“គ្រប់ណាពីដែលអល់ឡោះបានតែងតាំងមកកាន់ប្រជាជាតិមុនខ្ញុំ គឺសុទ្ធតែមានអ្នកជួយគាំទ្រ …

“គ្រប់ណាពីដែលអល់ឡោះបានតែងតាំងមកកាន់ប្រជាជាតិមុនខ្ញុំ គឺសុទ្ធតែមានអ្នកជួយគាំទ្រ និងមិត្តភក្ដិជាច្រើនពីចំណោមប្រជាជាតិរបស់ណាពីនោះដែលទទួលយកមាគ៌ារបស់គាត់ និងអនុវត្តតាមបទបញ្ជារបស់គាត់។

អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គ្រប់ណាពីដែលអល់ឡោះបានតែងតាំងមកកាន់ប្រជាជាតិមុនខ្ញុំ គឺសុទ្ធតែមានអ្នកជួយគាំទ្រ និងមិត្តភក្ដិជាច្រើនពីចំណោមប្រជាជាតិរបស់ណាពីនោះដែលទទួលយកមាគ៌ារបស់គាត់ និងអនុវត្តតាមបទបញ្ជារបស់គាត់។ បន្ទាប់មក ក្រោយពីអ្នកទាំងនោះស្លាប់ទៅ មានអ្នកស្នងតំណែងជាច្រើនដែលពួកគេនិយាយនូវអ្វីដែលខ្លួនមិនបានធ្វើ ហើយធ្វើនូវអ្វីដែលគេមិនបានបង្គាប់ប្រើ។ ហេតុនេះ បុគ្គលណាតស៊ូនឹងពួកនោះដោយដៃរបស់ខ្លួន គេគឺជាអ្នកដែលមានជំនឿ។ បុគ្គលណាតស៊ូនឹងពួកនោះដោយអណ្តាតរបស់ខ្លួន គេគឺជាអ្នកដែលមានជំនឿ។ បុគ្គលណាតស៊ូនឹងពួកនោះដោយចិត្តរបស់ខ្លួន គេគឺជាអ្នកដែលមានជំនឿ ហើយក្រៅពីនោះ គឺជាអ្នកដែលគ្មានជំនឿសូម្បីប៉ុនគ្រាប់ស្ពៃ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ បានប្រាប់ថា គ្រប់ណាពីដែលអល់ឡោះបានបញ្ជូនទៅកាន់ប្រជាជាតិមុនលោក គឺសុទ្ធតែមានអ្នកជួយគាំទ្រ តស៊ូ និងស្មោះស្ម័គ្រពីក្នុងចំណោមប្រជាជាតិរបស់ខ្លួនដែលពួកគេសក្តិសមនឹងក្លាយជាអ្នកបន្តវេនបន្ទាប់ពីណាពីនោះ។ ពួកគេទទួលយកមាគ៌ារបស់គាត់ និងអនុវត្តតាមបទបញ្ជារបស់គាត់។ ក្រោយមក បន្ទាប់ពីអ្នកជំនាន់ដំបូងដ៏ល្អទាំងនេះទៅ គឺមានមនុស្សជាច្រើនមកជំនួសដែលពួកគេគ្មានភាពល្អប្រសើរឡើយ។ ពួកគេនិយាយនូវអ្វីដែលខ្លួនមិនបានធ្វើ ហើយធ្វើនូវអ្វីដែលគេមិនបានបង្គាប់ប្រើ។ ហេតុនេះ បុគ្គលណាតស៊ូប្រឆាំងនឹងពួកទាំងនោះដោយដៃរបស់ខ្លួន គេគឺជាអ្នកដែលមានជំនឿ។ បុគ្គលណាតស៊ូប្រឆាំងនឹងពួកទាំងនោះដោយអណ្តាតរបស់ខ្លួន គេគឺជាអ្នកដែលមានជំនឿ។ បុគ្គលណាតស៊ូប្រឆាំងនឹងពួកទាំងនោះដោយចិត្តរបស់ខ្លួន គេគឺជាអ្នកដែលមានជំនឿ ហើយក្រៅពីនោះ គឺជាអ្នកដែលគ្មានជំនឿសូម្បីប៉ុនគ្រាប់ស្ពៃ។

فوائد الحديث

ជំរុញឱ្យតស៊ូប្រឆាំងនឹងអ្នកដែលធ្វើផ្ទុយនឹងច្បាប់បញ្ញត្តិសាសនាដោយពាក្យសម្ដីនិងកាយវិការ។

ការមិនបដិសេធក្នុងចិត្តចំពោះអំពើអាក្រក់ បង្ហាញពីភាពទន់ខ្សោយនៃជំនឿ ឬបាត់បង់សេចក្តីជំនឿ។

អល់ឡោះជាម្ចាស់បានសម្រួលដល់បណ្តាណាពីទាំងឡាយឲ្យមានអ្នកដែលពាំនាំសាររបស់ពួកគាត់បន្ទាប់ពីពួកគាត់ស្លាប់ទៅ។

បុគ្គលណាចង់បានសុវត្ថិភាព ចាំបាច់លើគេត្រូវដើរតាមមាគ៌ារបស់បណ្ដាណាពីទាំងឡាយ ព្រោះគ្រប់មាគ៌ាទាំងឡាយក្រៅពីមាគ៌ារបស់ពួកគាត់ គឺនាំទៅកាន់ភាពវង្វេង និងអន្តរាយ។

កាលណាពេលវេលាកាន់តែឃ្លាតឆ្ងាយពីសម័យកាលណាពី ﷺ និងសហាហ្ពាត់របស់លោក គឺមនុស្សកាន់តែបោះបង់មាគ៌ារបស់លោក ដើរតាមទំនើងចិត្ត និងឆ្នៃប្រឌិតបង្កើតអ្វីថ្មីបញ្ចូលទៅក្នុងសាសនា។

បញ្ជាក់ពីកម្រិតនៃការតស៊ូប្រឆាំង ពោលគឺត្រូវតស៊ូប្រឆាំងដោយដៃចំពោះអ្នកដែលមានលទ្ធភាពអាចកែប្រែប្រការអាក្រក់នោះបាន ដូចជាអ្នកកាន់អំណាច អ្នកគ្រប់គ្រង និងមេដឹកនាំជាដើម និងតស៊ូប្រឆាំងដោយពាក្យសម្ដីតាមរយៈការបង្ហាញការពិតនិងការអំពាវនាវទៅកាន់វា ហើយនិងតស៊ូប្រឆាំងដោយចិត្តតាមរយៈការបដិសេធអំពើអាក្រក់នោះ និងស្អប់ខ្ពើម មិនពេញចិត្តចំពោះប្រការនោះ។

ចាំបាច់ត្រូវបង្គាប់ប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់។

التصنيفات

Increase and Decrease of Faith, Categories of Jihad