“(នៅថ្ងៃបរលោក)គេនាំយកសេចក្តីស្លាប់មកដែលវាមានរូបរាងប្រៀបដូចជាសត្វចៀមដែលមានពណ៌សលាយខ្មៅ

“(នៅថ្ងៃបរលោក)គេនាំយកសេចក្តីស្លាប់មកដែលវាមានរូបរាងប្រៀបដូចជាសត្វចៀមដែលមានពណ៌សលាយខ្មៅ

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “(នៅថ្ងៃបរលោក)គេនាំយកសេចក្តីស្លាប់មកដែលវាមានរូបរាងប្រៀបដូចជាសត្វចៀមដែលមានពណ៌សលាយខ្មៅ។ នៅពេលនោះ មានគេប្រកាសថា៖ ឱអ្នកឋានសួគ៌។ ពេលនោះ អ្នកឋានសួគ៌ក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ក្រោយមក មានគេប្រកាសទៀតថា៖ ឱអ្នកឋាននរក។ ពេលនោះ អ្នកឋាននរកក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ពេលនោះ សេចក្តីស្លាប់ក៏ត្រូវបានគេសំឡេះ។ ក្រោយមក គេក៏ប្រកាសទៀតថា៖ ឱអ្នកឋានសួគ៌! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ ឱអ្នកឋាននរក! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ បន្ទាប់ រ៉ស៊ូលុលឡោះបានសូត្រថា៖ “ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេនូវថ្ងៃសោកស្ដាយ(ថ្ងៃបរលោក) នៅពេលដែលការកាត់ក្ដីត្រូវបានគេសមេ្រច ខណៈដែលពួកគេស្ថិតក្នុងភាពព្រងើយកន្ដើយ”។ (ម៉ារយ៉ាំ៖៣៩)។ ពួកដែលស្ថិតក្នុងភាពព្រងើយកន្តើយទាំងនោះ គឺពួកដែលរស់នៅដើម្បីតែលោកិយ។ “ហើយពួកគេគ្មានជំនឿឡើយ”។ (ម៉ារយ៉ាំ៖៣៩)។

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា នៅថ្ងៃបរលោក គេនឹងនាំយកសេចក្តីស្លាប់មកដែលវាមានរូបរាងប្រៀបដូចជាសត្វចៀមឈ្មោលដែលមានពណ៌សលាយខ្មៅ។ នៅពេលនោះ មានគេប្រកាសថា៖ ឱអ្នកឋានសួគ៌។ ពេលនោះ អ្នកឋានសួគ៌ក៏បានងាកខ្លួន ហើយងើយក្បាលសម្លឹងមើល។ អ្នកប្រកាសបានសួរទៅកាន់ពួកគេថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា និងស្គាល់វា។ ក្រោយមក អ្នកប្រកាសបានប្រកាសទៀតថា៖ ឱអ្នកឋាននរក។ ពេលនោះ អ្នកឋាននរកក៏បានងាកខ្លួន ហើយងើយក្បាលសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ពេលនោះ គេក៏បានសំឡេះសេចក្តីស្លាប់នោះចោល។ ក្រោយមក អ្នកប្រកាសក៏ប្រកាសទៀតថា៖ ឱអ្នកឋានសួគ៌! ពួកអ្នករស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ ឱអ្នកឋាននរក! ពួកអ្នករស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ នោះគឺដើម្បីជាការបន្ថែមដល់អ្នកមានជំនឿនូវបរមសុខ ហើយជាការបន្ថែមដល់ពួកគ្មានជំនឿនូវទណ្ឌកម្ម។ បន្ទាប់ ណាពី ﷺ ក៏បានសូត្រនូវអាយ៉ាត់៖ ﴿وَأَنْذِرْهُمْ يَوْمَ الْحَسْرَةِ إِذْ قُضِيَ الْأَمْرُ وَهُمْ فِي غَفْلَةٍ وَهُمْ لَا يُؤْمِنُونَ﴾ [سورة مريم(39)] “ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេនូវថ្ងៃសោកស្ដាយ(ថ្ងៃបរលោក) នៅពេលដែលការកាត់ក្ដីត្រូវបានគេសមេ្រច ខណៈដែលពួកគេស្ថិតក្នុងភាពព្រងើយកន្ដើយ ហើយពួកគេគ្មានជំនឿឡើយ”។ ពិតណាស់ នៅថ្ងៃបរលោក គេនឹងកាត់សេចក្តីរវាងអ្នកឋានសួគ៌ និងអ្នកឋាននរក ហើយក្រុមនីមួយៗនឹងចូលទៅកាន់កន្លែងរបស់ខ្លួនរៀងៗខ្លួន(ឋានសួគ៌ឬឋាននរក)ដោយស្ថិតនៅក្នុងនោះជាអមតៈ។ ពេលនោះឯងដែលអ្នកធ្វើអាក្រក់មានការសោកស្តាយ និងមានវិប្បដិសារី ដោយសារតែរូបគេមិនបានធ្វើល្អ ហើយអ្នកដែលមានការធ្វេសប្រហែសក៏មានការសោកស្តាយផងដែរត្បិតខ្លួនគេមិនបានសាងអំពើល្អឲ្យបានច្រើន។

فوائد الحديث

កន្លែងវិលត្រឡប់របស់មនុស្សនាថ្ងៃបរលោក គឺការស្ថិតនៅជាអមតៈនៅក្នុងឋានសួគ៌ ឬឋាននរក។

ព្រមានយ៉ាងធ្ងន់ធ្ងរពីភាពរន្ធត់នៃថ្ងៃបរលោក ហើយវាជាថ្ងៃសោកស្តាយ និងមានវិប្បដិសារី។

បញ្ជាក់ពីភាពរីករាយជានិរន្តន៍របស់អ្នកឋានសួគ៌ និងទុក្ខព្រួយជានិរន្តន៍របស់អ្នកឋាននរក។