នែកេ្មងប្រុស! ពិតណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ…

នែកេ្មងប្រុស! ពិតណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកសុំពីអល់ឡោះ។ ហើយកាលណាអ្នកចង់សុំជំនួយ ចូរអ្នកសុំជំនួយពីអល់ឡោះ

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ ថ្ងៃមួយ ខ្ញុំបាននៅពីក្រោយរ៉ស៊ូលុលឡោះ ﷺ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “នែកេ្មងប្រុស! ពិតណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកសុំពីអល់ឡោះ។ ហើយកាលណាអ្នកចង់សុំជំនួយ ចូរអ្នកសុំជំនួយពីអល់ឡោះ។ ចូរអ្នកដឹងថា មនុស្សលោកទាំងអស់ ប្រសិនបើពួកគេរួបរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍អ្វីមួយដល់អ្នក ពួកគេនឹងមិនអាចផ្តល់ផលប្រយោជន៍នោះដល់អ្នកបានឡើយ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាសម្រាប់អ្នករួចប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេរួបរួមគ្នាបង្កគ្រោះថ្នាក់(ធ្វើបាប)អ្នកលើបញ្ហាអ្វីមួយ ពួកគេក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកបាននោះដែរ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាចំពោះអ្នករួចប៉ុណ្ណោះ។ គេបានលើកស្លាបប៉ាកកា ហើយក្រដាសទាំងឡាយក៏បានស្ងួតអស់ដែរ(ការកត់ត្រារួចរាល់ហើយ)”។

الشرح

អ៊ិពនូអាប់ហ្ពាស رضي الله عنهما បានប្រាប់ថា កាលគាត់នៅតូច គាត់ធ្លាប់ជិះសត្វជាមួយណាពី ﷺ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍មកកាន់គាត់ថា៖ ពិតប្រាកដណាស់ ខ្ញុំនឹងបង្រៀនអ្នកនូវកិច្ចការ និងបញ្ហាមួយចំនួនដែលនឹងផ្តល់ផលប្រយោជន៍ដល់អ្នក៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ៖ តាមរយៈការថែរក្សា(អនុវត្ត)នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ដោយត្រូវឲ្យទ្រង់ឃើញអ្នកស្ថិតនៅលើការគោរពប្រតិបត្តិ និងការបញ្ជិតខ្លួនទៅកាន់ទ្រង់ជានិច្ច ហើយមិនត្រូវឲ្យទ្រង់ឃើញអ្នកស្ថិតក្នុងអំពើល្មើស និងបាបកម្មឡើយ។ ប្រសិនបើអ្នកធ្វើដូច្នោះ ការតបស្នងដែលអ្នកទទួលបាន គឺអល់ឡោះជាម្ចាស់នឹងថែរក្សាអ្នកពីប្រការអាក្រក់ទាំងឡាយទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយទ្រង់នឹងជួយដល់អ្នកលើគ្រប់កិច្ចការរបស់អ្នក គ្រប់ទីកន្លែងដែលអ្នកទៅ។ បើកាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកកុំសុំពីនរណាក្រៅពីអល់ឡោះ ព្រោះមានតែទ្រង់មួយគត់ដែលជាអ្នកឆ្លើយតបចំពោះអ្នកដែលស្នើសុំទាំងឡាយ។ ហើយបើកាលណាអ្នកចង់សុំជំនួយអ្វីមួយ ចូរអ្នកកុំសុំជំនួយពីនរណាក្រៅពីអល់ឡោះឡើយ។ ហើយអ្នកត្រូវមានការជឿជាក់ប្រាកដក្នុងចិត្តថា គ្មានផលប្រយោជន៍(ប្រការលល្អ)អ្វីមួយកើតឡើងចំពោះអ្នកជាដាច់ខាត បើទោះជាអ្នកនៅលើផែនដីទាំងអស់ប្រមូលផ្តុំគ្នា និងរួបរួមគ្នាផ្តល់ផលប្រយោជន៍នោះដល់អ្នកក៏ដោយ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាសម្រាប់អ្នករួចប៉ុណ្ណោះ។ ហើយក៏គ្មានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះអ្នកជាដាច់ខាត បើទោះជាអ្នកនៅលើផែនដីទាំងអស់ប្រមូលផ្តុំគ្នានិងរួបរួមគ្នាបង្កគ្រោះថ្នាក់ដល់អ្នក(ធ្វើបាបអ្នក)ក៏ដោយ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាចំពោះអ្នករួចប៉ុណ្ណោះ។ ពិតប្រាកដណាស់ កិច្ចការនេះអល់ឡោះជាម្ចាស់ពិតជាបានកត់ត្រាវា និងបានកំណត់វាស្របទៅតាមគតិបណ្ឌិត និងចំណេះដឹងរបស់ទ្រង់ ហើយគ្មានការផ្លាស់ប្តូរឡើយចំពោះអ្វីដែលអល់ឡោះបានកត់ត្រា។

فوائد الحديث

សារៈសំខាន់នៃការបង្រៀនកុមារតូចៗ និងក្មេងៗពីកិច្ចកាសាសនា ដូចជាជំនឿចំពោះអល់ឡោះតែមួយ(តាវហេទ) សុជីវធម៌ និងប្រការផ្សងៗទៀត។

ការតបស្នង គឺទៅតាមប្រភេទនៃទង្វើ។

បង្គាប់ប្រើឲ្យពឹងផ្អែកលើអល់ឡោះជាម្ចាស់ និងប្រគល់ការទុកចិត្តលើទ្រង់តែមួយគត់។ ហើយទ្រង់ជាអ្នកគាំពារដ៏ប្រសើរបំផុត។

ជំនឿចំពោះការកំណត់ព្រេងវាសនា(កទ៏ កទើរ) ហើយពេញចិត្តចំពោះការកំណត់នោះ និងមានជំនឿថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានកំណត់ព្រេងវាសនានូវរាល់អ្វីៗទាំងអស់។

ជនណាដែលព្រងើយកន្តើយចំពោះបទបញ្ជារបស់អល់ឡោះ នោះទ្រង់នឹងព្រងើយកន្តើយចំពោះគេវិញ និងមិនថែរក្សាគេឡើយ។