“ពិតប្រាកដណាស់ អ្នកបានសួរនូវសំណួរដ៏ធំធេងមួយ តែវាពិតងាយស្រួលចំពោះអ្នកដែលអល់ឡោះទ្រង់សម្រួលឲ្យ

“ពិតប្រាកដណាស់ អ្នកបានសួរនូវសំណួរដ៏ធំធេងមួយ តែវាពិតងាយស្រួលចំពោះអ្នកដែលអល់ឡោះទ្រង់សម្រួលឲ្យ

អំពី មូអាស ពិន ជើហ្ពាល់ رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់បាននៅជាមួយណាពី ﷺ ក្នុងការធ្វើដំណើរមួយ។ ថ្ងៃមួយខ្ញុំក៏បាននៅជិតលោកពេលយើងកំពុងធ្វើដំណើរ។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំពីទង្វើមួយដែលនាំឲ្យខ្ញុំបានចូលឋានសួគ៌ និងបញ្ចៀសរូបខ្ញុំពីឋាននរកផង។ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកបានសួរនូវសំណួរដ៏ធំធេងមួយ តែវាពិតងាយស្រួលចំពោះអ្នកដែលអល់ឡោះទ្រង់សម្រួលឲ្យ គឺអ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះ និងមិនត្រូវធ្វើស្ហ៊ីរិកទៅចំពោះទ្រង់ឡើយ ហើយត្រូវប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ បួសខែរ៉ម៉ាហ្ទន និងធ្វើធម្មយាត្រាហាជ្ជីនៅពៃតុលឡោះ”។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “តើអ្នកចង់ឲ្យខ្ញុំបង្ហាញអ្នកនូវបណ្តាទ្វារនៃប្រការល្អដែរឬទេ? ការបួស គឺជារនាំង។ ការបរិច្ចាគទាន វាបំបាត់ចោលនូវបាបកម្មដូចជាទឹកពន្លត់ភ្លើង និងការប្រតិបត្ដិសឡាតនៅពេលយប់”។ បន្ទាប់មក លោកបានសូត្រ៖ “تَتَجَافَى جُنُوبُهُمْ عَنِ المَضَاجِعِ”(ខ្លួនពួកគេបានក្រោកចេញពីកន្លែងគេង) រហូតដល់ “يَعْمَلُونَ” (ចំពោះអ្វីដែលពួកគេបានសាង)។ ក្រោយមក លោកបានសួរថា៖ “តើអ្នកចង់ឲ្យខ្ញុំប្រាប់អ្នកអំពីកិច្ចការដំបូងគេ សសរទ្រូងរបស់វា និងចំណុចកំពូលរបស់វា ឬទេ”? ខ្ញុំបានឆ្លើយថា៖ ពិតមែនហើយ ឱរ៉ស៊ូលុលឡោះ។ លោកបានមានប្រសាសន៍ថា៖ “កិច្ចការដំបូងគេ គឺអ៊ីស្លាម សសរទ្រូងរបស់វា គឺសឡាត ហើយចំណុចកំពូលរបស់វា គឺការតស៊ូក្នុងផ្លូវអល់ឡោះ”។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “តើអ្នកចង់ឲ្យខ្ញុំប្រាប់អ្នកពីអ្វីដែលអាចគ្រប់គ្រងប្រការទាំងអស់នោះដែរឬទេ”? ខ្ញុំបានឆ្លើយថា៖ ពិតមែនហើយ ឱណាពីរបស់អល់ឡោះ។ ពេលនោះ លោកបានកាន់អណ្ដាតរបស់លោក ហើយបានមានប្រសាសន៍ថា៖ “ចូរអ្នកថែរក្សាវានេះ”។ ខ្ញុំបានសួរថា ឱណាពីរបស់អល់ឡោះ! តើពួកយើងត្រូវគេយកទោសពៃរ៍ចំពោះអ្វីដែលយើងនិយាយដែរមែនទេ? លោកបានឆ្លើយថា៖ “កំព្រាម្ដាយហើយអ្នក ឱមូអាស! តើគេទាញមនុស្សផ្កាប់មុខក្នុងឋាននរកមិនដោយសារតែពាក្យសំដីដែលចេញពីអណ្ដាតរបស់គេទេឬ”?

[صحيح بمجموع طرقه] [رواه الترمذي وابن ماجه وأحمد]

الشرح

អំពី មូអាស ពិន ជើហ្ពាល់ رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់បាននៅជាមួយណាពី ﷺ ក្នុងដំណើរមួយ។ ថ្ងៃមួយខ្ញុំក៏បាននៅជិតលោកពេលយើងកំពុងធ្វើដំណើរ រួចខ្ញុំក៏បានសួរលោកថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំពីទង្វើមួយដែលនាំឲ្យខ្ញុំបានចូលឋានសួគ៌ និងបញ្ចៀសរូបខ្ញុំពីឋាននរកផង។ លោកបានឆ្លើយថា៖ អ្នកបានសួរអំពីទង្វើដ៏ធំធេងដែលពិបាកសម្រាប់មនុស្សក្នុងការអនុវត្ត ប៉ុន្តែវាងាយស្រួលសម្រាប់អ្នកដែលអល់ឡោះបានធ្វើឱ្យវាងាយស្រួលសម្រាប់គេ។ ចូរបំពេញកាតព្វកិច្ចទាំងឡាយរបស់ឥស្លាម៖ ទីមួយ៖ ត្រូវគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយមិនត្រូវធ្វើស្ហ៊ីរិកទៅចំពោះទ្រង់នឹងអ្វីមួយឡើយ។ ទីពីរ៖ ប្រតិបត្តិសឡាតដែលជាកាតព្វកិច្ចទាំងប្រាំពេលក្នុងមួយថ្ងៃមួយយប់៖ ស៊ូពុស ហ្ស៊ូហូរ អាសើរ ម៉ាហ្គ្រិប និងអ៊ីស្ហា ដោយគោរពតាមលក្ខខណ្ឌ រូកុន និងប្រការវ៉ាជិបរបស់វា។ ទីបី៖ បរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច។ វាជាការគោរពសក្ការៈផ្នែកខាងហិរញ្ញវត្ថុដែលចាំបាច់ត្រូវបរិច្ចាគនៅពេលដែលទ្រព្យសម្បត្តិដល់បរិមាណកំណត់តាមច្បាប់ឥស្លាម ដោយផ្តល់ទៅឱ្យអ្នកដែលមានសិទ្ធិទទួល។ ទីបួន៖ បួសក្នុងខែរ៉ម៉ាហ្ទន។ វាជាការតមអាហារ ភេសជ្ជៈ និងអ្វីផ្សេងទៀតដែលនាំឲ្យខូចបួស ដោយភ្ជាប់ជាមួយនឹងការនៀតគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) ចាប់ពីសេតារុណរះ(ហ្វាជើរ) រហូតដល់ថ្ងៃលិច។ ទីប្រាំ៖ ធ្វើធម្មយាត្រាហាជ្ជីនៅឯពៃតុលឡោះ ដោយធ្វើដំណើរទៅកាន់ក្រុងម៉ាក្កះដើម្បីបំពេញកិច្ចធម្មយាត្រា ជាការគោរពសក្ការៈចំពោះអល់ឡោះ។ បន្ទាប់មក ណាពី ﷺ បានមានប្រសាសន៍ថា៖ តើចង់ឱ្យខ្ញុំបង្ហាញអ្នកនូវផ្លូវទៅកាន់ទ្វារនៃសេចក្តីល្អដែរឬទេ? នោះគឺការអនុវត្តប្រការស៊ូណិត(ប្រការស្ម័គ្រចិត្ត)បន្ថែមពីលើប្រការហ្វើរទូ(ប្រការដែលជាកាតព្វកិច្ច)ទាំងនោះ៖ ទីមួយ៖ បួសស៊ូណិត។ វាជារនាំងដែលរារាំងពីការធ្លាក់ក្នុងអំពើបាប ដោយកាត់បន្ថយតណ្ហា និងធ្វើឱ្យកម្លាំងចុះខ្សោយ។ ទីពីរ៖ បរិច្ចាគទានដោយស្ម័គ្រចិត្ត។ វាលុបលាងអំពើបាបដែលគេបានប្រព្រឹត្ត និងលុបបំបាត់ស្លាកស្នាមរបស់វា។ ទីបី៖ សឡាតតះជុតនៅមួយភាគបីចុងក្រោយនៃពេលយប់។ បន្ទាប់មក ណាពី ﷺ បានសូត្រអាយ៉ាត់៖ ﴿ تَتَجَافَىٰ جُنُوبُهُمْ عَنِ الْمَضَاجِعِ يَدْعُونَ رَبَّهُمْ خَوْفًا وَطَمَعًا وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ. فَلَا تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ جَزَاءً بِمَا كَانُوا يَعْمَلُونَ ﴾ [سورة السجدة(17)] (ខ្លួនពួកគេបានក្រោកចេញពីកន្លែងគេងទៅបួងសួងសុំម្ចាស់របស់ពួកគេដោយការភ័យខ្លាចនិងក្ដីសង្ឃឹម ព្រមទាំងពួកគេបានបរិច្ចាគនូវអី្វដែលយើងបានប្រទានលាភសក្ការៈដល់ពួកគេ។ គ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេ ពីភាពសប្បាយរីករាយ ជាការតបស្នងទៅនឹងអ្វីដែលពួកគេប្រព្រឹត្ដ ឡើយ)។ បន្ទាប់មក ណាពី ﷺ បានសួរថា៖ តើចង់ឱ្យខ្ញុំប្រាប់អ្នកពីមូលដ្ឋាននៃសាសនា សសរគ្រឹះរបស់វា និងចំណុចកំពូលរបស់វាដែរឬទេ? មូអាស رضي الله عنه បានតបថា៖ បាទចង់ ឱរ៉ស៊ូលុលឡោះ។ ណាពី ﷺ បានមានប្រសាសន៍ថា៖ មូលដ្ឋានគ្រឹះនៃសាសនាអ៊ីស្លាម គឺជាប្រយោគសក្ខីកម្មនៃជំនឿ(ស្ហាហាហ្ទះ)ទាំងពីរ។ តាមរយៈការពោលពាក្យទាំងពីរនេះ បុគ្គលនោះនឹងមានមូលដ្ឋានគ្រឹះនៃសាសនា។ សសរគ្រឹះរបស់វា គឺសឡាត។ ដូចនេះ អ៊ីស្លាមមិនអាចឈរឡើងដោយគ្មានសឡាតឡើយ ដូចដែលផ្ទះមិនអាចឈរឡើងដោយគ្មានសសរដូច្នោះដែរ។ ហេតុនេះ ជនណាដែលប្រតិបត្តិសឡាត សាសនារបស់គេនឹងបានរឹងមាំ និងខ្ពស់ឡើង។ ហើយចំណុចកំពូលរបស់វា គឺការតស៊ូ(ជីហាត) និងលះបង់តស៊ូក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវសាសនា ដើម្បីលើកតម្កើងពាក្យបន្ទូលរបស់អល់ឡោះ។ បន្ទាប់មក ណាពី ﷺ បានសួរថា៖ តើចង់ឲ្យខ្ញុំប្រាប់អ្នកពីរបៀបការពារនិងពង្រឹងប្រការទាំងអស់ដែលខ្ញុំបានរៀបរាប់ខាងលើដែរឬទេ? ពេលនោះ លោកបានកាន់អណ្តាតរបស់លោក ហើយមានប្រសាសន៍ថា៖ ចូរអ្នករារាំងរបស់នេះ ហើយកុំនិយាយអ្វីដែលមិនផ្តល់ប្រយោជន៍ដល់អ្នក។ មូអាសបានសួរថា៖ តើអល់ឡោះជាម្ចាស់ទ្រង់យកទោសពៃរ៍ពួកយើង ជំនុំជម្រះពួកយើង និងដាក់ទោសពួកយើងរាល់អ្វីដែលពួកយើងនិយាយឬ? ណាពី ﷺ បានឆ្លើយថា៖ កំព្រាម្តាយហើយអ្នក! ពាក្យនេះមិនមែនមានន័យថា បួងសួងសុំឲ្យគាត់ ទទួលនូវរងនូវប្រការអាក្រក់នោះឡើយ។ ប៉ុន្តែវាជាពាក្យដែលពួកអារ៉ាប់ប្រើដើម្បីទាញចំណាប់អារម្មណ៍ចំពោះអ្វីមួយដែលគួរតែយកចិត្តទុកដាក់ និងបានដឹង។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ តើគេបោះមនុស្សដោយផ្កាប់មុខទៅក្នុងឋាននរកមិនដោយសារតែពាក្យសំដីដែលចេញពីអណ្ដាតរបស់គេ ដូចជាភាពគ្មានជំនឿ ការចោទប្រកាន់ ការជេរប្រមាថ ការនិយាយដើម ការញុះញង់ ការប្រឌិតរឿងមិនពិត និងអ្វីដែលស្រដៀងគ្នានេះទេឬ?

فوائد الحديث

ការយកចិត្តទុកដាក់របស់សហាហ្ពាត់ رضي الله عنهم ចំពោះចំណេះដឹង។ ហេតុនេះហើយទើបពួកគេតែងសួរសំណួរទៅកាន់ណាពី ﷺ ។

បង្ហាញពីការយល់ដឹងរបស់សហាហ្ពាត់ رضي الله عنهم ព្រោះពួកគេដឹងថា ទង្វើកុសលទាំងឡាយ គឺជាមូលហេតុដែលនាំឲ្យបានចូលឋានសួគ៌។

សំណួររបស់មូអាស رضي الله عنه គឺជាសំណួរដ៏ធំធេង ព្រោះវាគឺជាគោលបំណងពិតនៃជីវិតនិងការរស់នៅ។ មនុស្សនិងជិននៅលើលោកនេះ នឹងត្រូវទៅឋានសួគ៌ឬឋាននរក។ ហេតុនេះហើយទើបសំណួរនេះ ជាសំណួរដ៏ធំធេង។

ការចូលឋានសួគ៌គឺផ្អែកលើការបំពេញនូវគោលគ្រឹះទាំង៥នៃសាសនាអ៊ីស្លាម ដែលរួមមាន៖ ការពោលពាក្យសក្ខីកម្មនៃជំនឿ(ស្ហាហាហ្ទះ)ទាំងពីរ ការសឡាត ការបរិច្ចាគទានហ្សាកាត់ ការបួស និងការធ្វើហាជ្ជី។

កិច្ចការកំពូលនៃសាសនា និងជាកាតព្វកិច្ចដែលសំខាន់ជាងគេបំផុត គឺការមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់តាមរយៈការគោរពសក្ការៈចំពោះទ្រង់តែមួយដោយគ្មានដៃគូរួមជាមួយទ្រង់ឡើយ។

បង្ហាញពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ដោយទ្រង់បានបើកទ្វារនៃអំពើល្អជាច្រើនឲ្យពួកគេដើម្បីឲ្យពួកគេមានមូលហេតុនៃការទទួលបានផលបុណ្យនិងការលើកលែងទោសចំពោះបាបកម្មកាន់តែច្រើន។

ឧត្តមភាពនៃការអនុវត្តប្រការស៊ូណិតបន្ថែមពីលើកាតព្វកិច្ច(ហ្វើរទូ)ដែលចាំបាច់។

ការសឡាតប្រៀបដូចជាសសរគ្រឹះនៃខ្ទម។ ប្រសិនបើគ្មានសឡាតទេ អ៊ីស្លាមនឹងដួលរលំ ប្រៀបដូចជាខ្ទមនឹងដួលរលំបើសិនគ្មានសសរដូច្នោះដែរ។

ចាំបាច់ត្រូវថែរក្សាអណ្តាតពីអ្វីដែលប៉ះពាល់ដល់មនុស្សចំពោះសាសនារបស់ខ្លួន។

ការគ្រប់គ្រងអណ្តាត គឺជាប្រភពនៃប្រការល្អទាំងអស់។

التصنيفات

Islam