ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ដរាបណាអ្នកនៅបួងសួងមកកាន់យើង និងរំពឹងមកចំពោះយើង…

ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ដរាបណាអ្នកនៅបួងសួងមកកាន់យើង និងរំពឹងមកចំពោះយើង យើងនឹងអភ័យសឲ្យអ្នកចំពោះបាបកម្មរបស់អ្នក ហើយយើងមិនយកចិត្ដទុកដាក់ឡើយ។ កូនចៅអាហ្ទាំ! ប្រសិនបើបាបកម្មរបស់អ្នកច្រើនពេញមេឃ បន្ទាប់មក អ្នកសុំការអភ័យទោសពីយើង យើងនឹងអភ័យទោសឲ្យអ្នក ហើយយើងមិនយកចិត្ដទុកដាក់(ចំពោះវាឡើយ)។

អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ដរាបណាអ្នកនៅបួងសួងមកកាន់យើង និងរំពឹងមកចំពោះយើង យើងនឹងអភ័យសឲ្យអ្នកចំពោះបាបកម្មរបស់អ្នក ហើយយើងមិនយកចិត្ដទុកដាក់ឡើយ។ កូនចៅអាហ្ទាំ! ប្រសិនបើបាបកម្មរបស់អ្នកច្រើនពេញមេឃ បន្ទាប់មក អ្នកសុំការអភ័យទោសពីយើង យើងនឹងអភ័យទោសឲ្យអ្នក ហើយយើងមិនយកចិត្ដទុកដាក់(ចំពោះវាឡើយ)។ ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ប្រសិនបើអ្នកមកជួបយើងដោយមានបាបកម្មស្ទើរពេញផែនដី បន្ទាប់មក អ្នកមកជួបនឹងយើងដោយមិនបានធ្វើស្ហ៊ីរិកអ្វីមួយមកចំពោះយើងទេនោះ យើងនឹងផ្ដល់ការអភ័យទោសស្ទើរពេញផែនដីឱ្យអ្នកវិញដូចគ្នា”។

[حسن] [رواه الترمذي]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលក្នុងហាទីស្ហគុតស៊ីយ៍មួយថា៖ ឱកូនចៅអាហ្ទាំ! ដរាបណាអ្នកនៅតែបន្តបួងសួងមកកាន់យើង ហើយសង្ឃឹមចំពោះក្តីមេត្តាករុណារបស់យើងដោយមិនអស់សង្ឃឹមទេនោះ យើងនឹងបិទបាំងបាបកម្មរបស់អ្នក និងលុបលាងវាដោយមិនខ្វល់ចំពោះវាឡើយ ទោះជាបាបកម្មនោះ និងអំពើល្មើសនោះធំប៉ុណ្ណាក៏ដោយ។ ឱកូនចៅអាហ្ទាំ! បើទោះបីជាបាបកម្មរបស់អ្នកច្រើនលើសលប់ពេញចន្លោះមេឃនិងផែនដី គ្របដណ្តប់គ្រប់ទិសទីក៏ដោយ ប្រសិនបើអ្នកសុំការអភ័យទោសពីយើង នោះយើងនឹងលុបលាងបាបកម្មនោះ និងអភ័យទោសឱ្យអ្នកទាំងអស់ ដោយមិនខ្វល់ថា បាបកម្មនោះច្រើនប៉ុណ្ណានោះឡើយ។ ឱកូនចៅអាហ្ទាំ! ប្រសិនបើអ្នកមកជួបយើងក្រោយពេលស្លាប់ជាមួយនឹងបាបកម្ម និងអំពើល្មើសច្រើនលើសលប់ពេញផែនដី តែអ្នកបានស្លាប់ក្នុងនាមជាអ្នកដែលមានជំនឿលើយើងតែមួយ(តាវហេទ) ដោយអ្នកមិនបានធ្វើស្ហ៊ីរិកចំពោះយើងនឹងអ្វីមួយទេនោះ យើងនឹងទូទាត់ចំពោះបាបកម្មទាំងនោះវិញដោយការអភ័យទោសពេញផែនដីដូចគ្នា ពីព្រោះយើងជាអ្នកដែលមានការអភ័យទោសដ៏ទូលំទូលាយបំផុត ហើយយើងនឹងអភ័យទោសឲ្យចំពោះបាបកម្មទាំងអស់ លើកលែងតែអំពើស្ហ៊ីរិកប៉ុណ្ណោះ។

فوائد الحديث

បញ្ជាក់ពីភាពទូលំទូលាយនៃក្តីមេត្តាករុណា ការអភ័យទោស និងក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់។

បញ្ជាក់ពីឧត្តមភាពនៃជំនឿលើអល់ឡោះតែមួយគត់(តាវហេទ) ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់អភ័យទោសដល់អ្នកដែលមានជំនឿលើទ្រង់តែមួយចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ។

បញ្ជាក់ពីគ្រោះថ្នាក់នៃអំពើស្ហ៊ីរិក ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសដល់អ្នកដែលធ្វើស្ហ៊ីរិកឡើយ។

អ៊ិពនូរ៉ហ្ជប់ បាននិយាយថា៖ ហាទីស្ហនេះផ្ទុកទៅដោយមូលហេតុបីដែលនាំឱ្យទទួលបាននូវការអភ័យទោស៖ ទីមួយ. បួងសួងដោយក្តីសង្ឃឹម។ ទីពីរ. សុំការអភ័យទោស និងសារភាពកំហុស(តាវហ្ពាត់)។ និងទីបី. ស្លាប់លើជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់(តាវហេទ)។

ហាទីស្ហនេះ ស្ថិតក្នុងចំណោមហាទីស្ហដែលណាពី ﷺ លោករាយការណ៍ពីម្ចាស់របស់លោក ដែលគេឲ្យឈ្មោះថា ហាទីស្ហគុតស៊ីយ៍ ឬ ហាទីស្ហអ៊ីឡើហ៊ីយ៍។ វាជាហាទីស្ហដែលពាក្យពេចន៍ និងអត្ថន័យរបស់វា គឺមកពីអល់ឡោះជាម្ចាស់ គ្រាន់តែវាពុំមានលក្ខណៈពិសេសណាមួយដូចគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់ផ្តល់ដល់វាលើសពីពាក្យពេចន៍ដទៃនោះឡើយ ដូចជាការសូត្រវាទទួលបាននូវផលបុណ្យ ការជម្រះសម្អាតមុនប៉ះពាល់វា ភាពអច្ឆរិយៈ និងលក្ខណៈពិសេសផ្សេងៗទៀត។

បាបកម្មមានបីប្រភេទ៖ ទីមួយ. ការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ហើយបាបកម្មនេះ អល់ឡោះមិនអភ័យទោសចំពោះវាឡើយ។ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “إنه من يشرك بالله فقد حرم الله عليه الجنة” (ពិតប្រាកដណាស់ ជនណាដែលធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ទ្រង់បានហាមឃាត់ឋានសួគ៌ចំពោះរូបគេ)។ ទីពីរ. ការបំពានរបស់ខ្ញុំបម្រើអល់ឡោះលើខ្លួនឯងចំពោះអ្វីដែលពាក់ព័ន្ធរវាងរូបគេនិងអល់ឡោះជាម្ចាស់នៃបាបកម្ម និងអំពើល្មើសផ្សេងៗ។ បាបកម្មប្រភេទនេះ អល់ឡោះជាម្ចាស់នឹងអភ័យទោស និងលើកលែងទោសដល់រូបគេ ប្រសិនបើទ្រង់មានចេតនា។ ទីបី. បាបកម្មដែលអល់ឡោះជាម្ចាស់មិនបោះបង់ចោលអ្វីមួយអំពីវានោះឡើយ នោះគឺការបំពានចំពោះគ្នាទៅវិញទៅមករវាងមនុស្សលោក។ បាបកម្មប្រភេទនេះ ចាំបាច់ត្រូវទូទាត់គ្នា។

التصنيفات

Oneness of Allah's Names and Attributes, Repentance