ការីក អាចធ្វើឱ្យសត្វងាប់ ឬស្ទើរតែនឹងងាប់បាន ព្រោះតែវាស៊ីច្រើន។ លើកលែងតែសត្វដែលស៊ីស្មៅនៅពេលដែលវាស៊ីពេញពោះ វាក៏ងាកទៅរកព្រះអាទិត្យ បន្ទាប់មក បញ្ចេញកាកសំណល់ពីពោះវា ឬបត់ជើង រួចទាញយកអាហារពីក្រពះមកទំពារម្តងទៀត រួចលេប ហើយត្រឡប់ទៅស៊ីម្តងទៀត។ ទ្រព្យសម្បត្តិនេះដូចជាស្មៅខៀវស្រស់ដែលមានរសជាតិផ្អែម ដែលអាចសម្លាប់ ឬស្ទើរតែធ្វើឲ្យស្លាប់ដោយសារភាពច្រើនលើសលប់របស់វា លើកលែងតែអ្នកដែលប្រើប្រាស់វាតាមតម្រូវការចាំបាច់ និងគ្រប់គ្រាន់តាមវិធីដែលត្រឹមត្រូវតែប៉ុណ្ណោះ ទើបមិនបង្កគ្រោះថ្នាក់។ ទ្រព្យសម្បត្តិដ៏ល្អបំផុតដែលអ្នកមូស្លីមមាន គឺការផ្តល់វាមួយចំណែកទៅឱ្យអ្នកក្រីក្រ កុមារកំព្រា និងអ្នកដំណើរដាច់ស្បៀង។ អ្នកដែលទទួលយកទ្រព្យសម្បត្តិដោយត្រឹមត្រូវនឹងទទួលបានពរជ័យនៅក្នុងវា។ តែអ្នកដែលទទួលយកវាដោយមិនត្រឹមត្រូវ គឺដូចជាអ្នកដែលបរិភោគហើយនៅតែឃ្លានមិនចេះឆ្អែត ហើយវានឹងក្លាយជាសាក្សីប្រឆាំងនឹងរូបគេនៅថ្ងៃបរលោក។

فوائد الحديث

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបង្ហាញពីគុណប្រយោជន៍នៃទ្រព្យសម្បត្តិសម្រាប់អ្នកដែលទទួលយកវាដោយត្រឹមត្រូវ ហើយចំណាយវាក្នុងផ្លូវល្អ។

ណាពី ﷺ លោកបានប្រាប់ពីស្ថានភាពប្រជាជាតិរបស់លោក និងអ្វីដែលគេនឹងបើកសម្រាប់ពួកគេនៃភាពស្រស់បំព្រងនៃជីវិតលោកិយ និងភាពវឹកវររបស់វា។

ក្នុងចំណោមការចង្អុលបង្ហាញរបស់ណាពី ﷺ គឺការប្រើឧទាហរណ៍ដើម្បីពន្យល់អត្ថន័យឱ្យកាន់តែងាយយល់។

ជំរុញឲ្យបរិច្ចាគទាន និងចំណាយទ្រព្យសម្បត្តិក្នុងផ្លូវល្អ ហើយព្រមានពីភាពកំណាញ់។

តាមរយៈប្រសាសន៍របស់លោកដែលបានលើកឡើងថា៖ “ប្រការល្អមិនអាចនាំមកនូវប្រការអាក្រក់ឡើយ” ជាការពិតណាស់ លាភសក្ការៈ ទោះបីជាវាច្រើនក៏ដោយ គឺជាផ្នែកមួយនៃប្រការល្អ។ក៏ប៉ុន្តែវានឹងក្លាយជាប្រការអាក្រក់ នៅពេលដែលភាពកំណាញ់ជ្រាបចូល ដោយមិនផ្តល់ឱ្យអ្នកដែលសមនឹងទទួលបាន និងការចំណាយខ្ជះខ្ជាយលើអ្វីដែលមិនត្រូវបានអនុញ្ញាត។ រាល់អ្វីទាំងអស់ដែលអល់ឡោះបានកំណត់ថាជាប្រការល្អមិនអាចក្លាយជាប្រការអាក្រក់ឡើយ និងផ្ទុយមកវិញ។ ប៉ុន្តែគេបារម្ភចំពោះអ្នកដែលទទួលបានប្រការល្អនោះប្រើប្រាស់វាក្នុងផ្លូវមិនល្អដែលអាចនាំមកនូវប្រការអាក្រក់។

មិនត្រូវប្រញាប់ប្រញាល់ក្នុងការឆ្លើយតបនោះឡើយ ប្រសិនបើគេត្រូវការពេលវេលាគិតពិចារណា។

អ៊ីម៉ាំ អាត់តៃពី បាននិយាយថា៖ តាមរយៈហាទីស្ហនេះ គេអាចទាញបានថា មនុស្សមានបួនប្រភេទ៖ ១. អ្នកដែលបរិភោគដោយហួសប្រមាណ រហូតដល់ពោះប៉ោងខ្លាំងក៏មិនព្រមឈប់ រហូតដល់វិនាស។ ២. អ្នកដែលបរិភោគច្រើនដូចគ្នា ប៉ុន្តែព្យាយាមព្យាបាលជំងឺបន្ទាប់ពីវាធ្ងន់ធ្ងរ ប៉ុន្តែជំងឺនោះក៏បានយកឈ្នះគេ ហើយក៏យកជីវិតគេ។ ៣. អ្នកដែលបរិភោគច្រើនដូចគ្នា ប៉ុន្តែប្រញាប់ប្រញាល់កម្ចាត់អ្វីដែលបង្កគ្រោះថ្នាក់ រហូតដល់វាត្រូវបានបំផ្លាញ ហើយគេក៏រួចផុតពីគ្រោះថ្នាក់។ ៤. អ្នកដែលបរិភោគដោយមិនលោភលន់តាមការស្រេកឃ្លាន គេគ្រាន់តែបរិភោគតាមតម្រូវការដើម្បីរស់រានមានជីវិតប៉៉ុណ្ណោះ។ ប្រភេទទី១ គឺជាឧទាហរណ៍នៃអ្នកគ្មានជំនឿ។ ប្រភេទទី២ គឺជាឧទាហរណ៍នៃអ្នកប្រព្រឹត្តបាបដែលភ្លេចខ្លួនមិនព្រមបញ្ឈប់ និងសារភាពកំហុស រហូតដល់យឺតពេល។ ប្រភេទទី៣ គឺជាឧទាហរណ៍នៃអ្នកដែលរួសរាន់ក្នុងការសារភាពកំហុសក្នុងពេលដែលគេនៅទទួលយក។ ប្រភេទទី៤ គឺជាឧទាហរណ៍នៃអ្នកដែលមិនជាប់ជំពាក់នឹងលោកិយ ហើយប្រាថ្នាបរលោក។

អ៊ិពនូ អាល់មូនៀរ បាននិយាយថា៖ ក្នុងហាទីស្ហនេះមានសេចក្តីប្រៀបធៀបដ៏អស្ចារ្យជាច្រើន៖ ១. ការប្រៀបធៀបទ្រព្យសម្បត្តិ និងការលូតលាស់របស់វាទៅនឹងរុក្ខជាតិ និងការដុះលូតលាស់របស់វា។ ២. ការប្រៀបធៀបអ្នកដែលលង់ក្នុងការប្រមូលទ្រព្យសម្បត្តិទៅនឹងសត្វដែលស៊ីស្មៅដោយលោភលន់តាមការស្រេកឃ្លាន ។ ៣. ការប្រៀបធៀបការប្រមូលនិងស្តុកទុកទ្រព្យសម្បត្តិទៅនឹងការបរិភោគដោយលោភលន់ និងមិនចេះឆ្អែតឆ្អន់។ ៤. ការប្រៀបធៀបការចំណាយទ្រព្យសម្បត្តិដែលពេញដោយសេចក្តីស្រលាញ់ក្នុងចិត្ត រហូតកើតជាសេចក្តីកំណាញ់ទៅនឹងលាមករបស់សត្វ ដែលបង្ហាញពីភាពគួរឱ្យស្អប់ខ្ពើម យោងតាមច្បាប់សាសនា។ ៥. ការប្រៀបធៀបអ្នកដែលមិនខ្វល់ពីការប្រមូលស្តុកទ្រព្យសម្បត្តិទៅនឹងចៀមដែលសម្រាកក្រោមពន្លឺថ្ងៃ ដែលជាស្ថានភាពដ៏ល្អបំផុតរបស់វា និងបង្ហាញពីការយល់ដឹងអំពីសុខុមាលភាពរបស់ខ្លួន។ ៦. ការប្រៀបធៀបការស្លាប់របស់អ្នកប្រមូលទ្រព្យដែលកំណាញ់ទៅនឹងការស្លាប់របស់សត្វដែលភ្លេចបញ្ចេញចោលនូវអាហារដែលនាំឱ្យគេអន្តរាយ។ ៧. ការប្រៀបធៀបទ្រព្យសម្បត្តិទៅនឹងមិត្តភក្តិដែលអាចក្លាយជាសត្រូវ ដោយសារតែជាធម្មតាទ្រព្យសម្បត្តិត្រូវបានគេរក្សាទុក និងការពារដោយក្តីស្រឡាញ់។ នេះនាំឱ្យមានការស្តុកទុកមិនផ្តល់វាដល់អ្នកដែលសមនឹងទទួលបាន ហើយក៏ក្លាយជាហេតុនៃការដាក់ទោសដល់ម្ចាស់របស់វា។ ៨. ការប្រៀបធៀបអ្នកដែលយកទ្រព្យដោយមិនត្រឹមត្រូវទៅនឹងអ្នកដែលបរិភោគមិនចេះឆ្អែត។

អ៊ីម៉ាំ អាស្ស៊ិនទី បាននិយាយថា៖ ការទទួលយកទ្រព្យសម្បត្តិត្រូវមានលក្ខខណ្ឌពីរ៖ ទីមួយ. ទទួលបានដោយមធ្យោបាយត្រឹមត្រូវ។ ទីពីរ. ចំណាយក្នុងផ្លូវត្រឹមត្រូវ។ នៅពេលលក្ខខណ្ឌណាមួយមិនត្រូវបានបំពេញ នោះវានឹងក្លាយជាគ្រោះថ្នាក់។ វាអាចនិយាយបានថា៖ លក្ខខណ្ឌទាំងពីរនេះត្រូវតែភ្ជាប់ទៅជាមួយគ្នា។ មនុស្សម្នាក់នឹងមិនទទួលបានជោគជ័យនៅក្នុងការចំណាយដ៏ត្រឹមត្រូវឡើយ លុះត្រាតែគេទទួលបានទ្រព្យដោយត្រឹមត្រូវផងដែរ។

التصنيفات

Condemning Love of the World