“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់

“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់

អំពី ស្ហាត់ហ្ទាត ពិន អោស رضي الله عنه បាននិយាយថា៖ ពីរប្រការដែលខ្ញុំចងចាំពីរ៉ស៊ូលុលឡោះ ﷺ ដែលបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់។ ហេតុនេះ នៅពេលពួកអ្នកសម្លាប់ ចូរពួកអ្នកសម្លាប់ដោយល្អប្រសើរ។ ហើយនៅពេលពួកអ្នកសំឡេះសត្វ(ដើម្បីទទួលទាន) ចូរពួកអ្នកសំឡេះដោយល្អប្រសើរ។ ហើយចូរឲ្យម្នាក់ៗនៃពួកអ្នកសំលៀងកាំបិតឲ្យមុត ហើយចូរឲ្យគេធ្វើយ៉ាងណាឲ្យសត្វនោះស្លាប់ដោយងាយស្រួលបំផុត”។

الشرح

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់ ហើយការធ្វើល្អ គឺសំដៅលើការដឹងពីឃ្លាំមើលរបស់អល់ឡោះជាម្ចាស់ជាប្រចាំទាំងក្នុងពេលគោរពសក្ការៈ ក្នុងពេលធ្វើទង្វើសប្បុរស និងការពារប្រការគ្រោះថ្នាក់ពីសត្វលោកទាំងឡាយ ហើយក្នុងចំណោមនោះ គឺការធ្វើល្អក្នុងការសម្លាប់ និងការសំឡេះសត្វ។ ការធ្វើល្អក្នុងការសម្លាប់នៅពេលអនុវត្តច្បាប់ជីវិតសងដោយជីវិត(គីសស្ស)៖ ដោយត្រូវជ្រើសរើសវិធីសាស្ត្រដែលងាយស្រួលនិងធូរស្រាល ហើយជាវិធីដែលធ្វើឲ្យគេស្លាប់លឿនបំផុត។ ការធ្វើល្អនៅពេលសំឡេះសត្វ(យកមកទទួលទាន)៖ ដោយត្រូវមានភាពទន់ភ្លន់ចំពោះសត្វទាំងនោះតាមរយៈការជ្រើសរើសឧបករណ៍សំឡេះដែលមុត មិនត្រូវសំលៀងកាំបិតឬឧបករណ៍សំឡេះនៅនឹងមុខសត្វដែលត្រូវសំឡេះនោះទាំងដែលវាកំពុងតែសម្លឹងមើល និងមិនត្រូវសំឡេះសត្វនៅពីមុខសត្វផ្សេងទៀតដែលត្រូវសំឡេះដែរនោះឡើយ។

فوائد الحديث

ក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ និងភាពទន់ភ្លន់របស់ទ្រង់ចំពោះសត្វលោកទាំងឡាយ។

ការធ្វើល្អនៅក្នុងការសម្លាប់ និងការសំឡេះ គឺត្រូវអនុលោមទៅតាមច្បាប់បញ្ញត្តិឥស្លាម។

ភាពពេញលេញ និងការគ្របដណ្តប់នៃច្បាប់បញ្ញត្តិឥស្លាមទៅលើរាល់ប្រការល្អទាំងឡាយដែលក្នុងចំណោមនោះ គឺក្តីមេត្តា និងភាពទន់ភ្លន់ចំពោះសត្វ។

ហាមឃាត់ពីការបំបែកសាកសពមនុស្សក្រោយពេលសម្លាប់ហើយ។

ហាមឃាត់រាល់ប្រការទាំងឡាយដែលជាការធ្វើទារុណកម្មលើសត្វ។