إعدادات العرض
“ចូរពួកអ្នកកុំសួរដេញដោលខ្ញុំចំពោះអ្វីដែលខ្ញុំមិនបានបញ្ជាក់ប្រាប់ដល់ពួកអ្នក។ តាមពិត…
“ចូរពួកអ្នកកុំសួរដេញដោលខ្ញុំចំពោះអ្វីដែលខ្ញុំមិនបានបញ្ជាក់ប្រាប់ដល់ពួកអ្នក។ តាមពិត អ្នកជំនាន់មុនពួកអ្នកបានវិនាសអន្តរាយ ដោយសារតែការសួរដេញដោលរបស់ពួកគេ(ចំពោះអ្វីដែលគ្មានប្រយោជន៍) ហើយនិងការដែលពួកគេធ្វើខុសនឹងបទបញ្ជាណាពីទាំងឡាយរបស់ពួកគេ។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំសួរដេញដោលខ្ញុំចំពោះអ្វីដែលខ្ញុំមិនបានបញ្ជាក់ប្រាប់ដល់ពួកអ្នក។ តាមពិត អ្នកជំនាន់មុនពួកអ្នកបានវិនាសអន្តរាយ ដោយសារតែការសួរដេញដោលរបស់ពួកគេ(ចំពោះអ្វីដែលគ្មានប្រយោជន៍) ហើយនិងការដែលពួកគេធ្វើខុសនឹងបទបញ្ជាណាពីទាំងឡាយរបស់ពួកគេ។ ហេតុនេះ នៅពេលដែលខ្ញុំហាមឃាត់ពួកអ្នកពីប្រការអ្វីមួយ ចូរពួកអ្នកចៀសវាងអំពីវា។ ហើយនៅពេលដែលខ្ញុំបង្គាប់ប្រើពួកអ្នកនូវបទបញ្ជាណាមួយ ចូរពួកអ្នកធ្វើវាទៅតាមលទ្ធភាពរបស់ពួកអ្នក”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча Kiswahili ગુજરાતી नेपाली Română മലയാളം Nederlands తెలుగు پښتو Soomaali Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof አማርኛ Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ O‘zbek தமிழ்الشرح
ណាពី ﷺ បានលើកឡើងថា ច្បាប់បញ្ញត្តិឥស្លាមមានបីប្រភេទ៖ អ្វីដែលច្បាប់មិនបានបញ្ជាក់ បម្រាម និងបទបញ្ជា។ ទី១៖ អ្វីដែលច្បាប់ឥស្លាមមិនបានបញ្ជាក់ដោយគ្មានច្បាប់ចែងចំពោះវា(មិនហាមឃាត់ ហើយក៏មិនបង្គាប់បញ្ជា) ជាគោលការណ៍ គឺអ្វីមួយនោះមិនមែនជាកាតព្វកិច្ចឡើយ។ នៅក្នុងសម័យកាលណាពី ﷺ គេមិនត្រូវសួរដេញដោលអំពីប្រការដែលមិនមានការបញ្ជាក់នេះឡើយ ខ្លាចក្រែងគេនឹងដាក់ប្រការនោះជាកាតព្វកិច្ច ឬដាក់បម្រាមចំពោះប្រការនោះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនបានបញ្ជាក់អំពីវា គឺជាក្តីមេត្តាករុណាចំពោះខ្ញុំបម្រើរបស់ទ្រង់។ រីឯក្រោយការទទួលមរណភាពរបស់ណាពី ﷺ ប្រសិនបើការសួរនោះ គឺដើម្បីដឹងអំពីច្បាប់របស់វា ឬដើម្បីសិក្សាពីអ្វីដែលគេត្រូវការក្នុងកិច្ចការសាសនា វាត្រូវបានគេអនុញ្ញាត។ មិនតែប៉ុណ្ណោះ វាត្រូវបានគេបង្គាប់ប្រើថែមទៀត។ តែប្រសិនបើការសួរនោះ គឺដើម្បីបង្កការលំបាកនិងដាក់បន្ទុក គឺត្រូវបោះបង់ការសួរនាំពីប្រការនោះ ដូចដែលបានបញ្ជាក់ក្នុងហាទីស្ហនេះ។ នេះគឺដោយសារវាអាចនាំទៅរកដូចអ្វីដែលបានកើតឡើងចំពោះអម្បូរអ៊ីស្រាអែលនៅពេលដែលពួកគេត្រូវបានគេបញ្ជាឱ្យសំឡេះគោញីមួយក្បាល។ ប្រសិនបើពួកគេសំឡេះគោញីណាមួយនោះ ពួកគេប្រាកដជារួចខ្លួន។ ប៉ុន្តែពួកគេបានធ្វើឱ្យរឿងនោះកាន់តែពិបាក។ ដូច្នេះ គេក៏ធ្វើឲ្យវាកាន់តែពិបាកសម្រាប់ពួកគេ។ ទី២៖ បម្រាម ឬប្រការដែលគេហាមឃាត់៖ ចំពោះប្រការនេះ ដែលអ្នកលះបង់វានឹងទទួលបានផលបុណ្យ ហើយអ្នកដែលប្រព្រឹត្តវានឹងទទួលបាបកម្ម។ ដូចនេះ ចាំបាច់យើងត្រូវតែចៀសវាងពីប្រការនេះទាំងអស់។ ទី៣៖ បទបញ្ជា ឬប្រការដែលគេបង្គាប់ប្រើ៖ ចំពោះប្រការនេះ អ្នកដែលអនុវត្តវានឹងទទួលបានផលបុណ្យ ហើយអ្នកដែលបោះបង់វានឹងទទួលបាបកម្ម។ ដូចនេះ ចាំបាច់លើយើងត្រូវអនុវត្តវាតាមលទ្ធភាព។فوائد الحديث
គប្បីរវល់ជាមួយនឹងរឿងសំខាន់បំផុតដែលត្រូវការ ហើយបោះបង់នូវអ្វីដែលខ្លួនមិនត្រូវការភ្លាមៗ និងមិនត្រូវរវល់នឹងការសួរអំពីអ្វីដែលមិនទាន់កើតឡើងនោះទេ។
ហាមឃាត់ការសួរសំណួរណាដែលអាចនាំទៅរកភាពស្មុគស្មាញនៃបញ្ហា និងបើកទ្វារនៃការសង្ស័យដែលនាំទៅរកការខ្វែងគំនិតគ្នាច្រើន។
បង្គាប់ប្រើឱ្យបោះបង់រាល់ប្រការដែលគេហាមឃាត់ទាំងអស់ ពីព្រោះគ្មានការលំបាកឡើយក្នុងការបោះបង់វា។ ហេតុនេះហើយទើបការហាមឃាត់ពីប្រការនេះ គឺទូទៅ។
បង្គាប់ប្រើឱ្យអនុវត្តនូវបទបញ្ជាដែលគេបង្គាប់ប្រើទៅតាមលទ្ធភាព ព្រោះជួនកាលប្រការនោះអាចមានការលំបាក ឬគេមិនអាចធ្វើវាបាន។ ហេតុនេះហើយទើបការបង្គាប់ប្រើនេះ គឺអាស្រ័យទៅតាមលទ្ធភាពដែលគេមាន។
ហាមឃាត់ការសួរដេញដោលច្រើន។ អ្នកប្រាជ្ញអ៊ីស្លាមបានបែងចែកការសួរជាពីរប្រភេទ៖ ទីមួយ គឺសួរក្នុងន័យរៀនសូត្រ ចង់ដឹងអំពីអ្វីដែលគេត្រូវការក្នុងកិច្ចការសាសនា។ ការសួរបែបនេះត្រូវបានគេបង្គាប់ប្រើ ហើយនេះហើយជាការសួររបស់សហាហ្ពាត់។ ទីពីរ គឺសួរក្នុងន័យបង្កការលំបាកនិងដាក់បន្ទុក។ ការសួរបែបនេះ ត្រូវបានគេហាមឃាត់។
ព្រមានប្រជាជាតិនេះពីការប្រឆាំងនឹងណាពីរបស់ខ្លួន ដូចដែលបានកើតឡើងចំពោះប្រជាជាតិមុនៗ។
ការសួរនាំច្រើនអំពីអ្វីដែលមិនចាំបាច់ និងការធ្វើផ្ទុយទៅនឹងបទបញ្ជាណាពីទាំងឡាយ គឺជាមូលហេតុមួយដែលនាំឲ្យវិនាសអន្តរាយ ជាពិសេសក្នុងរឿងដែលមិនអាចដឹងបាន ដូចជាប្រការអាថ៌កំបាំងនានាដែលមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលដឹង និងស្ថានភាពនៃថ្ងៃបរលោកជាដើម។
ហាមឃាត់ការសួរអំពីបញ្ហាពិបាកស្មុគស្មាញ។ អាល់អាវហ្សាអ៊ី បាននិយាយថា៖ ជាការពិតណាស់ នៅពេលដែលអល់ឡោះជាម្ចាស់ចង់ហាមឃាត់ពរជ័យនៃចំណេះដឹងពីខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់ ទ្រង់ធ្វើឱ្យនិយាយភាន់នៅលើអណ្តាតរបស់គេ។ ជាការពិតណាស់ ខ្ញុំបានឃើញពួកគេជាអ្នកដែលមានចំណេះដឹងតិចបំផុត។ ហើយ អ៊ិពនូវ៉ាហាប់ បាននិយាយថា៖ ខ្ញុំបានឮម៉ាលិកនិយាយថា៖ ការជជែកដេញដោលចំពោះចំណេះដឹងនឹងដកយកពន្លឺនៃចំណេះដឹងចេញពីដួងចិត្តរបស់មនុស្ស។